ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai i20 N ២០២២ ចេញលក់លើទីផ្សារអូស្តា្រលី តម្លៃខ្ទង់ជាង ២ម៉ឺនដុល្លារ

រថយន្ត Hyundai i20 N ស៊េរីឆ្នាំ ២០២២ បានឈានជើងជើងចូលទៅកាន់ទីផ្សារប្រទេសអូស្តា្រលីជាផ្លូវការ ជាមួយតម្លៃចាប់ពី ២៣ ៩០២ដុល្លារ។

ជាមួយតម្លៃចាប់ពីផ្តើមពី ២៣ ៩០២ដុល្លារឡើងទៅ សម្រាប់ម៉ូឌែលឆ្នាំ២០២២នេះ ផ្តល់នូវជម្រើសពណ៌តួរខ្លួនចំនួន ៥ពណ៌គឺ Polar White, Sleek Silver, Performance Blue, Gragon Red និង Phantom Black។

ដូចគ្នានឹងទីផ្សារប្រទេសផ្សេងៗដែរ រថយន្ត Hyundai i20 N ស៊េរីឆ្នាំ ២០២២ ដំណើរការដោយម៉ាស៊ីចំណុះ ១.៦ លីត្រ Turbocharged ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ២០១ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ និងប៉ុងមួយវិលកង់មុខ។ វាអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៦,៧នាទី និងនិងមានល្បឿនអតិបរមាដល់ ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បង្ហាញចេញគម្រូរថយន្ត SUV អគ្គិសនី កៅអី ៣ជួរថ្មី ឌីស្សាញប្លែកខ្លាំង ដូចរថយន្តពេលអនាគត

ក្រុមហ៊ុន Kia បានធ្វើការបង្ហាញចេញនូវគម្រូរថយន្ត EV9 Concept ដែលជារថយន្ត SUV អគ្គិសនីកៅអី ៣ជួរថ្មី ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត LA Auto Show។

ជាមួយ Concept នៃការឌីស្សាញនេះ EV9 ត្រូវបានរំពឹងថានឹងប្រើប្រាស់ជាមួយគ្រោងឆ្អឹង E-GMP(Electronic Global Modular Platform) របស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េនេះផ្ទាល់។

សម្រាប់គម្រូនៃរថយន្តនេះមានប្រវែងសរុប ៤ ៩៣០មម ទទឹង ២ ០៥៥មម កម្ពស់ ១ ៧៩០មម និងប្រវែងគម្លាតកង់ ៣​ ១០០មម។ ដោយវាមានកម្ពស់ទាបជាងរថយន្ត Telluride ចំនួន ៧០មម ប៉ុន្តែមានប្រវែងវែងជាង ៦៥មម និងមានប្រវែងគម្លាតកង់វែងជាង ២០០មមផងដែរ។

ជាមួយព័ត៌មានលម្អិតនៃការឌីស្សាញ បច្ចេកវិទ្យា និងថាមពលអាគុយ ក្រុមហ៊ុន Kia ពុំទាន់បានបង្ហាញចេញនូវព័ត៌មានលម្អិតនូវឡើយនោះទេ ប៉ុន្តែគេរំពឹងថារថយន្តនេះអាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ។ ហើយវាប្រើប្រាស់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដោយ Kia ហៅថា “ Next-Generation ultra-fast Charging technology” ដែលអាចសាកថ្មពីថាមពល ១០ភាគរយ ដល់ ៨០ភាគរយប្រើពេលតិចជាង ៣០នាទី។

សូមបញ្ជាក់ផងដែរថារថយន្ត SUV អគ្គិសនីនេះ នឹងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារ ក្នុងកំឡុងពេលដូចគ្នានឹងរថយន្ត Hyundai Ioniq 7 នៅឆ្នាំ ២០២៤ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Ariya ចេញតម្លៃលក់សម្រាប់ទីផ្សារអាមេរិក ចាប់ពីជាង៤ម៉ឺនដុល្លារ

Nissan បានប្រកាសចេញតម្លៃសម្រាប់រថយន្ត Ariya ដែលជារថយន្តអគ្គិសនីសុទ្ធ ដោយតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិកគឺមានចាប់ផ្ដើមពី ៤៥ ៩៥០ដុល្លារ សម្រាប់ Venture+ FWD ដែលជាតម្លៃមិនទាន់គិតបញ្ចូលថ្លៃដឹកជញ្ជូន ១ ១៧៥ដុល្លារ។

