ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi RS6 Avant ឆ្នាំ២០២១ ចេញតម្លៃលក់ហើយ តែជាង១០ម៉ឺនដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន Audi បានប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្តម៉ូដែល RS6 Avant ស៊េរីឆ្នាំ២០២១ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយចាប់ពី ១០៩ ៩៩៥ដុល្លារ។

រថយន្តគូទហើម Audi RS6 Avant នេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩២សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ RS6 Avant មានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះម៉ូដែលប្រើហ្វ្រាំងធម្មតា និង ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះម៉ូដែលប្រើ Option ហ្វ្រាំងប្រភេទសេរ៉ាមិច។ ក្រៅពីនោះ វាក៏បំពាក់ប្រព័ន្ធចង្កូត all-wheel steering និង ប្រព័ន្ធបូម RS adaptive air suspension ទៀតផង។

ដោយឡែកផ្នែកខាងក្នុងវិញ វាបំពាក់កៅអីស្បែកបែបស្ព័រ, ប្រព័ន្ធបង្ហាញព័ត៌មាន MMI ផ្នែកខាងលើ ទំហំ ១០,១អ៊ីង, អេក្រង់បង្ហាញព័ត៌មានផ្នែកខាងក្រោម ទំហំ ៨,៦អ៊ីង និង កុងទ័រឌីជីថលទំហំ ១២,៣អ៊ីង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac ពន្យាពេលបង្ហាញឡានអត់ប្រើសាំង ព្រោះតែវីរុសកូរ៉ូណា

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Cadillac បានប្រកាសពីគម្រោងបង្ហាញរថយន្តអគ្គិសនីថ្មី ម៉ូដែល Lyriq នៅថ្ងៃទី០២ ខែមេសា ខាងមុខនេះ។

ដោយឡែក នៅថ្ងៃនេះក្រុមហ៊ុនរថយន្តអាមេរិកខាងលើបានលុបចោលការបង្ហាញនោះ ជុំវិញការព្រួយបារម្ភអំពីវីរុសកូរ៉ូណា។ ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុន GM លោក Michael Albano បាននិយាយថា “អាទិភាពរបស់យើងគឺសុវត្ថិភាពរបស់ក្រុមអ្នកសារព័ត៌មាន និងបុគ្គលិក ដូច្នេះកម្មវិធីត្រូវបានលុបចោល”។

លោក Michael បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុនកំពុងវាយតម្លៃគម្រោងនាថ្ងៃអនាគត ហើយនឹងប្រកាសនាពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាមិញ Cadillac មិនបាននិយាយអ្វីច្រើនអំពីរថយន្តអគ្គិសនីថ្មីម៉ូដែល Lyriq នេះឡើយ ប៉ុន្តែគំរូរថយន្តនេះត្រូវបានដាក់បង្ហាញ កាលពីសប្តាហ៍មុន ហើយរបាយការណ៍បានអះអាងថា ៨៥% នៃគំរូរថយន្តនោះ នឹងក្លាយជារថយន្តពិតប្រាកដ។

GM ក៏ធ្លាប់បានឲ្យដឹងដែរថា រថយន្ត Lyriq នេះបំពាក់អាគុយដែលអាចឲ្យវាបើកបរបានចម្ងាយ ៤០០ម៉ាយ៍ (៦៥០គីឡូម៉ែត្រ) ឬច្រើនជាងនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ប្រាប់មូលហេតុពិឃាដម៉ូដែល Mulsanne

រថយន្ត​ Bentley Mulsanne នឹង​ត្រូវ​បញ្ឈប់​ការ​ផលិត​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០២០ នេះ ហើយ​ពេល​នេះ​ក្រុមហ៊ុន​ Bentley បាន​ប្រាប់​ពី​មូលហេតុ​ដែល​សម្រេច​ចិត្ត​ពិឃាដ​គូ​ប្រជែង​របស់ Rolls-Royce Phantom មួយ​នេះ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Top Gear លោក​ Adrian Hallmark នាយក​ប្រតិបត្តិ​ Bentley បាន​និយាយ​ថា​​ ​ភ័ព្វ​វាសនា​ Mulsanne ​បាន​បញ្ចប់​ដោយ​សារ​​ចំនួន​លក់​​មាន​កំណើន​យឺត​យ៉ាវ។ លោក​បាន​ពន្យល់​ថា ៖ “ផ្នែក​រថយន្ត Sedan ខ្នាត​ធំ​បាន​ក្លាយ​ជា​មូលដ្ឋាន​មួយ​សម្រាប់ Bentley ក្នុង​រយៈពេល​ជាង ១០០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចំនួន​លក់​ហាក់​ដើរ​ថត​ក្រោយ ទោះ​បី​ជា​យើង​លក់​បាន​ច្រើន​ជាង​ម៉ូដែល Phantom ក្ដី។​”

