ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Genesis G80 ស៊េរីឆ្នាំ ២០២១ ត្រូវគេយករត់តាក់ស៊ីនៅកូរ៉េខាងត្បូង

ក្រោយ​ពី​​បាន​បង្ហាញ​មុខ និង​ចេញ​លក់​លើ​ទីផ្សារ​បាន​មិន​យូរ​ប៉ុន្មាន​ផង​នោះ នា​ពេល​នេះ​គេ​ប្រទះ​ឃើញ​រថយន្ត Genesis G80 ស៊េរី​ថ្មី​ឆ្នាំ ២០២១ ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ធ្វើ​ជា​តាក់ស៊ី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

រូបភាព​ដែល​គេ​បាន​ចែក​ចាយ​លើ​អនឡាញ​នៅ​ Bobaedream បាន​បង្ហាញ​អំពី​រថយន្ត Genesis G80 ពណ៌​ស​ បើកបរ​លើ​​ដង​ផ្លូវ ហើយ​មាន​ដាក់​ផ្លាក​​តាក់ស៊ី​នៅ​លើ​ដំបូង​រថយន្ត។ វា​អាច​មិន​ចម្លែក​នោះ​ទេ​ដែល​រថយន្ត​ប្រណីត​ស៊េរី​ថ្មី​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​តាក់ស៊ី ដោយ​រថយន្ត​នេះ​មាន​ផលិត​នៅ​កូរ៉េ​ខាង​ត្បូង ដែល​អាច​ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ធូរ ក្លាយ​ជា​ជម្រើស​តាក់ស៊ី​​ប្រណីត​ដ៏​ល្អ​មួយ ​មិន​ខុស​អី​ពី​នៅ​អាល្លឺម៉ង់ ដែល​គេ​យក​រថយន្ត Mercedes-Benz ធ្វើ​ជា​តាក់ស៊ី​នោះ​ទេ។

គួរ​ដឹង​ថា​នៅ​កូរ៉េ​ខាង​ត្បូង រថយន្ត​​ប្រណីត Genesis G80 ស៊េរី​ឆ្នាំ ២០២១ នេះ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ Chevrolet បង្ហាញតម្លៃឡាន Corvette ឆ្នាំ២០២១ បាត់!

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ក្រុមហ៊ុន Chevrolet នឹងបន្តដាក់លក់រថយន្តស្ព័រ Corvette Stingray ស៊េរីឆ្នាំ២០២១ របស់ខ្លួន ក្នុងតម្លៃចាប់ពី ៥៩ ៩៩៥ដុល្លារ ដូចស៊េរីឆ្នាំ២០២០ អីចឹងដែរ។

រថយន្ត Chevrolet Corvette Stingray ថ្មី នឹងមានការផ្លាស់ប្តូរដ៏ធំមួយ គឺ ប្រព័ន្ធបូម Magnetic Ride Control ដែលនឹងក្លាយជា Option ដាច់ដោយឡែកតែឯង ដែលមានន័យថា អតិថិជនមិនបាច់ទិញ Option “Z51 Performance Package” ឡើយ ប្រសិនបើពួកគេចង់បានប្រព័ន្ធបូមនេះ។

បន្ថែមពីនេះ Chevrolet នឹងបោះបង់ពណ៌ចំនួន ២ គឺ ពណ៌ទឹកប្រាក់ Blade Silver និង ក្រហម Long Beach Red ប៉ុន្តែបន្ថែមពណ៌ទឹកប្រាក់ Silver Flare និង ក្រហម Red Mist Metallic វិញ។

គួរឲ្យដឹងថា Chevrolet លក់ដាច់រថយន្ត Corvette Stingray ឆ្នាំ២០២០ សរុបចំនួន ២០ ១៨១គ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តូចតែខ្លឹម! ឡានស្ព័រ Toyota GR Yaris RS ចេញលក់នៅជប៉ុនហើយ!