ការកក់រថយន្ត Ariya បានបើកទទួលចាប់ពីថ្ងៃនេះ ដោយក្នុងចំណោមអ្នកកក់ចំនួន ១ម៉ឺនគ្រឿងដំបូង​មុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នឹងទទួលបាន​ឈ្មោះជាសមាជិក EVgo ចំនួន២ឆ្នាំ និង​បណ្ណ័សាកភ្លើងតម្លៃ ៥០០ដុល្លារ ដែលស្មើនឹងចម្ងាយបើកបរប្រមាណ ៨ ០៤៧គ.ម។

រថយន្ត Ariya ប្រភេទ Venture+ FWD ដែលលក់នៅសហរដ្ឋអាមេរិកមានប្រើអាគុយចំណុះ ៨៧គីឡូវ៉ាត់ម៉ោង ដែលវាបញ្ចូនកម្លាំងទៅកាន់ម៉ូទ័រអគ្គិសនីចំនួនមួយ ដែលម៉ូទ័រអាចផលិតកម្លាំងបាន ២៣៨សេះ។ Nissan រំពឹងថារថយន្តអគ្គិសនីរបស់ខ្លួននឹងអាចបើកបរបានដល់ចម្ងាយ ៤៨៣គីឡូម៉ែត្រពេលសាកភ្លើងពេញ។

រថយន្ត Ariya នេះក៏មានជាជម្រើសផ្សេងទៀតផងដែរ ដូចជា Evolve+ FWD, Premiere FWD និងប្រភេទ Platinum+ e4ORCE AWD ផងដែរ ដែលប្រភេទថ្លៃជាងគេគឺមានតម្លៃចាប់ពី ៥៨ ៩៥០ដុល្លារ។

ការដឹកជញ្ជូនរថយន្ត Ariya រំពឹងថានឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០២២ ដោយចាប់ផ្ដើមជាមួយប្រភេទ FWD និងបន្តមកគឺប្រភេទ AWD ហើយ​គេរំពឹងថា Nissan នឹងបង្ហាញចេញ Option បន្ថែមផ្សេងទៀតនៅថ្ងៃខាងមុខផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Kia EV6 បំបែកកំណត់ត្រាពិភពលោក ប្រើពេលសាកភ្លើងតិចបំផុត ពេលបើកជុំវិញសហរដ្ឋអាមេរិក

រថយន្តអគ្គិសនីរបស់ប្រទេសកូរ៉េ Kia EV6 ស៊េរីឆ្នាំ ២០២២ បានបង្កើតកំណត់ត្រាពិភពលោក Guinness ថ្មី តាមរយៈការបើកបរនៅទូទាំងសហរដ្ឋអាមេរិក ជាមួយនឹងរយៈពេលសាកភ្លើងខ្លីបំផុត បើប្រៀបធៀបជាមួយនឹងរថយន្តអគ្គិសនីដទៃទៀត។

ក្រុមហ៊ុនផលិតរថយន្តខាងលើបានបើករថយន្ត EV6 ពីទីក្រុង New York ទៅ Los Angeles ក្នុងរយៈពេល ៧ ថ្ងៃ ហើយក្នុងអំឡុងពេលធ្វើដំណើរ ២ ៨៨០ម៉ាយ៍ (៤ ៦៣៥គីឡូម៉ែត្រ) រថយន្តនេះត្រូវបានដោតភ្លើងសាកត្រឹមតែ ៧ម៉ោង ១០នាទី និង ១វិនាទី ប៉ុណ្ណោះ។

គួរឲ្យដឹងថា ជាមួយនឹងថេរៈវេលាខាងលើ វាបានអនុញ្ញាតឲ្យរថយន្ត Kia EV6 ផ្តួលម្ចាស់កំណត់ត្រាពីមុន ដែលកាន់កាប់ដោយ Tesla ដែលប្រើពេល ១២ម៉ោង ៤៨នាទី និង ១៩វិនាទី។

