ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហាងលក់ Lexus លេងប្រើក្បាច់ផ្ញើសារទៅម្ចាស់រថយន្ត Tesla ឲ្យយករថយន្តមកប្ដូរ

ហាង​លក់​រថយន្ត​ Lexus មួយ​កន្លែង​នៅ Texas ហាក់​មាន​ភាព​ហាន​ក្លា​ខ្លាំង ដោយ​បាន​ផ្ញើ​ខិត្តប័ណ្ណ​ទៅ​ម្ចាស់​រថយន្ត​ Tesla ឲ្យ​ពួក​គេ​យក​រថយន្ត​មក​ប្ដូរ​ជា​មួយ​រថយន្ត Lexus។

តាម​ការ​ចុះ​ផ្សាយ​របស់​ Electrek​ ហាង​​ដែល​មាន​ឈ្មោះ Lexus of Lakeway បាន​ព័ត៌មាន​អំពី​ម្ចាស់​រថយន្ត​ Tesla ដែល​មាន​ក្នុង​តំបន់​ខ្លួន រួច​ផ្ញើ​ខិត្តប័ណ្ណ​ទៅ​ពួក​គេ​ ដែល​ខិត្តប័ណ្ណ​នោះ​មាន​ផ្ដល់​ការ​បញ្ចុះ​តម្លៃ​បន្ថែម​ ១ ពាន់​ដុល្លារ​សម្រាប់​ការ​ទិញ​រថយន្ត​ Lexus។ លើ​ខិត្តប័ណ្ណ​ក៏​មាន​បញ្ចូល​ភាព​ទាក់ទាញ​ច្រើន​ចំណុច​ដូច​ជា មាន​ប្រព័ន្ធ​ Network ហាង​លក់​ក្នុង​តំបន់ មិន​មាន​ការ​ពន្យារ​ពេល​លើ​គ្រឿង​បន្លាស់ អស់​បារម្ភ​អំពី​ការ​ថាំ​ចិត្ត​នឹង​រយៈ​ចម្ងាយ​បើកបរ​ និង​ការ​ហ៊ាន​ទិញ​​យក​រថយន្ត​ Tesla ចូល​ក្នុង​តម្លៃ​ខ្ពស់​ទៀត​ផង។

គួរ​ដឹង​ថា​រថយន្ត​​ដែល​សន្សំសំចៃ​បំផុត​និង​​មិន​ប៉ះពាល់​​ដល់​បរិស្ថាន​ដែល Lexus មាន​លក់​នៅ​អាមេរិក គឺ​មាន​​តែ​ប្រភេទ Hybrid ជា​មួយ​ម៉ូដែល UX NX RX ES LS និង LC ដែល​ក្រៅ​ពី​នោះ​ជា​ប្រភេទ​ប្រើ​ម៉ាស៊ីន​​ប្រេង​ឥន្ធនៈ​សុទ្ធ៕​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បិទរោងចក្រមានតែមួយគត់របស់ខ្លួន ក្រោយផ្ទុះ COVID-19 នៅអ៊ីតាលី

ក្រុមហ៊ុន Lamborghini បាន​ប្រកាស​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​រោងចក្រ​​នៅ​តំបន់ Sant’Agata Bolognese នៃ​ប្រទេស​អ៊ីតាលី នឹង​ត្រូវ​បិទ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ ២៥ ខែ​មីនា ជា​ការ​គាំទ្រ​ដល់​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ក្រោយ​ពី​មាន​ការ​ផ្ទុះ COVID-19 ធ្ងន់ធ្ងរ​នៅ​ប្រទេស​នេះ។

គួរ​ដឹង​ថា​​ម៉ាក​រថយន្ត​ Lamborghini ទាំង​អស់​គឺ​សុទ្ធ​តែ​ផលិតផល​នៅ​រោងចក្រ​ខាង​លើ ដែល​មាន​ន័យ​ថា​អំឡុង​ប្រមាណ ២ សប្ដាហ៍​ទៀត ទើប​មាន​ការ​ផលិត​រថយន្ត​ Lamboghini ថ្មីៗ។