Hallmark និយាយ​ថា​ក្រុមហ៊ុន​អាច​លក់​រថយន្ត Mulsanne បាន​ខ្ទង់ ៥០០​គ្រឿង​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន។ ចំនួន​លក់​តិច​តួច​នេះ​​ក៏​មាន​ន័យ​ថា​អ្នក​ស្នង​តំណែង​ Mulsanne នឹង​មិន​បង្ហាញ​មុខ​រួច​នោះ​ទេ។ ដូច​ការ​បញ្ជាក់​របស់ Hallmark គឺ​ Bentley មិន​អាច​រក​ប្រាក់​ចំណេញ​បាន​សម្រាប់​ការ​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី​នោះ​ទេ ក្រោយ​ទូទាត់​ការ​ចំណាយ​រួច​៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda សម្រេចឈប់លក់ឡាន Clarity ប្រភេទអគ្គិសនីនៅអាមេរិក

Honda បាន​សម្រេច​ចិត្ត​ឈប់​លក់​រថយន្ត​ Clarity ប្រភេទ​អគ្គិសនី​នៅ​​ទីផ្សារ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​នៅ​បន្ត​លក់​ប្រភេទ​ប្រើ​ឧស្ម័ន​អ៊ីដ្រូហ្សែន និង​ប្រភេទ​​ Plug-in Hybrid ជា​បន្ត។

Honda Clarity ប្រភេទ​អគ្គិសនី​ជា​ប្រភេទ​មិន​សម​ទំនង​មួយ ចាប់​តាំង​ពី​ពេល​​ប្រកាស​ចេញ​លក់​នៅ​អាមេរិក​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ម្ល៉េះ។ រថយន្ត​នេះ​មាន​រយៈ​ចម្ងាយ​បើកបរ​ត្រឹម​ ១៤៣ គីឡូម៉ែត្រ ដោយ​សារ​មាន​បំពាក់​អាគុយ​តូច​ត្រឹម ២៥,៥ គីឡូវ៉ាត់​ម៉ោង។ វា​ពិបាក​ប្រកួតប្រជែង​លើ​ទីផ្សារ​ដែល​មាន​រថយន្ត​​អគ្គិសនី​មាន​ចម្ងាយ​បើកបរ​​ដល់ ៦៤៣ គីឡូម៉ែត្រ ដូច​ជា​រថយន្ត​របស់ Tesla និង Lucid ជា​ដើម។

បន្ថែម​ពី​នេះ​ការ​លក់​រថយន្ត​ Clarity ប្រភេទ​អគ្គិសនី​ក៏​មាន​កំណត់​ មិន​ទូលំទូលាយ​នោះ​ទេ។ ជា​មួយ​ការ​សម្រេច​ចិត្ត​ឈប់​លក់​រថយន្ត​ Clarity ប្រភេទ​អគ្គិសនី​នេះ​ មាន​ន័យ​ថា​ Honda ​មិន​មាន​រថយន្ត​អគ្គិសនី​លក់​នៅ​អាមេរិក​នោះ​ទេ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បិទរោងចក្រនៅថៃ បុគ្គលិកជិត ២ពាន់នាក់បាត់ការងារ

រថយន្ត Chevrolet ជាង ៣០០ ០០០គ្រឿងនៅក្នុងប្រទេសថៃ កំពុងប្រឈមនឹងការបាត់បង់ សេវាកម្មថែទាំ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors (GM) បានប្រកាសឈប់លក់រថយន្ត Chevrolet នៅក្នុងប្រទេសថៃ ក្នុងឆ្នាំ២០២០ នេះ។

ជាមួយគ្នានេះ ការងារប្រមាណជា ១ ៩០០ នឹងត្រូវរងផលប៉ះពាល់ដោយសារតែការសម្រេចចិត្តរបស់ GM ដោយក្នុងនោះរួមមាន ១ ២០០ ការងារ នៅរោងចក្រ Rayong។

គួរឲ្យដឹងថា GM កំពុងលក់រោងចក្ររបស់ខ្លួននៅក្នុងខេត្ត Rayong ទៅឲ្យក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motors។ ពួកគេចង់សម្រេចកិច្ចព្រមព្រៀង ហើយប្រគល់រងចក្រនៅក្នុងឆ្នាំ២០២០ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota និង Lexus ហៅឡាន ១,២លានគ្រឿងចូលវិញ ព្រោះមានបញ្ហាមួយ អាចធ្វើឲ្យរលត់ម៉ាស៊ីនពេលបើក

ក្រុមហ៊ុន Toyota បានប្រកាសហៅរថយន្តបន្ថែមចំនួន ១,២លានគ្រឿងនៅសហរដ្ឋអាមេរិក ចូលពិនិត្យវិញ លើបញ្ហាបូមសាំង។ ការហៅចូលវិញនេះបានធ្វើឲ្យចំនួនសរុបកើនឡើង ១,៨លានគ្រឿងនៅសហរដ្ឋអាមេរិក និង ៣,២លានគ្រឿងនៅទូទាំងពិភពលោក។