លោក Russell Wager អនុប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុន Kia America បាននិយាយថា “ការបង្កើតកំណត់ត្រារបស់ EV6 គឺជាសញ្ញាចុងក្រោយបង្អស់ដែលបង្ហាញថា Kia នឹងក្លាយជាអ្នកនាំមុខគេនៃរថយន្តអគ្គិសនី”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Fisker បង្ហាញឡាន SUV អគ្គិសនីថ្មី តម្លៃចាប់ពី ៣,៧ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Fisker បានដាក់បង្ហាញនូវរថយន្ត Fisker Ocean ដែលជាប្រភេទ SUV អគ្គិសនីជាផ្លូវការ នៅក្នុងកម្មវីធី LA Auto Show ដោយក្រុមហ៊ុនរំពឹងថា វានឹងចេញលក់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តែម្តង។

រថយន្តអគ្គិសនី Fisker Ocean នឹងមានតម្លៃចាប់ពី ៣៧ ៤៩៩ដុល្លារ នៅលើសហរដ្ឋអាមេរិក។ ក្រុមហ៊ុនខាងលើក៏ផ្តល់ជម្រើសម៉ូដែលផ្សេងទៀត ដូចជា Fisker Ocean Ultra តម្លៃចាប់ពី ៤៩ ៩៩៩ដុល្លារ និង Fisker Ocean Extreme តម្លៃចាប់ពី ៦៨ ៩៩៩ដុល្លារ។

មិនតែប៉ុណ្ណោះ រថយន្ត Fisker Ocean ចំនួន ៥ពាន់គ្រឿងដំបូង នឹងត្រូវហៅឈ្មោះថា Fisker Ocean One ហើយនឹងដាក់លក់ក្នុងតម្លៃចាប់ពី ៦៨ ៩៩៩ដុល្លារ។

រថយន្ត SUV អគ្គិសនីខាងលើមានចម្ងាយបើកបរ ៤០០គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង ខណៈប្រភេទប្រើម៉ូទ័រអគ្គិសនីមួយគ្រឿង បង្កើតកម្លាំងបាន ២៧៥សេះ។ វាក៏មានប្រភេទចម្ងាយឆ្ងាយ ៥៥០គីឡូម៉ែត្រ និងប្រើម៉ូទ័រអគ្គិសនី ២ គ្រឿង បង្កើតកម្លាំងបាន ៥៤០សេះ។

ដោយឡែក ចំពោះម៉ូដែល Ocean Extreme និង Ocean One នឹងមានចម្ងាយបើកបរ ៥៦០គីឡូម៉ែត្រ ហើយមានកម្លាំង ៥៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហើបរឿងឌីហ្សាញរូបរាង Prius ថ្មី ដោយនិយាយថា “ចាំមើលជំនាន់ក្រោយ”

Toyota Prius ធ្លាប់ជារថយន្តដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែរហូតមកដល់ពេលនេះ វាហាក់បីដូចជាបាត់បង់អ្នកប្រើប្រាស់ជាច្រើន ស្របពេលដែលយើងកំពុងខិតទៅរកសម័យកាលរថយន្តអគ្គិសនី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Toyota បានបង្ហើបឲ្យដឹងជាលើកដំបូង អំពីរថយន្ត Prius ជំនាន់ថ្មី ក្នុងអំឡុងព្រឹត្តិការណ៍ E-Volution Event របស់ពួកគេ។

ថ្វីបើក្រុមហ៊ុនមិនបានបង្ហាញអំពីព័ត៌មានលម្អិតអ្វីច្រើន ប៉ុន្តែវាបាននិយាយថា “ចាំមើលជំនាន់ក្រោយ”។ ជាមួយនឹងពាក្យដ៏ខ្លីមួយនេះ គេរំពឹងថា រថយន្ត Toyota Prius ជំនាន់ក្រោយ នឹងទទួលបានការឌីហ្សាញរូបរាងថ្មី ហើយខ្លាំងជាងមុន និងសន្សំសំចៃជាងមុនផងដែរ។

គួរឲ្យដឹងថា រថយន្ត Toyota Prius មានជម្រើសម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយតូចមួយ មានកម្លាំងសរុប ១២១សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,២លីត្រ/១០០គីឡូម៉ែត្រ និងម៉ាស៊ីន Plug-in Hybrid ដែលមានបំពាក់កញ្ចប់អាគុយទំហំ ៨,៨គីឡូវ៉ាត់ម៉ោង អាចឲ្យវាបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ៤០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសចេញឡាន Corolla ពិសេស អបអរដែលលក់បាន៥០លានគ្រឿង