កាល​ពី​ថ្ងៃ​ពុធ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ៊ីតាលី លោក Giuseppe Conte បាន​បញ្ជា​ឲ្យ​បិទ​ហាង​ទាំង​អស់​នៅ​អ៊ីតាលី​​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែ​មីនា លើក​លែង​តែ​ហាង​លក់​គ្រឿង​ទេស ឱសថ​ស្ថាន​ និង​ហាង​មួយ​ចំនួន​ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ផ្ដល់ប្រាក់រង្វាន់ដល់ ៥៦០០ដុល្លារ ដល់បុគ្គលិក សម្រាប់ការងារឆ្នាំ ២០១៩

ត្បិត​ថា​ទីផ្សារ​រថយន្ត​ហាក់​ដាំ​ក្បាល​ចុះ​ក៏​ពិត​មែន ប៉ុន្តែ​ក្រុមហ៊ុន Volkswagen អាច​បិទ​បញ្ចប់​ឆ្នាំ ២០១៩ ជា​មួយ​លទ្ធផល​វិជ្ជមាន។ ក្រុមហ៊ុន​នេះ​អាច​បិទ​បញ្ចប់​ឆ្នាំ​ជា​មួយ​កំណើន​លក់​រថយន្ត ២,៦% ធៀប​នឹង​ឆ្នាំ​មុន។ ពេល​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ថា​​ធ្វើ​ការ​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​សម្រាប់​ការងារ​ឆ្នាំ ២០១៩។

បុគ្គលិក​ Volkswagen នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់ ៥៦០០ ដុល្លារ ដោយ​លោក​ Dr. Herbert ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​លើក​សរសើរ​បុគ្គលិក​ដែល​ខិត​ខំ​ធ្វើ​ការ​បាន​ល្អ។ លោក​និយាយ​បែប​នេះ​ថា ៖ “បុគ្គលិក​​នៃ Volkswagen បាន​បង្ហាញ​អំពី​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​ខ្លាំង​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ឆ្នាំ ២០១៩។”

យ៉ាងណាក្ដី​សម្រាប់​ឆ្នាំ ២០២០ នេះ​ ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​លទ្ធផល​អវិជ្ជមាន​ដែល​អាច​កើន​ឡើង​ដោយ​សារ​ទីផ្សារ​រថយន្ត​រំពឹង​ថា​នឹង​បន្ត​ដាំ​ក្បាល​ចុះ ទន្ទឹម​នឹង​ការ​ផ្ទុះ​នូវ​វីរុស COVID-19 ផង​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW i8 នឹងត្រូវបញ្ឈប់ការផលិតនៅខែមេសានេះ

ពេល​ដែល​បង្ហាញ​ចេញ​រថយន្ត​ BMW i8 Ultimate Sophisto កាល​ពី​​ដើម​ខែ​កញ្ញា ឆ្នាំ ២០១៩ ក្រុមហ៊ុន​ BMW បាន​ប្រកាស​អំពី​ផែនការ​បញ្ឈប់​ការ​ផលិត​រថយន្ត​ស្ព័រ​ដែល​សាក​ភ្លើង​បាន​មួយ​នេះ។

BMW i8 Ultimate Sophisto

កន្លង​មក BMW មិន​ធ្លាប់​បាន​បង្ហាញ​កាល​បរិច្ឆេទ​​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ Autocar កាល​ពី​ដើម​ឆ្នាំ​បាន​ប្រាប់​ថា​​រថយន្ត i8 អាច​នឹង​បញ្ឈប់​ការ​ផលិត​នៅ​ខែ​មេសា។ ពេល​នេះ​ដែរ BMW ក៏​បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ ការ​ផលិត​រថយន្ត​ i8 នឹង​បញ្ចប់​នៅ​ពាក់​កណ្ដាល​ខែ​មេសា​។

