ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar Land Rover Cambodia បើកទទួលការកម៉្មង់កំពូលរថយន្តដ៏ប្រណិតសម្រាប់ឆ្នាំថ្មី The New Range Rover 2022

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Jaguar Land Rover បានបង្ហាញនូវរូបរាងជាផ្លូវការនៃរថយន្តម៉ូឌែលថ្មីសន្លាងគឺ​ The New Range Rover សេរីឆ្នាំ ២០២២។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Royal Opera House ក្នុងទីក្រុង London ប្រទេសអង់គ្លេស និងបានផ្សាយផ្ទាល់តាមឆាណែលយូធូបផ្លូវការរបស់ Land Rover។ The New Range Rover សេរីឆ្នាំ ២០២២ ត្រូវបានគេអោយឈ្មោះថាជា កំពូលរថយន្ត នៃឧត្តមភាព ដែលមានភាពទាក់ទាញ និងទាន់សម័យ។ ម៉ូដែល SUV នេះ បំពាក់នូវបច្ចេកវិទ្យា ទំនើបនាផ្នែកខាងក្នុង រួមបញ្ចូលនូវ ប្រណិតភាព និងភាពស្រស់ស្អាតនាផ្នែកខាងក្រៅ ព្រមទាំងផ្តល់នូវសមត្ថភាពដ៏ល្អឥតខ្ចោះសម្រាប់ការបើកបរ។ លោក Thierry Bolloré CEO របស់ Jaguar Land Rover មានប្រសាសន៍ថា៖ «រថយន្ត The New Range Rover ជាការបើកបង្ហាញ ចក្ខុវិស័យដ៏អស្ចារ្យរបស់យើងក្នុងការផលិតនូវរថយន្តដ៏ទំនើបបំផុតក្នុងពិភពលោក ដែលបំពេញនូវសេចក្តីត្រូវការអតិថិជន។ រថយន្តនេះនឹងបង្ហាញពីទំព័របន្ទាប់ ​នៃចំណុចពិសេសក្នុង​ការ​បង្កើត​ថ្មី​របស់យើង។ នេះហើយជាសញ្ញា​សម្គាល់របស់​រថយន្ត Range Rover ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​នេះ»

សូមបញ្ជាក់ថា ទម្រង់រូបរាងខាងក្រៅរបស់រថយន្ត ស្ថិតនៅដដែល សាមញ្ញតែទាក់ទាញ ប្រណិតតែមិនឆើតឆាយ ។ ចំពោះអតិថិជនរបស់​រថយន្ត Range Rover ប្រាកដជាអាចសម្គាល់ដឹងភ្លាមៗថា ចំពោះសេរីឆ្នាំ ២០២២ នេះបានផ្លាស់ប្ដូរលើចំណុចណាខ្លះ។

ការផ្លាស់ប្ដូរនាផ្នែកខាងក្រៅ អាចកំណត់បាន ចំណុចធំៗចំនួន២៖

  • ទី១ ការផ្លាស់ប្ដូររូបរាងប៉ាណាផ្នែកខាងមុខ មាន ២ជាន់តម្រួតលើគ្នា អមដោយអំពូល ២សងខាង។
  • ទី២ ការផ្លាស់ប្ដូរស្តុបផ្នែកខាងក្រោយ ត្រូវបានរចនាឡើងប្លែកខុសពីមុន ដែលមើលទៅដូចជារថយន្តនាពេលអនាគត ដោយស្តុបទាំងពីរទំលាក់បញ្ឈ បើយើងក្រលេកមើលពីខាងក្រោយនៅពេលបើកភ្លើង វាប្រៀបដូចជាស្មារថយន្ត។ (សូមមើលរូបបន្ថែម)

ជាថ្មីម្តងទៀត The New Range Rover សេរីឆ្នាំ ២០២២ មានជម្រើសច្រើនថ្មីសម្រាប់អោយអតិថិជនជ្រើសរើសគឺប្រភេទតួវែង ដែលមានកៅអីអង្គុយចំនួន៧ ខុសពីម៉ូដែលមុន។ មិនតែប៉ុណ្ណោះអតិថិជនអាចជ្រើសពណ៌ដែលខ្លួនពេញចិត្តបានថែមទៀត ព្រោះថារថយន្ត  Range Rover ផ្តល់ជម្រើសពណ៌ជាច្រើនទាំងផ្នែកខាងក្នុង និងខាងក្រៅ។