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តស្ព័រខ្នាតតូច ម៉ូដែល GR Yaris RS ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន។

គួរឲ្យដឹងថា រថយន្ត Toyota GR Yaris មានសរុបចំនួន ៣ ម៉ូដែល គឺ RZ, RC និង RS នេះ។ GR Yaris RS នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ naturally aspirated ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៨សេះ ប្រើប្រអប់លេខអូតូ Direct Shift-CVT និងប៉ុងមួយវិលកង់មុខ។

Toyota អះអាងថា RS នេះផ្តល់នូវដំណើរការ និងកម្លាំងសមល្មមមួយ ដែលអ្នកអាចទទួលបានបទពិសោធន៍បើកបរដ៏សប្បាយ និងអស្ចារ្យមួយ។ ជាមួយគ្នានេះ វាក៏មានបំពាក់បន្ទះដាក់លេខនៅលើដៃចង្កូត ដើម្បីផ្តល់បទពិសោធន៍ឲ្យដូចរថយន្តប្រើលេខដៃទៀតផង។

មិនតែប៉ុណ្ណោះ GR Yaris RS មានទម្ងន់ស្រាល ត្រឹមតែ ១ ១៣០គីឡូក្រាមប៉ុណ្ណោះ ហើយក៏ទទួលបានការអាប់ដេតលើប្រព័ន្ធជើងក្រោម, ប្រព័ន្ធហ្វ្រាំង និងគ្រឿងលេងលើតួខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ Lexus បង្ហើបរូបរាងឡាន IS ស៊េរីថ្មីឆ្នាំ ២០២១

Lexus បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង​ជា​មួយ​រូបភាព Teaser នៃ​រថយន្ត​​ម៉ូដែល IS ស៊េរី​ឆ្នាំ ២០២១ ដែល​កន្លង​មក​គេ​មិន​ធ្លាប់​លេច​ឮ​ចចាមអារ៉ាម ឬ​ប្រទះ​ឃើញ​រថយន្ត​នេះ​បើកបរ​សាក​ល្បង​លើ​ដង​ផ្លូវ​នោះ​ឡើយ។

Lexus បាន​ឲ្យ​ដឹង​ថា​រថយន្ត​ IS ជំនាន់​ថ្មី​ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ៩ ខែ​មិថុនា​ខាង​មុខ​នេះ។ តាម​រយៈ​រូបភាព Teaser នៃ​ផ្នែក​ខាង​ក្រោយ​របស់​រថយន្ត​ អាច​បញ្ជាក់​ថា​រថយន្ត​ IS ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី ដោយ​​សារ​​អំពូល​ឆ្នូត​ពណ៌​ក្រហម​នេះ​មិន​មាន​លើ​ស៊េរី​បច្ចុប្បន្ន​ឡើយ ហើយ​វា​ជា​អត្តសញ្ញាណ​មួយ​​​ដែល​ Lexus បាន​ប្រើ​លើ​រថយន្ត​ស៊េរី​ថ្មីៗ​កន្លង​មក។

ចំពោះ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​អំពី Lexus IS ជំនាន់​ថ្មី គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ជា​មួយ​នឹង​ការ​ឈប់​ផលិត​រថយន្ត​ម៉ូដែល GS គេ​ជឿជាក់​ថា​ម៉ូដែល IS ថ្មី​អាច​នឹង​មាន​ការ​កែ​សម្រួល​​ជា​ពិសេស​ដើម្បី​អាច​ជំនួស​ម៉ូដែល GS ដូច​ជា​មាន​ផ្នែក​ខាង​ក្នុង​ទំហំ​ធំ និង​មាន​រូបរាង​កាន់​តែ​កាត់​ទៅ​បែប​ស្ព័រ​ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងរបស់វៀតណាម នឹងចាប់ផ្ដើមផលិតឆ្នាំ ២០២១

ម៉ាក​យីហោ​រថយន្ត​ដំបូង​របស់​វៀតណាម VinFast បាន​ប្រកាស​ថា​ខ្លួន​នឹង​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​ក្រោយ​នេះ ដោយ​យក​សហរដ្ឋអាមេរិក​ជា​ទីផ្សារ​គោលដៅ។ VinFast មាន​ផែនការ​ថា​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​នេះ​ក្នុង​កម្មវិធី Los Angeles Auto Show នា​ខែ​វិច្ឆិកា​ឆ្នាំ ២០២០ នេះ។

ក្រុមហ៊ុន VinFast នឹង​ប្រើ​ប្រាស់​អាគុយ​ដែល​ផលិត​ឡើង​​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង LG Chem។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ VinFast បាន​ប្រកាស​ថា ៖ “យើង​រំពឹង​ថា​នឹង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ជា​ផ្លូវ​ការ​នៅ​កម្មវិធី Los Angeles Auto Show ខែ​វិច្ឆិកា ឆ្នាំ ២០២០ រួច​ចាប់​ផ្ដើម​ការ​សាក​ល្បង​រថយន្ត​នៅ​ខែ​មករា ឆ្នាំ ២០២១ ហើយ​ការ​ផលិត​ទ្រង់ទ្រាយ​ធំ​នឹង​ធ្វើ​ឡើង​ត្រឹម​ខែ​កក្កដា ឆ្នាំ ២០២១។”

