ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagon Golf ចេញប្រភេទប្រើម៉ាស៊ីនតូចថ្មី តម្លៃត្រឹម ២៨០០០ ដុល្លារ

ក្រុមហ៊ុន Volkswagon បានបញ្ចេញរថយន្ត Golf ជំនាន់ថ្មីរបស់ខ្លួន កាលពីប៉ុន្មានខែមុន ដោយផ្តល់ជម្រើសម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ចំនួន២ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ TDI ចំនួន២ ព្រមទាំងម៉ាស៊ីនចំណុះ ១,៥លីត្រ eTSI Mild-hybrid មួយទៀតផង។

ឥឡូវក្រុមហ៊ុនអាល្លឺម៉ង់ខាងលើ បានបញ្ចេញរថយន្ត Golf ប្រភេទប្រើម៉ាស៊ីនតូចថ្មី គឺម៉ាស៊ីនសាំងចំណុះ ១,០លីត្រ TSI ទំហំ ៣ស៊ីឡាំង មានកម្លាំង ១០៨សេះ ប្រើប្រអប់លេខដៃ ៦វគ្គ មានតម្លៃត្រឹមតែ ២៨ ៧៥០ដុល្លារប៉ុណ្ណោះ នៅលើទីផ្សារបរទេស។

រថយន្តខ្នាតតូចនេះអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ១០,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០២គីឡូម៉ែត្រក្នុងមួយម៉ោង។ Volkswagon អះអាងថា វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៧លីត្រ-៥,៣លីត្រប៉ុណ្ណោះក្នុង ១០០គីឡូម៉ែត្រ។

Golf ប្រើម៉ាស៊ីនតូចនេះ បំពាក់យ៉ាន់ Alloy ទំហំ ១៦អ៊ីញ។ ចង្កៀង LED អូតូ, ផ្លិតទឹកអូតូ, សេនស័រចូលចតមុនក្រោយ និង កញ្ចក់ចំហៀងចុច ជាដើម។ បន្ថែមពីនេះ វាក៏មានកុងទ័រឌីជីថល Digital Cockpit Pro ទំហំ ១០អ៊ីញ និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០អ៊ីញផងដែរ។ Adaptive ក្នុងនោះមុខងារ Cruise Control, Dynamic Road Sign Display, Lane Assist និង Front Assist ក៏បំពាក់មកស្តង់ដារទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះមកដឹងពីតម្លៃសេវាផ្ទេរកម្មសិទ្ធិរថយន្ត!

តើអ្នកដឹងទេថា សេវាផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃប៉ុន្មាន??? ខាងក្រោមនេះជាតារាងតម្លៃទៅតាមប្រភេទរថយន្ត៖

  • សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬស្រាល
    • ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)
    • ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)
  • សម្រាប់កម្រៃការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធ្ងន់
    • ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)
    • ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)

ការផ្ទេរកម្មសិទ្ធិអាចធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅផ្លូវជាសុផារ៉ា ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ទៅតាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ
បញ្ជាក់តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដោយចុចទីនេះ!

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុគ្គលិក McLaren ជាង ២៥% ត្រូវវេចបង្វេចទៅផ្ទះ

McLaren Group ដែល​មាន​កាន់​កាប់​ក្រុម​ Formula 1 និង​ម៉ាក​យីហោ​ Supercar បាន​ប្រកាស​អំពី​ផែនការ​​កាត់​បន្ថយ​បុគ្គលិក​ ១២០០​នាក់ ដែល​ស្មើ​នឹង​ជាង​ ២៥% នៃ​ចំនួន​បុគ្គលិក​សរុប​របស់​ខ្លួន។

ការ​កាត់​បន្ថយ​បុគ្គលិក​នេះ​គឺ​ជា​ផ្នែក​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ឡើង​វិញ ដែល​កើត​មាន​ដោយ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩ និង​ការ​ចំណាយ​លើ​ការ​រៀប​ចំ​កម្មវិធី​ប្រណាំង​រថយន្ត Formula 1 នា​ឆ្នាំ ២០២១ ខាង​មុខ។

McLaren បាន​ឲ្យ​ដឹង​ថា​ខ្លួន​រង​​ផល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​ជំងឺ​កូវីដ​១៩ ដោយ​ការ​រំសាយ​ចោល​កម្មវិធី Formula 1 នា​ឆ្នាំ ២០២០ ការ​ផ្អាក​ការ​ផលិត​និង​ការ​លក់​រាយ រួម​ទាំង​តម្រូវ​ការ​មាន​ការ​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ខ្លួន​ជា​ខ្លាំង។