សម្រាប់អ្នកដែលពុំទាន់បានទស្សនានូវវីដេអូដែលបង្ហាញពី ព្រឹត្តិការណ៍បង្ហាញនូវរូបរាងជាផ្លូវការ របស់រថយន្តនេះ អាចចូលទស្សនាបាន តាមរយៈតំណលីង៖ https://bit.ly/3H6zHBX

Jaguar Land Rover Cambodia ជាភ្នាក់ងារចែកចាយផ្លូវការរបស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំប្រទេសកម្ពុជា បានបើកទទួលការកម្ម៉ង់រថយន្ត The New Range Rover សេរីឆ្នាំ ២០២២ ចាប់ពីថ្ងៃនេះតទៅ។​ រាល់រថយន្ត ដែលអតិថិជនទិញពី Jaguar Land Rover Cambodia ដែលនាំចូល និងចែកចាយដោយផ្តាច់មុខដោយ RMA Cambodia សុទ្ធតែមានការធានាត្រឹមត្រូវពីរោងចក្រផលិត។

អតិថិជនដែលមានចំណាប់អារម្មណ៍ក៏អាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 070 999 111 / 085 999 111 សម្រាប់ព័ត៌មានលម្អិតពីកំពូលរថយន្តនេះ ឬអញ្ជើញមកកាន់អគារតាំងបង្ហាញដែលមានទីតាំងស្ថិតនៅតាអគារលេខ264A បណ្តោយមហាវិថី​សហព័ន្ធ​រុស្ស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Mercedes E-Class ចេញលក់នៅប្រទេសជាប់កម្ពុជា ក្នុងតម្លៃចាប់ពី ១១ម៉ឺនដុល្លារ

ក្រុមហ៊ុន Lexus Vietnam បានធ្វើការប្រកាសនូវតម្លៃនៃរថយន្ត ES ឆ្នាំ ២០២១ សម្រាប់ទីផ្សារប្រទេសវៀតណាមផ្លូវការ ខណៈពេលរថយន្តនឹងក្លាយជាគូរប្រជែងនៃរថយន្ត Mercedes E-Class, BMW Series 5 និង Volvo S90។

លើទីផ្សារប្រទេសវៀតណាមរថយន្ត Lexus ES ឆ្នាំ ២០២១ បានផ្តល់នូវជម្រើសចំនួន ២ប្រភេទគឺ ES 250 និង ES 300h។ ដោយប្រភេទ ES 250 ដំណើរការដោយម៉ាស៊ីនចំណុះ ២.៥លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣សេះ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គ និងមានកម្រិតស៊ីប្រេងចំនួន ៧,០៦លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

ចំណែកប្រភេទ ES 300h ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២.៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ដែលអាចផលិតកម្លាំងសរុបបាន ២១៥សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT និងមានកម្រិតស៊ីប្រេងចំនួន ៤,៦លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

ចំពោះតម្លៃនៃម៉ូឌែលឆ្នាំ ២០២១នេះ រថយន្ត Lexus ES 250 មានតម្លៃចាប់ពី ១១២ ៣៤០ដុល្លារ និង Lexus ES 300h មានតម្លៃចាប់ពី ១៣៤ ៨១០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi បង្ហាញចេញរថយន្តអគ្គិសនី Airtrek ឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសចិន ជាមួយសម្ថភាពបើកបរបានចម្ងាយ ៥២០គ.ម

ក្រុមហ៊ុន Mitsubishi បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី Airtrek ឆ្នាំ២០២២ ក្នុងកម្មវិធីតាំងពិពណ៌រថយន្ត Guangzhou Auto Show ឆ្នាំ២០២១ ជាផ្លូវការ ដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត Airtrek ត្រូវបានបង្ហាញខ្លួនជាគម្រូរថយន្តដំបូងនាខែមេសា ឆ្នាំ២០២១កន្លងទៅ ជាមួយឈ្មោះ Airtrek ដែលធ្លាប់បានប្រើប្រាស់ទៅលើរថយន្ត Outlander ជំនាន់ដំបូង កាលពីចន្លោះឆ្នាំ ២០០១-២០០៨។