រថយន្ត i8 បាន​ប្រកាស​ចេញ​កាល​ពី​ ៦ ឆ្នាំ​មុន ដោយ​នៅ​ខែ​ធ្នូ​​ឆ្នាំ ២០១៩ ​រថយន្ត​នេះ​មាន​ចំនួន​ផលិត​ដល់ ២ ម៉ឺន​គ្រឿង ដែល​រថយន្ត​ទី ២ ម៉ឺន គឺ​រំកិល​ចេញ​ពី​រោងចក្រ​ដំឡើង​នៅ​ Leipzig ប្រទេស​អាល្លឺម៉ង់។ តួ​លេខ​នេះ​​អាច​ឲ្យ BMW អះអាង​ថា i8 គឺ​ជា​រថយន្ត​ស្ព័រ​សាក​ភ្លើង​បាន​ ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងអាចផលិតឡាន ៥សែនគ្រឿងក្នុងមួយឆ្នាំ បើធ្វើរឿងនេះបាន!

ក្រុមហ៊ុន Tesla មានបំណងចង់បង្កើនការផលិតគ្រឿងគ្រូវរថយន្តមួយចំនួន នៅឯរោងចក្រតម្លៃ ២ពាន់លានដុល្លាររបស់ខ្លួន ក្នុងប្រទេសចិន។

យោងតាមប្រភពព័ត៌មាន Tesla មានគម្រោងចង់បន្ថែមខ្សែសង្វាក់ផលិតកម្មនៅរោងចក្រ ក្នុងទីក្រុងសៀងហៃ ដើម្បីបង្កើនការផលិត កញ្ចប់អាគុយអគ្គិសនី, ម៉ូទ័រអគ្គិសនី និងប្លុកបញ្ជាម៉ូទ័រ។

សូមបញ្ជាក់ថា គ្រឿងគ្រូវជាង ៧០% ដែលប្រើលើរថយន្ត Tesla ផលិតនៅចិន សុទ្ធតែជាគ្រឿងនាំចូលមកពីក្រៅទាំងអស់។ Tesla ធ្លាប់បាននិយាយថា ខ្លួនចង់ប្រើគ្រឿងគ្រូវដែលផលិតក្នុងប្រទេសចិនទាំងអស់ នៅចុងឆ្នាំ២០២០ នេះ។

យ៉ាងណាក៏ដោយ Tesla មានបំណងចង់ផលិតរថយន្ត Model 3 ឲ្យបាន ១៥០ ០០០គ្រឿង នៅរោងចក្រក្នុងទីក្រុងសៀងហៃ មុនពេលបង្កើនចំនួនដល់ ២៥០ ០០០គ្រឿង ក្នុងមួយឆ្នាំ ដោយក្នុងនោះរួមមានទាំង Model Y ផងដែរ។ ប្រសិនបើធ្វើបានមែន នោះ Tesla នឹងអាចដឹកចេញរថយន្តអគ្គិសនីទៅកាន់ទីផ្សារទូទាំងពិភពលោកចំនួន ៥០០ ០០០គ្រឿងក្នុងមួយឆ្នាំ នៅចុងឆ្នាំ២០២០ ខាងមុខតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡានស្ព័រ GT86 ម៉ូដែល Black Limited ខ្មៅក្រិបទាក់ភ្នែកខ្លាំង

ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តស្ព័រ GT86 ម៉ូដែល Black Limited ថ្មី សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយមានតួខ្លួនពណ៌ខ្មៅក្រិបតែម្តង។

រថយន្ត Toyota GT86 Black Limited នេះ មានតួខ្លួនពណ៌ខ្មៅហៅថា Crystal Black Silica រំលេចដោយយ៉ាន់អាលុយមីញ៉ូមពណ៌ទង់ទំហំ ១៧អ៊ីង, ហ្វ្រាំងឌីស Brembo ទំហំ ១៧អ៊ីង ក៏ដូចជាបូម Sachs ផងដែរ។