រថយន្ត​អគ្គិសនី​របស់ VinFast ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ក្រុមហ៊ុន​ឌីហ្សាញ​របស់​អ៊ីតាលី​ឈ្មោះ Pininfarina ដោយ​វា​អាច​ជិះ​បាន​ចម្ងាយ ៥០០​គ.ម ពេល​សាក​ភ្លើង​ពេញ។ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩ ក្រុមហ៊ុន LG Chem បាន​បង្កើត​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​រួម​គ្នា​ជា​មួយ VinFast ដើម្បី​ផលិត​អាគុយ​លីចូម​សម្រាប់​ម៉ូតូ និង​រថយន្ត​របស់ VinFast។

គួរ​ដឹង​ថា​ VinFast អាច​បញ្ចេញ​លក់​រថយន្ត​បាន ៥១២៤គ្រឿង នៅ​ត្រីមាស​ដំបូង​នា​ឆ្នាំ ២០២០ ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក។ លទ្ធផល​លក់​នេះ​អាច​ឲ្យ​ក្រុមហ៊ុន​ស្ថិត​នៅ​លំដាប់​លេខ ៥ នាំ​មុខ​ម៉ាក​យីហោ​ដទៃ​ដូច​ជា​ Mitsubishi, Mazda និង Ford។ រថយន្ត​ដែល​ VinFast មាន​លក់​បច្ចុប្បន្ន​មាន​ Lux SA2.0, Lux A2.0 និង Fadil៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ SsangYong Musso ឆ្នាំ២០២០ អាចដឹកទម្ងន់ដល់ ៦,៩តោន តម្លៃ ២៦០០០ដុល្លារ

ក្រុមហ៊ុនរថយន្តកូរ៉េ SsangYong បានប្រកាសចេញរថយន្តភីកអាប់ Musso ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ នៅលើទីផ្សារអឺរ៉ុប ដោយបន្ថែមប្រភេទគ្រែដឹកវែងជាងមុន។

រថយន្ត SsangYong Musso ថ្មីនេះមានគ្រែដឹកវែងជាងមុន ៣១០មីល្លីម៉ែត្រ ខណៈផ្តល់កាប៊ីនដែលមានកន្លែងអង្គុយសម្រាប់មនុស្ស ៥នាក់ដដែល។ ភីកអាប់នេះអាចដឹករហូតដល់ទៅទម្ងន់ ៦,៩តោន ហើយអូសសណ្តោងបានទម្ងន់ ៣,៥តោនឯណោះ។

SsangYong Musso បំពាក់ម៉ាស៊ីនម៉ាស៊ូត e-XDi220 ចំណុះ ២,២លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៩សេះ។ វាមានទាំងជម្រើសលេខដៃ និងលេខអូតូ ៦វគ្គ ខណៈប្រព័ន្ធប៉ុងពីរ4WD ត្រូវបានបំពាក់មកស្តង់ដារតែម្តង។

ភីកអាប់នេះផ្តល់ជម្រើសដល់ទៅ ៤ម៉ូដែល គឺ EX, Rebel, Saracen និង Rhino ដែលមានតម្លៃចាប់ពី ២៦ ៩៥០ដុល្លារ ដល់ ៣៦ ៧៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃខ្លួន ១,១លានដុល្លាររបស់ Nissan GT-R50 បើទិញឡានផ្សេង បានអីខ្លះ?

ថ្មីៗនេះក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តស្ព័រផលិតមានចំនួនកំណត់ GT-R50 By Italdesign របស់ខ្លួនជាផ្លូវការ ដែលមានតម្លៃខ្លួនរហូតដល់ទៅ ១,‌លានដុល្លារឯណោះ។ រថយន្តដែលផលិតត្រឹម ៥០គ្រឿងលើពិភពលោកនេះ បំពាក់ម៉ាស៊ីនផលិតដោយដៃចំណុះ ៣,៨លីត្រ twin-turbocharged V6 មានកម្លាំង ៧១០សេះ។

ជាមួយនឹងតម្លៃប៉ុណ្ណេះ ប្រសិនបើយកទៅទិញរថយន្តផ្សេង តើបានអីខ្លះ? ខាងក្រោមនេះគឺជាចម្លើយ៖