យោងតាមការចុះផ្សាយពីគេហទំព័រ Best Car Web បានបង្ហាញថារថយន្តនេះមានប្រវែងសរុប ៤ ៦០០មម ទទឹង ១ ៩១០មម កម្ពស់ ១ ៦៩០មម និងប្រវែងគម្លាតកង់ ២ ៨៣០មម។ ដោយវាកម្ពស់ទាបជាងរថយន្ត Outlander ចំនួន ៨០មម និងវែងជាងចំនួន ៥០មម។

រថយន្តអគ្គិសនី Mitsubishi Airtrek ឆ្នាំ២០២២ នឹងដំណើរការដោយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ នៅពេលសាកពេញម្តង។

ផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន រថយន្តអគ្គិសនីនេះនឹងត្រូវផលិតឡើងក្រោមការសហការរវាងក្រុមហ៊ុន GAC Mitsubishi Motors ក្នុងប្រទេសចិន ជាមួយផែនការនៃការចេញលក់នៅលើទីផ្សារនាចន្លោះខែ មីនា-មិថុនា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់ឡាននៅវៀតណាម បានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ៦ខែ

ការលក់រថយន្តនៅក្នុងប្រទេសវៀតណាម បានឈានដល់ ២៩ ៧៩៧ គ្រឿងកាលពីខែមុន ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីខែមេសា ដែលបង្ហាញពីការងើបឡើងវិញនៃតម្រូវការ បន្ទាប់ពីគម្លាតសង្គមដ៏យូរ។

នេះគឺជាការកើនឡើងនៃការលក់ប្រចាំខែទី២ ជាប់ៗគ្នា បន្ទាប់ពីខ្សែសង្វាក់ធ្លាក់ចុះ ៥ខែ ពីខែមេសា ដល់ ខែសីហា នៅពេលដែលរលកកូវីដ១៩ ទី៤ បានវាយប្រហារប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍របស់សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម Vietnam Automobile Manufacturers Association ដែលហៅកាត់ថា VAMA។

គួរឲ្យដឹងថា ក្នុងរយៈពេល ១០ ខែដំបូង ការលក់សរុបបានកើនឡើងដល់ ២១៨ ៧៣៤ គ្រឿង ពោលគឺកើនឡើងជិត ៣ ភាគរយធៀបនឹងឆ្នាំមុន។

យ៉ាងណាមិញ ក្រុមហ៊ុន Truong Hai Auto (Thaco) បានបន្តនាំមុខការលក់ជាមួយនឹងចំនួន ៧៥ ៦០៤ គ្រឿងក្នុងរយៈពេលនោះ កើនឡើង ៦,៣ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ​ក្រុមហ៊ុន Toyota បានតាម​ពីក្រោយ​ដោយ​មាន​ចំនួន ៤៥ ១៣១ គ្រឿង ធ្លាក់​ចុះ ៩,៦ ភាគរយ ខណៈក្រុមហ៊ុន Mitsubishi, Ford និង Honda បានឈរនៅលើតារាងកំពូលទាំង៥។

កាលពីខែតុលា ម៉ូដែលរថយន្តដែលលក់ដាច់ជាងគេ គឺ Hyundai Accent ដែលមានចំនួន ៣ ៣៤៦ គ្រឿង បន្ទាប់មកគឺរថយន្តភីកអាប់ Ford Ranger៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ប្រមូលរថយន្ត Model S និង Model X សេរ៊ីឆ្នាំ២០២១ ត្រឡប់មកវិញ ព្រោះមានបញ្ហាពោងសុវត្ថិភាព

ក្រុមហ៊ុន Tesla នឹងធ្វើការប្រមូលរថយន្ត Model S និង Model X សេរ៊ីឆ្នាំ២០២១ ចំនួន ៧ ៦០០គ្រឿងត្រមកវិញ បន្ទាប់ពីរកឃើញមានបញ្ហាពោងសុវត្ថិភាពនៅលើទ្វាជំហៀងខាងអ្នកបើកបរ ដែលអាចមិនដំណើរការក្នុងការការពារ។