ជាមួយគ្នានេះ កាប៊ីនផ្នែកខាងក្នុងត្រូវបានរចនាមកពណ៌ខ្មៅសុទ្ធ រំលេចដោយពណ៌ទង់ដែងដូចគ្នាដែរ ហើយមានបំពាក់ឡូហ្គូ Black Limited លើតាប្លូផ្នែកអ្នកដំណើរ។

GT86 Black Limited នេះ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៤សេះ ប្រើប្រអប់លេខដៃ ៦វគ្គ ខណៈជម្រើសប្រអប់លេខអូតូ ៦វគ្គ មានកម្លាំងត្រឹម ១៩៧សេះប៉ុណ្ណោះ។

រថយន្តនេះនឹងត្រូវផលិតត្រឹមតែ ៨៦គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ពី ៣០ ៨៧០ដុល្លារសម្រាប់លេខដៃ និង ៣១ ៤៦០ដុល្លារសម្រាប់លេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានបើកដំបូលថ្មីរបស់ Volkswagen ចេញតម្លៃលក់ផ្លូវការហើយ!

Volkswagen បានទាក់ទាញចំណាប់អារម្មណ៍អតិថិជនរបស់ខ្លួន ជាមួយនឹងរថយន្តបើកដំបូលថ្មី ម៉ូដែល T-Roc Cabriolet ដែលនឹងចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអាល្លឺម៉ង់ និងទីផ្សារអឺរ៉ុបផ្សេងទៀត ចាប់ពីថ្ងៃទី២០ ខែមីនា នេះ។

រថយន្ត Volkswagen T-Roc Cabriolet អាចបើកដំបូលបានដោយប្រើពេល ៩វិនាទី ខណៈកំពុងបើកបរដល់ល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

T-Roc Cabriolet ចែកចេញជា ២ម៉ូដែល គឺ T-Roc Cabriolet Style និង T-Roc Cabriolet R-Line។ ម៉ូដែល Style បំពាក់ម៉ាស៊ីនចំណុះ ១,០លីត្រ TSI turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១១៣សេះ ប្រើប្រអប់លេខដៃ ៦វគ្គ។ ដោយឡែក ម៉ូដែល R-Line វិញ បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ TSI turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ ហើយមានជម្រើសទាំងលេខដៃ ៦វគ្គ និងលេខអូតូ ៧វគ្គ ប្រភេទ dual-clutch។

យ៉ាងណាក៏ដោយ រថយន្តបើកដំបូលនេះមិនមាន Option ប៉ុងពីរ 4Motion AWD ដ៏ល្បីល្បាញប្រចាំត្រកូល Volkswagen ឡើយ។ ចំពោះតម្លៃវិញគឺចាប់ពី ៣១ ០៧០ដុល្លារសម្រាប់ម៉ូដែល Style និង ៣៧ ០៧០ដុល្លារសម្រាប់ម៉ូដែល R-Line៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Corvette ថ្មី ជាន់ពីកុងទ័រ ០-១០០ ប្រើពេលតែ ២,៨វិនាទី (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមការងារមកពីគេហទំព័ររថយន្ត Motor Trend បានយករថយន្ត Chevrolet Corvette Stingray ស៊េរីឆ្នាំ២០២០ (ផលិតផលសម្រេច) ធ្វើតេស្តសមត្ថភាពជាច្រើន ដោយទទួលបានលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។

រថយន្តស្ព័រអាមេរិកថ្មីនេះ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ naturally-aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ។ វាមានសមត្ថភាពអាចជាន់ពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៨វិនាទីប៉ុណ្ណោះ។

បើនិយាយពីសមត្ថភាពប្រព័ន្ធហ្វ្រាំងរបស់វាវិញ Chevrolet Corvette Stingray ថ្មី អាចជាន់ពីកុងទ័រ ១០០-០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើចម្ងាយត្រឹមតែ ៣០ម៉ែត្រប៉ុណ្ណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីបង្ហាញរថយន្តនៅញ៉ូវយក ត្រូវរងគ្រោះព្រោះ COVID-19