McLaren គឺ​ជា​ក្រុមហ៊ុន​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ដែល​បាន​កាត់​បន្ថយ​បុគ្គលិក​ព្រោះ​វិបត្តិ​កូវីដ​១៩។ កាល​ពី​សប្ដាហ៍​មុន Rolls-Royce Holdings ដែល​ជា​ក្រុមហ៊ុន​ផលិត​​ម៉ាស៊ីន​យន្តហោះ​របស់​អង់គ្លេស ​បាន​ប្រកាស​អំពី​ការ​កាត់​បន្ថយ​បុគ្គលិក​ ៩ពាន់​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប ៥២ ០០០ នាក់​​របស់​ខ្លួន៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin ចាប់ផ្ដើមផលិតឡើងវិញ នូវឡានដែលផ្អាកផលិត ៥៥ឆ្នាំមកហើយ

ក្រោយ​ពី​ចូល​រោងចក្រ​ផលិត​បាន​ពីរ​ឆ្នាំ និង​ផលិត​មិន​បាន​ ៩០០ គ្រឿង​ផង​ Aston Martin ក៏​បាន​សម្រេច​ចិត្ត​ឈប់​ផលិត​រថយន្ត​ម៉ូដែល DB5 ក្នុង​ឆ្នាំ ១៩៦៥។ ពេល​នេះ​ក្រុមហ៊ុន​បាន​បន្ត​ការ​ផលិត​រថយន្ត​នេះ​ឡើង​វិញ ជា​ស៊េរី​ពិសេស​ផលិត​មាន​កំណត់​ដែល​ឲ្យ​ឈ្មោះ​ថា​ DB5 Goldfinger Continuation។

រថយន្ត​ពិសេស​នេះ​ផលិត​ឡើង​ដោយ​សហការ​ជា​មួយ​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ James Bond ដែល​រថយន្ត​មួយ​គ្រឿងៗ​ចំណាយ​ពេល​ផលិត​​ប្រមាណ ៤៥០០ ម៉ោង និង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣,៣៧​លាន​ដុល្លារ មិន​គិត​បញ្ចូល​ថ្លៃ​ពន្ធ។ រថយន្ត​នេះ​ផលិត​មាន​កំណត់​ត្រឹម ២៥​គ្រឿង​ប៉ុណ្ណោះ។

រថយន្ត​ទាំង ២៥​គ្រឿង​គឺ​សុទ្ធ​តែ​ប្រើ​ប្រាស់​ពណ៌​ខាង​ក្រៅ​ឈ្មោះ Silver Birch ដូច​ជា​រថយន្ត​​​ដើម​ដំបូង​ ហើយ​វា​មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៤,០លីត្រ ៦​ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន ២៩០សេះ។ ម៉ាស៊ីន​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ដៃ ៦​វគ្គ ដែល​បញ្ចូល​កម្លាំង​ដល់​កង់​ខាង​ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Volvo XC40 ប្រភេទអត់ប្រើសាំង ចេញតម្លៃលក់ហើយ!

រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ Volvo គឺ XC40 Recharge P8 បានបង្ហាញខ្លួនជាផ្លូវការ នៅចក្រភពអង់គ្លេស ជាមួយនឹងតម្លៃចាប់ពី ៦៥ ៣៤០ដុល្លារ។

SUV ប្រណីតខ្នាតតូចនេះ បំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៤០២សេះ និងអាគុយកម្លាំង ៧៨គីឡូវ៉ាត់ម៉ោង ដែលគាំទ្រកម្លាំងសាក ១៥០គីឡូវ៉ាត់ អាចឲ្យវាសាកភ្លើងដល់ ៨០% ប្រើពេលត្រឹម ៤០នាទី។ XC40 Recharge P8 មានចម្ងាយបើកបរសរុប ៤០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ក្រុមហ៊ុនរថយន្តស៊ុយអែតនេះរំពឹងថានឹងបើកឲ្យបញ្ជាទិញ XC40 ប្រើអគ្គិសនី នៅលើទីផ្សារអឺរ៉ុបដទៃទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយអាចនឹងមានលក់នៅលើទីផ្សារអាមេរិកខាងជើង នៅចុងឆ្នាំ២០២០ ឬ ដើមឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Velar Manhart កម្លាំងជិត ៦០០សេះ ឯរាងកាចខ្លាំង

ថ្មីៗនេះ ក្រុមហ៊ុន Land Rover បានបញ្ចេញ SUV កម្លាំងខ្លាំងម៉ូដែល Range Rover Velar SVAutobiography Dynamic Edition ដែលបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged V8 មានកម្លាំង ៥៤២សេះ។