រថយន្ត Nissan GT-R ១០គ្រឿង ឬ Nissan GT-R Nismo ៥គ្រឿង

រថយន្ត Aston Martin V12 Speedster (៩៣៨ ៥០០ដុល្លារ)

រថយន្ត McLaren Senna (១,០៥លានដុល្លារ)

រថយន្ត Lamborghini Aventador SVJ (៥១៨ ០០០ដុល្លារ) + Urus (២១១ ២០០ដុល្លារ) + Huracan Evo Spyder (២៨៧ ៤០០ដុល្លារ)

រថយន្ត Ferrari 812 Superfast (៣៣៨ ៧៥០ដុល្លារ) + Ferrari SF90 Stradale (៦២៥ ០០០ដុល្លារ)

រថយន្ត Porsche 718 Spyder (៩៧ ៦៥០ដុល្លារ) + 718 Cayman GT4 (១០០ ៥៥០ដុល្លារ) + 911 Turbo S Cabriolet (២១៧ ៦៥០ដុល្លារ) + Taycan Turbo S (១៨៨ ៩៦០ដុល្លារ) + Panamera Turbo S E-Hybrid Sport Turismo (១៩៣ ០៥០ដុល្លារ) + Macan Turbo (៨៥ ៩៥០ដុល្លារ) + Cayenne Turbo S E-Hybrid Coupe (តម្លៃ ១៦៥ ៧៥០ដុល្លារ) សរុបអស់តែ ១,០៥លានដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរាយប្រេងឥន្ធនៈត្រឹមថ្ងៃទី០១ ដល់ ១៥ ខែមិថុនា ឆ្នាំ២០២០!

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយតម្លៃរាយសម្រាប់សាំងធម្មតា EA92 ២ ៧០០ រៀល/លីត្រ និង ២ ៥០០ រៀល/លីត្រសម្រាប់ប្រេងម៉ាស៊ូត។

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការ៖

ប្រភព៖ ក្រសួងពាណិជ្ជកម្ម
ប្រភព៖ ក្រសួងពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតម្លៃលក់ហើយ ឡាន Chevrolet Suburban Z71 ស៊េរីឆ្នាំ២០២១

រថយន្ត Chevrolet Suburban ប្រភេទ Z71 ស៊េរីឆ្នាំ២០២១ បានប្រកាសចេញតម្លៃលក់ជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Chevrolet Suburban Z71 ថ្មីនេះ បំពាក់ម៉ាស៊ីនចំណុះ ៥,៣លីត្រ V8 មានកម្លាំង ៣៥៥សេះ មកស្តង់ដារតែម្តង ប៉ុន្តែក៏មានជម្រើសម៉ាស៊ីនធំមួយទៀត ចំណុះ ៦,២លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៤២០សេះ។ វាប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។

រថយន្ត Chevrolet Suburban Z71 ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៣ ១៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទម៉ាស៊ីនធំចំណុះ ៦,២លីត្រ។ គួរឲ្យដឹងថា Chevrolet Suburban ប្រភេទធម្មតា (Base Model) ប្រើម៉ាស៊ីនតូច មានតម្លៃចាប់ពីត្រឹម ៥២ ៩៩៥ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បាត់មុខយូរ! ម៉ូដែល Type S នឹងមានលើឡាន Acura វិញ កាន់តែខ្លាំងជាងមុនទៅទៀត!

បន្ទាប់ផ្អាកផលិតម៉ូដែល Type S អស់រយៈពេលជាយូររួចមក ឥឡូវម៉ូដែលនេះនឹងមានលើរថយន្ត Acura វិញ គឺប្រើលើម៉ូដែល TLX។

រថយន្ត Acura TLX Type S ស៊េរីឆ្នាំ២០២១ នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged V6 ដែល Acura សន្យាថា នឹងមានកម្លាំងខ្លាំងជាងម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៩០សេះ ដែលមានបំពាក់លើ Type S ស៊េរីមុនៗទៅទៀត។

ក្រៅពីប្រើម៉ាស៊ីនថ្មី Type S នឹងបំពាក់ប្រព័ន្ធហ្វ្រាំងប្រភេទ high-performance ថ្មី និង ប្រព័ន្ធប៉ុងពីរ Super Handling All-Wheel Drive ផងដែរ។ ទោះជាយ៉ាងណា Type S នឹងមិនមានជម្រើសលេខដៃឡើយ។

យ៉ាងណាក៏ដោយ រថយន្ត Acura TLX Type S ថ្មីខាងលើ នឹងចេញលក់នាឆ្នាំ២០២១ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+