Toyota បានលក់ចេញរថយន្ត Corolla បានសរុបចំនួន៥០លានគ្រឿង នៅចាប់ពីឆ្នាំ១៩៦៦ ដល់ឆ្នាំ២០២១ ហើយដើម្បីអបអរសមិទ្ធផលនេះ ក្រុមហ៊ុន​បានប្រកាសចេញរថយន្ត Corolla ពិសេសនៅប្រទេសជប៉ុនដែលដាក់ឈ្មោះថា “50 million edition”។

រថយន្តពិសេសនេះមានដាក់លក់ជាប្រភេទ Corolla (sedan ទ្វារបួន), Corolla Sport (hatchback ទ្វារប្រាំ) និងប្រភេទ Corolla Touring (estate) ផងដែរ។ នៅផ្នែកខាងក្នុងរថយន្តនេះនឹងមានផ្លាកសម្គាល់ “50 Million Edition” ហើយវាមានបំពាក់មកជាស្តង់ដារនូវអេក្រង់កម្សាន្តទំហំ៩អ៉ីញ មានឧបករណ៍បំពងសំឡេងចំនួន៦ ប្រព័ន្ធបន្សុទ្ធខ្យល់ និងមុខងារទំនើបដទៃទៀត។

រថយន្តស៊េរីពិសេសនេះបានបំពាក់ដោយប្រព័ន្ធ hybrid របស់ Toyota ដែលមានម៉ាស៊ីន ១,៨លីត្រ ផ្សំជាមួយម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបានសរុប ១២១សេះ និងបញ្ចូនកម្លាំងទៅកង់មុខតាមរយៈប្រអប់លេខ CVT។ វាក៏មានជម្រើសប៉ុងពីរ E-Four ផងដែរ ដែលមានសមត្ថភាពផលិតកម្លាំងដូចគ្នា។

លើទីផ្សារប្រទេសជប៉ុនរថយន្ត Corolla 50 Million Edition នេះមានតម្លៃចាប់ពីប្រមាណ ២៤ ៧៧១ដុល្លារ សម្រាប់ Corolla Sport, តម្លៃចាប់ពីប្រមាណ ២៤ ៨១៤ដុល្លារ សម្រាប់ Corolla និងចាប់ពីប្រមាណ ២៥ ២៤៨ដុល្លារ សម្រាប់ Corolla Touring៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ទើបប្រកាសចេញ CX-50 ឥឡូវបែកធ្លាយរាងឡាន CX-60 មួយទៀតបាត់

ក្រោយការប្រកាសចេញរថយន្ត Mazda CX-50 បានមួយថ្ងៃ រូបរាងរថយន្ត CX-60 ក៏បានបែកធ្លាយជាបន្តបន្ទាប់ ដែល​គេបានប្រទះឃើញ​រថយន្តនេះទំនងជាស្ថិតនៅក្នុងអំឡុងពេលដែលក្រុមការងារកំពុងផលិតវីដេអូពាណិជ្ជកម្ម និង​សម្រាប់ការផ្សព្វផ្សាយផ្សេងៗ។

រូបភាពលេចធ្លាយបានបង្ហាញច្បាស់ៗពីរូបរាងរថយន្ត CX-60 ដែលមើលទៅដូចជារថយន្ត SUV ដែលផលិតឡើងសម្រាប់បើកបរលើផ្លូវថ្នល់ ខុសពីរថយន្ត CX-50 ដែលមានរូបរាងដូចជារថយន្តសម្រាប់ Off-Road។ រចនាបថខាងមុខគឺស្រដៀងនឹងរថយន្ត Mazda ដទៃទៀតដែរ ខណៈដែលរូបរាងខាងក្រោយមិនទាន់បានបង្ហាញនៅឡើយទេ។

គួរដឹងថា CX-60 គឺជារថយន្តមួយក្នុងចំណោមរថយន្ត SUV ថ្មីសរុបចំនួន៥ ដែល Mazda គ្រោងប្រកាសចេញនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ដែល CX-60 នេះជាមួយរថយន្ត CX-80 ទំនងជានឹងផលិតសម្រាប់ទីផ្សារអឺរ៉ុប និងប្រទេសជប៉ុន។

ចំណែកឯរថយន្ត Mazda CX-50, CX-70 រួមទាំងរថយន្ត CX-90 ទំនងជាផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលវានឹងមានម៉ាស៊ីនកម្លាំងខ្លាំងជាង រួមទាំងមានជម្រើសបច្ចេកវិទ្យា PHEV ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru ប្រកាសតម្លៃផ្លូវការនៃរថយន្ត Crosstrek ស៊េរី ២០២២