ទោះជាយ៉ាងណា កម្លាំងប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ Manhart ដែលជាក្រុមហ៊ុនកែច្នៃរថយន្តឡើយ ដោយពួកគេបានយករថយន្តខាងលើមកកែ ដោយឲ្យឈ្មោះថា Range Rover Velar SV 600 ដែលមានកម្លាំងរហូតដល់ទៅ ៥៩២សេះ។

ក្រៅពីកែច្នៃកម្លាំងម៉ាស៊ីន Manhart ក៏បានតុបតែងវាឲ្យមើលទៅរឹតតែកាច ព្រមទាំងផ្លាស់ប្តូរយ៉ាន់ថ្មី ទំហំ ២៣អ៊ីញផងដែរ។

យ៉ាងណាក៏ដោយ Manhart មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីដំណើរការរបស់វាឡើយ ប៉ុន្តែ Range Rover Velar SVAutobiography Dynamic Edition អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៧៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចុះតម្លៃឡានខ្លួនរហូតដល់ ៥ពាន់ដុល្លារ

ក្រុមហ៊ុន Tesla បាន​បញ្ចុះ​តម្លៃ​រថយន្ត Model 3, Model S និង Model X ដែល​លក់​លើ​ទីផ្សារ​អាមេរិក​ខាង​ជើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វិបសាយ Electrek។

រថយន្ត Model S និង Model X ឃើញ​ថា​មាន​ការ​បញ្ចុះ​តម្លៃ ៥ពាន់​ដុល្លារ ដោយ Model S នៅ​សល់​តម្លៃ ៧៤ ៩៩០ដុល្លារ និង Model X នៅ​សល់​តម្លៃ ៧៩ ៩៩០ដុល្លារ។ ចំណែក​ Model 3 វិញ​​មាន​ការ​បញ្ចុះ​តម្លៃ ២ពាន់​ដុល្លារ សម្រាប់​គ្រប់​ Option ទាំង​អស់​ ដោយ​ពេល​នេះ​វា​មាន​តម្លៃ​ចាប់​ពី ៣៧ ៩៩០​ដុល្លារ។ ចំពោះ Model Y ដែល​ជា​រថយន្ត​ថ្មី​របស់ Tesla មិន​មាន​ការ​ផ្លាស់​ប្ដូរ​តម្លៃ​ឡើយ។

បើ​តាម​ការ​បង្ហោះ​លើ​គណនី Weibo របស់ Tesla បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ក៏​នឹង​បញ្ចុះ​តម្លៃ​រថយន្ត Model S និង Model X ដែល​លក់​នៅ​ប្រទេស​ចិន​ដែរ។ យ៉ាងណាក្ដី​សម្រាប់ Model 3 ដែល​មាន​ផលិត​នៅ​ប្រទេស​ចិន នឹង​មាន​ផ្លាស់​ប្ដូរ​តម្លៃ​ឡើយ។

បើ​តាម Reuters បាន​ឲ្យ​ដឹង​ថា​ការ​បញ្ចុះ​តម្លៃ​នេះ គឺ​ដោយ​សារ Tesla ចង់​ប៉ះប៉ូវ​ការ​ថយ​ចុះ​តម្រូវ​ការ​រថយន្ត​ដែល​កើត​មាន​ព្រោះ​តែ​ជំងឺ​កូវីដ​១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធី Geneva Motor Show ឆ្នាំ ២០២១ ក៏អាចត្រូវរំសាយចោលដែរ

ក្រោយ​ពី​មាន​ការ​រំសាយ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show ឆ្នាំ ២០២០ នេះ​ដោយ​សារ​ជំងឺ​កូវីដ​១៩ វា​ទំនង​ជា​ការ​រំសាយ​នេះ​ត្រូវ​បន្ត​ដល់​កម្មវិធី​សម្រាប់​ឆ្នាំ ២០២១ ​ខាង​មុខ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្មីៗ​នេះ​ចេញ​ដោយ​​សហព័ន្ធ​កម្មវិធី​ Geneva International Motor Show បាន​ឲ្យ​ដឹង​ថា​​​ចំពោះ​ការ​រំសាយ​ឆ្នាំ​នេះ ខ្លួន​បាន​ស្នើ​សុំ​កញ្ចប់​ថវិកា​​​ពី​រដ្ឋាភិបាល​ទីក្រុង Geneva ដើម្បី​ជួយ​ដោះ​ស្រាយ​ដល់​ការ​ខាត​បង់​​ដែល​ប៉ាន់​ស្មាន​ថា​មាន​ប្រមាណ ១១,៣លាន​ដុល្លារ និង​ត្រៀម​សម្រាប់​កម្មវិធី​បន្ទាប់។