ការជូនដំណឹងអំពីការប្រមូលមកវិញដែលចេញដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) កត់សម្គាល់ថា អ្នកផ្គត់ផ្គង់បានចាប់ផ្តើមផលិតពោងសុវត្ថិភាពនៅទ្វាជំហៀងនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ហើយបន្តផលិតរហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១។

ជាមួយការប្រមូលត្រឡប់មកវិញនេះ Tesla នឹងប្រមូលរថយន្ត Model S ឆ្នាំ២០២១ ផលិតនៅចន្លោះថ្ងៃទី ២១ ខែមិថុនា ដល់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ ចំណែក Model X ឆ្នាំ២០២១ គឺផលិតនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងមានដំណោះស្រាយសម្រាប់បញ្ហាពោងសុវត្ថិភាពលើរថយន្ត Model X និង Model S ទាន់ពេលវេលា ដោយវានឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយសន្យាថាពួកគេនឹងទទួលបានការជូនដំណឹងដើម្បីទៅជួបអ្នកចែកចាយរបស់ពួកគេសម្រាប់ការផ្លាស់ប្តូរពោងសុវត្ថិភាពថ្មីនៅក្នុងខែមករា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maxus ប្រកាសចេញឡានវ៉ែនអគ្គិសនីដ៏ប្រណីត តម្លៃចាប់ពីជាង៤ម៉ឺនដុល្លារ

រថយន្តអគ្គិសនី និងរថយន្តវ៉ែនប្រណីតបានក្លាយជា​ភាពពេញនិយមបំផុតមួយនៅប្រទេសចិន ហេតុនេះហើយទើបក្រុមហ៊ុន Maxus បានដាក់បញ្ចូលពីរចំណុចនេះទៅក្នុងរថយន្ត Maxus Mifa 9 ដែលជារថយន្តវ៉ែនអគ្គិសនីដ៏ប្រណីតមួយ។

រថយន្តវ៉ែននេះមានប្រវែង ៥២៧០ម.ម ជាមួយប្រវែងពីកង់មុខទៅកង់ក្រោយគឺ ៣២០០ម.ម ដែលមានន័យថាវាមានទមហំធំជាងរថយន្ត Mercedes-Maybach GLS ទៅទៀត។

ចូលដល់ផ្នែកខាងក្នុងនៃរថយន្តនេះវាមានបំពាក់ដោយផ្ទាំងអេក្រង់សរុបចំនួន១០ រួមទាំងអេក្រង់សម្រាប់កៅអីអង្គុយខាងក្រោយ និងអេក្រង់​នៅកន្លែងដាក់ដៃផងដែរ។ បន្ថែមពីនេះកៅអីអង្គុយចំនួន៦ ដែលមានឃ្លាតឆ្ងាយគ្នាគឺមានមុខងារ Power ដែលអាចបត់បែនបានច្រើនរបៀប។ កៅអីអង្គុយទាំងអស់អាចបន្ថែមមុខងារកម្ដៅ បញ្ចេញខ្យល់ និងមុខងារម៉ាស្សាផងដែរ។

រថយន្តនេះក៏មានបំពាក់ដោយអាគុយចំណុះ ៩០kWh ដែលអាចឲ្យវាបើកបរបានចម្ងាយ ៥២០គីឡូម៉ែត្រ ហើយក្រុមហ៊ុន Maxus ក៏បានប្រកាសពីផែនការប្រកាសចេញប្រភេទបើកបរបានឆ្ងាយនៅឆ្នាំ២០២៣ ដែលនឹងអាចបើកបរបានលើសពី ៦៥០គីឡូម៉ែត្រ។

ដំណឹងបន្ថែមទៀតពីរថយន្តនេះនៅមានតិចតួចនៅឡើយ ប៉ុន្តែការដឹកជញ្ជូននៅប្រទេសចិនរំពឹងថាចាប់ផ្ដើមក្នុងខែឧសភា ឆ្នាំក្រោយ ជាមួយតម្លៃចាប់ពីប្រមាណ ៤២ ២៥៦ដុល្លារ ដល់ប្រមាណ ៥៩ ៤៧៨ដុល្លារ ហើយវាក៏នឹងមានដាក់លក់នៅលើទីផ្សារអឺរ៉ុបផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន GV70 ប្រភេទអគ្គិសនី សាកម្ដងជិះបាន ៤០០គីឡូម៉ែត្រ