កម្មវិធី​តាំង​បង្ហាញ​រថយន្ត New York Auto Show ដែល​គ្រោង​ធ្វើ​ឡើង​នា​ខែ​​មេសា​ខាង​មុខ​នេះ ត្រូវ​ពន្យារ​ពេល​ជា​ផ្លូវ​ការ ទោះ​បី​ជា​កន្លង​មក​មាន​ការ​អះអាង​ថា​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​តាម​ការ​គ្រោង​ទុក​ថ្វី។

ក្នុង​អ៊ីមែល​ផ្ញើ​ទៅ​កាន់​​សមាគម​អ្នក​ចែកចាយ​រថយន្ត​នៅ​ញូវយ៉ក មាន​និយាយ​ថា ស្ថានភាព​នៃ​​ការ​រាតត្បាត​វីរុស​កូរ៉ូណា​ដែល​កំពុង​កើត​មាន​ បាន​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នៃ​ផែនការ។

ជា​លទ្ធផល​កម្មវិធី​នេះ​ត្រូវ​លើក​ពី​ខែ​មេសា ទៅ​កាន់​តែ​សីហា​វិញ។ ខណៈ​ពេល​នេះ​កាល​បរិច្ឆេទ​ដែល​កំណត់​​​សម្រាប់​កម្មវិធី​សារព័ត៌មាន​គឺ​នៅ​ថ្ងៃ​ទី ២៦ និង ២៧ ខែ​សីហា ខណៈ​ការ​បង្ហាញ​ដល់​សាធារណជន​គឺ​ចាប់​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា ដល់​ថ្ងៃ​ទី ៦ ខែ​កញ្ញា៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla សាទរការផលិតរថយន្តអគ្គិសនីបាន ១ លានគ្រឿង

Tesla ធ្លាប់​ជួប​ប្រទះ​បញ្ហា​ទាក់ទង​នឹង​ការ​ផលិត​ដែល​ជាប់​គាំង​សម្រាប់​រថយន្ត​ Model 3 ហើយ​ពេល​នោះ​ក្រុមហ៊ុន​ត្រូវ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ។

ប៉ុន្តែ​នៅ​ឆ្នាំ ២០២០ នេះ Tesla មាន​រឿង​ត្រូវ​អបអរ​ជា​ច្រើន។ ឆ្នាំ​នេះ Tesla Model 3 កំពុង​ឈាន​ជើង​ក្លាយ​ជា​រថយន្ត​អគ្គិសនី​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​លោក ដែល​​អាច​យក​ឈ្នះ​រថយន្ត​ Nissan Leaf។ Tesla ក៏​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក មាន​តម្លៃ​ជាង​គេ​ក្នុង​លោក​ផង​ដែរ។ ហើយ​ពេល​នេះ​ក្រុមហ៊ុន​កំពុង​សាទរ​ចំពោះ​ការ​ផលិត​រថយន្ត​ដល់​កម្រិត​កំពូល​មួយ គឺ​ Tesla បាន​ផលិត​រថយន្ត​ទី ១ លាន​គ្រឿង​របស់​ខ្លួន​ហើយ។

តាម​រយៈ​គណនី Twitter ផ្លូវ​ការ​របស់​លោក Elon Musk ​​បាន​បង្ហោះ​រូបភាព​ថត​នៅ​រោងចក្រ​ Fremont របស់ Tesla ដែល​វា​បង្ហាញ​នូវ​រថយន្ត​ទី ១ លាន ដែល​ជា​រថយន្ត Tesla Model Y ពណ៌​ក្រហម។

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ​ដូច​ជា Ford Toyota និង Volkswagen អាច​ផលិត​រថយន្ត​បាន​រាប់​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​សម្រាប់​ Tesla គឺ​ជា​សមិទ្ធផល​អស្ចារ្យ​មួយ ដោយ​សារ​ជា​ក្រុមហ៊ុន Start-up មួយ​ ហើយ​មាន​ផលិត​តែ​រថយន្ត​អគ្គិសនី​ប៉ុណ្ណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+