សហព័ន្ធ​បាន​ស្នើ​សុំ​ថវិកា​ប្រមាណ ១៧,៣លាន​ដុល្លារ ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​​ច្រាន​ដោយ​រដ្ឋាភិបាល​និយាយ​ថា​វា​ផ្ទុយ​ពី​​លក្ខន្តិកៈ​របស់​មូលនិធិ។ ដោយ​សារ​ហេតុផល​នេះ ​ក្រុមហ៊ុន​រថយន្ត​ធំៗ​ដែល​​ចូល​រួម​​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នេះ បាន​លើក​ទឹក​ចិត្ត​ឲ្យ​រៀប​ចំ​កម្មវិធី​នា​ឆ្នាំ ២០២២ ខាង​មុខ ដោយ​រំលង​ឆ្នាំ ២០២១ មួយ​ឆ្នាំ​ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG E53 Coupe និង Cabriolet ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ

រថយន្ត Mercedes-AMG E53 Coupe (ទ្វារ២) និង E53 Cabriolet (បើកដំបូល) ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានអាប់ដេតលើការឌីហ្សាញ, កាប៊ីន និងប្រព័ន្ធបង្ហាញព័ត៌មាន MBUX ផងដែរ។

E53 Coupe និង E53 Cabriolet ថ្មី បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ជាមួយប្រព័ន្ធ EQ Boost មានកម្លាំងសរុប ៤២៩សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប្រព័ន្ធប៉ុងពីរ 4Matic+។ រត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង E53 Coupe ប្រើពេល ៤,៣វិនាទី ខណៈ E53 Cabriolet ប្រើពេល ៤,៥នាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តប្រភេទស្ព័រនេះក៏មានបន្ថែមពណ៌ថ្មីមួយចំនួន រួមទាំង ពណ៌ប្រផេះ (Graphite Grey Metallic) និង ខៀវ (Designo Brilliant Blue Magno) ផងដែរ។

រថយន្ត Mercedes-AMG E53 Coupe និង E53 Cabriolet ស៊េរីឆ្នាំ២០២១ នឹងចេញលក់នៅចុងឆ្នាំ២០២០ ខណៈតម្លៃរបស់វានឹងប្រកាសពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 6-Series GT ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ

BMW 6-Series Gran Turismo ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយមានការឌីហ្សាញថ្មី កាន់តែទាក់ទាញ។

រថយន្ត 6-Series Gran Turismo ថ្មីនេះ នៅតែរក្សាទំហំខ្លួនដដែល គឺ ប្រវែង ៥,០៩១មីល្លីម៉ែត្រ, ទទឹង ១,៩០២មីល្លីម៉ែត្រ និងកម្ពស់ ១,៥៣៨មីល្លីម៉ែត្រ។ វាក៏មានផ្តល់ Option ចង្កៀងមុខ Adaptive LED ជាមួយនឹងបច្ចេកវិទ្យា BMW LaserLight ដែលអាចបាញ់ភ្លើងហ្វាបានចម្ងាយដល់ ៦៥០ម៉ែត្រឯណោះ។

ចំណែកឯក្នុងកាប៊ីនវិញ វាបំពាក់អេក្រង់ Touchscreen ទំហំ ១២,៣អ៊ីញ ក៏ដូចជាកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ព្រមទាំងប្រព័ន្ធសំឡេង Bowers & Wilkins Diamond Surround Sound System ១៦គ្រាប់ទៀតផង។

រថយន្ត BMW 6-Series ចែកចេញជាច្រើនម៉ូដែលផ្សេងៗគ្នា ដូចជា 630i Gran Turismo បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid 48V មានកម្លាំងសរុប ២៥៨សេះ ព្រមទាំងម៉ូដែល 640i Gran Turismo និង 640i xDrive Gran Turismo កម្លាំង ៣៣៣សេះ។

ចំពោះជម្រើសម៉ាស៊ីនម៉ាស៊ូតវិញ មានដូចជាម៉ូដែល 620d Gran Turismo កម្លាំង ១៩០សេះ, 630d Gran Turismo កម្លាំង ២៨៦សេះ និង 640d xDrive Gran Turismo កម្លាំង ៣៤០សេះ។

BMW នឹងប្រកាសតម្លៃនៃរថយន្ត 6-Series ឆ្នាំ២០២១ នាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+