ក្រុមហ៊ុន Subaru បានធ្វើការប្រកាសចេញនូវតម្លៃរថយន្ត Crosstrek ឆ្នាំ ២០២២ ជាមួយជម្រើសម៉ូឌែលប្រភេទធម្មតា និងប្រភេទកូនកាត់ Hybrid។

សម្រាប់តម្លៃរថយន្ត Subaru Crosstrek ស៊េរីឆ្នាំ ២០២២ ប្រភេទ Base Model មានតម្លៃថ្លៃជាងម៉ូដែលកន្លងចំនួន ២០០ដុល្លារ ដោយមានតម្លៃចាប់ពី ២២ ៤៤៥ដុល្លារ ខណៈម៉ូដែលប្រភេទកូនកាន់ hybrid ថ្លៃជាងម៉ូដែលកន្លងចំនួន ៣០០ដុល្លារ ដោយមានតម្លៃចាប់ពី ៣៥ ៦៤៥ដុល្លារ​។

ចំនែកម៉ូដែលប្រភេទ Premium មានតម្លៃចាប់ពី ២៣ ៥៩៥ដុល្លារ, ម៉ូឌែលប្រភេទ Sport មានតម្លៃចាប់ពី ២៦ ៧៩៥ដុល្លារ និងប្រភេទ​​ Limited ២៨ ២៩៤ដុល្លារ។

រថយន្ត Subaru Crosstrek ទទួលបាននូវជម្រើសម៉ាស៊ីនចំនួន ៣ប្រភេទរួមមាន ចំណុះ ២.0លីត្រ ៤ស៊ីឡាំង កម្លាំង ១៥២សេះ សម្រាប់បំពាក់លើម៉ូឌែលប្រភេទ Base និង Premium។ ខណៈម៉ូដែល Sport និង limited បំពាក់ម៉ាស៊ីនសាំងចំណុះ ២.៥​ លីត្រ Boxer មានកម្លាំង ១៨២ សេះ។​ សម្រាប់ម៉ូដែល Hybrid ដំណើរការរួមគ្នារវាងម៉ាស៊ីនចំណុះ ២.០លីត្រ រួមជាមួយម៉ូទ័រអគ្គីសនី២ ដែលមានកម្លាំងបាន ១៤៨ សេះ អាចបើកបរដោយប្រើប្រាស់អគ្គិសនីសុទ្ធបានចម្ងាយ ២៧ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្នកបានសាកល្បងរថយន្តអគ្គិសនីដើម្បីវាយតម្លៃពីគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើជាម្ចាស់រថយន្តអគ្គិសនីនៅកម្ពុជាហើយឬនៅ?

ភ្នំពេញ, ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ២០២១៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រដ្ឋាភិបាលកំពុងរៀបចំគោលការណ៏ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្ររថយន្តអគ្គិសនី(EV) និងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា ព្រមទាំងពង្រឹងផែនការកាត់បន្ថយការបំភាយឧស្ម័នកាបូនផងដែរ។ ហត្ថលេខារបស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ ដើម្បីអនុលោមតាមការប្រើប្រាស់រថយន្តអគ្គិសនីចាប់ពីឆ្នាំ២០៤០។ រថយន្តអគ្គិសនីគឺមានវត្តមានរួចទៅហើយព្រោះវាអាចប្រើប្រាស់បានហើយនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែវាក៏ជាអនាគតដ៏ធំធេងផងដែរ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធនានានឹងត្រូវបានបង្កើតឡើង ដើម្បីអនុលោមតាមគោលដៅឆ្នាំ២០៤០ ក្នុងការប្រើប្រាស់រថយន្តអគ្គីសនី។

រថយន្តអគ្គិសនីដែលមានសម្រាប់សាធារណជនក្នុងប្រទេសកម្ពុជាដូចជា MG, Tesla, BMW គឺជាកាតាលីករដ៏សំខាន់សម្រាប់ការកាត់បន្ថយឧស្ម័នកាបូនិក និងការបំភាយឧស្ម័នដែលពាក់ព័ន្ធនៅក្នុងបរិយាកាស និងការបោះជំហានក្នុងការទប់ស្កាត់ការបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ ពួកគេគឺមានគុណវិបត្តិមួយចំនួនបើប្រៀបធៀបទៅនឹងរថយន្តប្រើសាំងធម្មតានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរថយន្តអគ្គិសនីនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ហើយជាពិសេសគឺពេលទៅថ្ងៃអនាគត។
ដូច្នេះ យើងខ្ញុំសូមបង្ហាញអ្នកពីគុណសម្បត្តិ និងគុណវិបត្តិនៃរថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