Genesis បានបង្ហាញចេញរថយន្ត GV70 ជាផ្លូវការនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show ក្នុងប្រទេសចិន ដោយវាមានឈ្មោះថា Electrified GV70 និងជាស៊េរីឆ្នាំ២០២២ផងដែរ។

រថយន្ត Electrified GV70 នេះនឹងចេញលក់លើទីផ្សារមួយចំនួនចាប់ពីឆ្នាំក្រោយ ខណៈដែលតម្លៃលក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែរំពឹងថានឹងថ្លៃជាងប្រភេទប្រើប្រេងសាំង និងប្រភេទម៉ាស៊ូត។

រថយន្ត Electrified GV70 នេះដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះ ដែលសរុបចូលគ្នាអាចផលិតកម្លាំងបាន ៤៨២សេះ ដែលធ្វើឲ្យរថយន្តមានសមត្ថភាពស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។

ខណៈដែលក្រុមហ៊ុនមិនទាន់បានបង្ហាញទំហំអាគុយ ប៉ុន្តែមានការអះអាងថាវាអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ហើយការសាកភ្លើងគឺប្រើប្រាស់បច្ចេកវិទ្យាសាកលឿន ដែលក្នុងពេល១៨នាទី អាចសាកភ្លើងឡើងពី ១០% ដល់ ៨០%។

និយាយអំពីរូបរាងរបស់ Electrified GV70 នេះគឺហាក់មិនខុសគ្នាពីរថយន្ត GV70 ធម្មតាប៉ុន្មានឡើយ ដោយការផ្លាស់ប្ដូរគួរឲ្យសម្គាល់គឺនៅ​លើ​ផ្ទាំងប៉ាណាខាងមុខ ដែលមានបង្កប់ដោយរន្ធសម្រាប់សាកភ្លើង ហើយមួយទៀតគឺការលុបបំបាត់នូវបំពង់ស៊ីមាំងដែលធ្វើឲ្យខាងក្រោយមានលក្ខណៈស្រឡះស្អាត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវៀតណាម VinFast ដាក់បង្ហាញ SUV អគ្គិសនី ២ម៉ូដែលថ្មីនៅអាមេរិក ជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast កំពុងត្រៀមខ្លួនដើម្បីចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយនឹងការដាក់បង្ហាញរថយន្ត SUV អគ្គិសនីចំនួន ២ ម៉ូដែលជាផ្លូវការ នៅក្នុងកម្មវិធី 2021 Los Angeles Auto Show។ រថយន្តទាំង ២ ម៉ូដែលនោះគឺ VinFast VF e35 និង VF e36។

VinFast VF e35

វាមានបំពាក់អេក្រង់កម្សាន្តទំហំ ១៥,៤អ៊ីញ, ប្រើកាមេរ៉ា ១៤គ្រាប់, LiDAR Sensor និង សេនស័រ ៣៦០ដឺក្រេ ចំនួន ១៩គ្រាប់ ដែលអនុញ្ញាតឲ្យវាមានសមត្ថភាពបើកបរស្វ័យប្រវត្តិ កម្រិត៣។

រថយន្ត VinFast VF e35 នឹងមានជម្រើសម៉ូទ័រអគ្គិសនីមួយ និង ពីរ ជាមួយនឹងកម្លាំង ២០១សេះ និង ៤០២សេះ ហើយចម្ងាយបើកបរ ៤៦០គីឡូម៉ែត្រ និង ៥០០គីឡូម៉ែត្រ។

VinFast VF e36

វាបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង ដែលបង្កើតកម្លាំងបាន ៤០២សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ១០៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៤៨៥គីឡូម៉ែត្រ និង ៦៨០គីឡូម៉ែត្រ។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់អេក្រង់កម្សាន្តទំហំ ១៥,៤អ៊ីញ និង សមត្ថភាពបើកបរស្វ័យប្រវត្តិកម្រិត៣ ដូចទៅនឹងម៉ូដែល VF e35 ដែរ។

គួរឲ្យដឹងថា រថយន្ត VinFast VF e35 និង VF e36 នឹងបើកឲ្យបញ្ជាទិញមុន នៅដើមពាក់កណ្តាលឆ្នាំ២០២២ តែម្តង នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei ចេញម៉ាកឡានថ្មី “Avatr” នៅប្រទេសចិន

ម៉ាកយីហោរថយន្តអគ្គិសនីថ្មីមួយទៀត ត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិន ដែលមានឈ្មោះថា Avatr Technology ។

ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីនេះ ត្រូវបានបង្កើតឡើងតាមរយៈការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនទូរគមនាគមន៍ Huawei ជាមួយក្រុមហ៊ុនរថយន្ត Changan Automobile និងអ្នកផ្តល់អាគុយរថយន្តអគ្គិសនី CATL។

គួរឲ្យដឹងដែរថា ក្រុមហ៊ុននេះគឺជាកំណែប្រែម៉ាកថ្មីនៃ Changan Nio New Energy Automotive Technology ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Changan Automobiles និង Nio។

ទោះជាយ៉ាងណាក៏ដោយ Changan បានបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ពី ៤៥ ភាគរយ ទៅ ៩៥,៨ ភាគរយ នៅដើមឆ្នាំ ២០២១ នេះ ដែលអនុញ្ញាតឲ្យខ្លួនជាអ្នកគ្រប់គ្រងក្រុមហ៊ុន។

យ៉ាងណាមិញ បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei នឹងត្រូវបានប្រើប្រាស់នៅលើរថយន្តអគ្គិសនីម៉ាក Avatr ខាងលើតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ថែមម៉ូឌែលថ្មី សម្រាប់ត្រកូល Sportage ឆ្នាំ២០២៣ ដោយជិះ ១០០គ.មស៊ីប្រេង ៦លីត្រ

Kia បានធ្វើការពង្រីកខ្សែស្រឡាយនៃរថយន្ត Kia Sportage ជាមួយម៉ូឌែលហាយប្រ៊ីដថ្មី សម្រាប់ឆ្នាំ២០២៣ ជាមួយថាមពលកាន់តែខ្លាំង។

ម៉ូឌែលប្រភេទហាយប្រ៊ីដថ្មីនេះ ដំណើរការរួមគ្នាដោយម៉ាស៊ីនចំណុះ ១.៦លីត្រ Turbocharged ផ្គួបជាមួយម៉ូទ័រចំនួនមួយកម្លាំង ៥៩សេះ ដែលអាចផលិតកម្លាំងសរុបបាន ២២៦សេះ ភ្ជាប់ជាមួយប្រអប់លេខ ៦វគ្គអូតូ។ រថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់ ៨០៥គីឡូម៉ែត្រនៅពេលដំណើរការរួមគ្នារវាងថាមពលម៉ាស៊ីន និងថាមពលអគ្គិសនី​ និងមានកម្រិតស៊ីប្រេងចំនួន ៦លីត្រក្នុងការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ លើសពីនេះ Kia ក៏បានអះអាងថាការបញ្ចេញនូវឧស្ម័នបំពុលបរិស្ថាន ត្រូវបានកាត់បន្ថយជិត ៤០ភាគរយបើប្រៀបធៀបនឹងម៉ូឌែលប្រភេទធម្មតាផងដែរ។

រថយន្ត Kia Sportage ២០២៣ បានបំពាក់ស្តង់ដាមកជាមួយ​អេក្រង់ភ្លោះទំហំ ២៤,៦អ៊ីញ ដែលមានកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto ព្រមទាំងប្រព័ន្ធតន្រ្តីប្រភេទ Harmon Kardon, កន្លែងសាកថ្មឥតខ្សែ, Kia Connect, កាំមេរ៉ា ៣០៦ដឺក្រ និងប្រព័ន្ធជំនួយការបើកបរដូចជា Driver Attention Warning, Land Following Assist, Land Keeping Assist, Forward Collision Avoidance, Rear Occupant Alert, Rear View Monitor និង Reverse Parking Distance Warning។

សម្រាប់ម៉ូឌែលប្រភេទហាយប្រ៊ីដនេះ នឹងផ្តល់ជម្រើសសម្រាប់ម៉ូឌែល LX, EX និង SX-Prestige។ ចំពោះតម្លៃនៃម៉ូឌែលថ្មីនេះ Kia ពុំទាន់បង្ហាញឡើយ ដោយរង់ចាំនៃការចេញលក់លើទីផ្សារនាដើមឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+