• គុណសម្បត្តិ

    • រថយន្តអគ្គីសនីផ្តល់នូវតម្លៃសមរម្យដែលប្រជាជនកម្ពុជាអាចមានលទ្ធភាពក្នុងការទិញប្រើប្រាស់
    • រថយន្តអគ្គីសនីមានដំណើរការល្អ កម្លាំងខ្លាំង និងការថែទាំទាប
    • មុខងារប្រើប្រាស់ទំនើប ទាន់សម័យ និងជាពិសេសគឺប្រព័ន្ធសុវត្ថិភាព

    • ងាយស្រួលដំឡើងឧបករណ៏សាកអគ្គីសនីនៅផ្ទះផ្ទាល់ពីព្រោះនៅពេលអ្នកទិញរថយន្តអគ្គីសនី អ្នកចែកចាយរថយន្តផ្លូវការនឹងផ្តល់នូវឧបករណ៏សាកអគ្គីសនីដែលអ្នកអាចដំឡើងនៅផ្ទះ ហើយបញ្ចូលថាមពលនៅផ្ទះបាន។
    • ងាយស្រួលបើកបរនៅក្នុងទីក្រុង ព្រោះអ្នកអាចបញ្ចូលថាមពលមួយពេញនៅផ្ទះដោយចំណាយពេលមួយយប់ដែលអ្នកអាចរីករាយក្នុងការបើកបរបាននាថ្ងៃបន្ទាប់ ហើយជាមធ្យមវាត្រូវការបញ្ចូលថាមពល២ដងក្នុងមួយសប្តាហ៏។ បន្ថែមពីការសាកថាមពលនៅផ្ទះ យើងក៏មានស្ថានីយសាកថាមពលសម្រាប់រថយន្តអគ្គីសនីមួយទៀតដែរគឺនៅផ្សារទំនើបអ៊ីអនមលសែនសុខដែលអ្នកក៏អាចសាកថាមពល និងបន្តភាពរីករាយក្នុងការធ្វើដំណើររបស់អ្នកបាន។

    • មិនមានសម្លេងរំខានចូលក្នុងកាប៊ីនរថយន្ត ហើយបទពិសោធន៍នៃការបើកបរប្រកបដោយផាសុកភាពដូចរថយន្តម៉ាស៊ីនសាំងធម្មតាដែរ ហើយម្យ៉ាងវិញទៀត នាពេលអនាគតវានឹងក្លាយជារថយន្តដ៏ទំនើប រលូននិងស្ងាត់ល្អ ដែលមានប្រសិទ្ធភាព ហើយវាពិតជាមានដំណើរការបានល្អនៅពេលបើកបរលើដងផ្លូវ។

• គុណវិបត្តិ

    • មិនមានឧបករណ៏សាកថាមពលច្រើននៅតាមទីសាធារណៈទេដែលធ្វើឱ្យការបើកបរបានត្រឹមចម្ងាយផ្លូវជិត និងអាចបើកបរជាប្រចាំនៅក្នុងទីក្រុងបាន។ ការបញ្ចូលថាមពលមួយពេញជាមួយនឹងឆ្នាំងសាកកម្រិត1 ឬកម្រិត2 វាអាចចំណាយពេលរហូតដល់8ម៉ោង ហើយស្ថានីយសាកថ្មលឿនក៏ត្រូវចំណាយពេល ៣០នាទីដើម្បីសាកថ្មបាន ៨០ភាគរយ។

នៅថ្ងៃអនាគត, រថយន្តអគ្គិសនីនឹងមានការពេញនិយមនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ព្រមទាំងផ្តល់នូវភាពងាយស្រួល និងសន្សំសំចៃដល់ប្រជាជនកម្ពុជាផងដែរ។ ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលធានាថានឹងមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មពេញលេញសម្រាប់រថយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា រួមទាំងស្ថានីយ៍សាកថាមពល មជ្ឈមណ្ឌលសេវាកម្មថែទាំង និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ព្រមទាំងការបណ្តុះបណ្តាលអំពីរថយន្តអគ្គីសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+