ការហៅចូលដំបូងបានធ្វើឡើងនៅក្នុងខែមករា ជាមួយនឹងរថយន្តប្រមាណ ៦៩៦ ០០០គ្រឿងនៅសហរដ្ឋអាមេរិក ពី Toyota និង Lexus។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានឲ្យដឹងថា រថយន្ត Toyota និង Lexus ជាច្រើនម៉ូដែល មានបញ្ហាបូមសាំង ដែលអាចធ្វើឲ្យរលត់ម៉ាស៊ីនពេលបើក និងមិនអាចបញ្ឆេះវិញទៀតផង។ ប្រសិនបើរថយន្តកំពុងស្ថិតនៅល្បឿនលឿន វាអាចនឹងបង្កជាគ្រោះថ្នាក់ខ្លាំង។

រថយន្តដែលត្រូវបានហៅចូលកាលពីខែមករា មានដូចជា រថយន្ត Lexus ម៉ូដែល LS 500, LC 500, RC 350, RC 300, GS 350, IS 300, ES 350, LX 570, GX 460, RX 350, Lexus NX 300, RX 350L និង GS 300 ស៊េរីឆ្នាំ២០១៩។ ចំណែកឯ Toyota វិញមានដូចជា 4Runner, Camry, Highlander, Land Cruiser, Sequoia, Sienna, Tacoma, Tundra Avalon និង Corolla ចាប់ពី ស៊េរីឆ្នាំ២០១៨-២០១៩។

ដោយឡែកការហៅចូលថ្មីចុងក្រោយនេះវិញ មានដូចជា រថយន្ត Lexus ម៉ូដែល IS 350, LC 500h, LS 500h ស៊េរីឆ្នាំ២០១៨-២០១៩ ក៏ដូចជា ម៉ូដែលLS 460 ស៊េរីឆ្នាំ ២០១៣-២០១៥, ម៉ូដែល GS 350 ស៊េរីឆ្នាំ២០១៣-២០១៤ និង ម៉ូដែល IS-F ស៊េរីឆ្នាំ២០១៤, NX 200t និង RC 350 ស៊េរីឆ្នាំ២០១៥ , IS 200t និង RC 200t ស៊េរីឆ្នាំ២០១៧។ រីឯ Toyota មានដូចជា Land Cruiser, and Toyota 4Runner ស៊េរីឆ្នាំ២០១៤-២០១៥ និង Sienna ស៊េរីឆ្នាំ២០១៧-២០១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រណីតបើកដំបូលរបស់រុស្ស៊ី មានអ្នកកុម្ម៉ង់ទិញ ៧០០ គ្រឿង

ក្រុមហ៊ុន​ផលិត​រថយន្ត​​របស់​រុស្ស៊ី​ឈ្មោះ Aurus បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ខ្លួន​ទទួល​បាន​ការ​កុម្ម៉ង់​ទិញ ៧០០ គ្រឿង​សម្រាប់​រថយន្ត​ម៉ូដែល Senat Convertible របស់​ខ្លួន ដែល​បង្ហាញ​ចេញ​កាល​ពី​ឆ្នាំ​មុន។

រថយន្ត​ Senat Convertible គឺ​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត​ Senat Sedan ប៉ុន្តែ​មាន​បំពាក់​ទ្វារ​ចំនួន​ពីរ​ប៉ុណ្ណោះ ហើយ​មាន​រូបរាង​ខាង​ក្រៅ​ខុស​គ្នា​បន្តិច​បន្តួច ប៉ុន្តែ​ខាង​ក្នុង​គឺ​ដូច​គ្នា​បេះ​ដាក់​តែ​ម្ដង។

រថយន្ត​នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Hybrid ដែល​មាន​​ម៉ូទ័រ​អគ្គិសនី ភ្ជាប់​នឹង​ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែល​ម៉ាស៊ីន​សាំង​បង្កើត​កម្លាំង​បាន ៥៩០ សេះ និង​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៩ វគ្គ ជា​មួយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។

បច្ចុប្បន្ន​នេះ Aurus កំពុង​អភិវឌ្ឍន៍​រថយន្ត​ម៉ូដែល​ថ្មី ដែល​នឹង​មាន​ទ្រង់ទ្រាយ​ជា​រថយន្ត​ SUV ប្រណីត​មាន​ឈ្មោះ​ថា​ Komendant។ មាន​ការ​អះអាង​ថា​រថយន្ត​នេះ​នឹង​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ដូច​ Senat ដូច ហើយ​នឹង​ចេញ​លក់​នៅ​ឆ្នាំ ២០២២៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ដាក់លក់ឡានអគ្គិសនីដំបូងរបស់ខ្លួន តម្លៃជិត ៤ម៉ឺនដុល្លារនៅអង់គ្លេស

Mazda នឹង​បញ្ចេញ​លក់​រថយន្ត​ MX-30 ប្រភេទ First Edition របស់​ខ្លួន​នៅ​អង់គ្លេស​ នា​ដើម​ឆ្នាំ ២០២១ ខាង​មុខ​ ជា​មួយ​តម្លៃ​ចាប់​ពី ៣៩ ៣៤០ ដុល្លារ។ ក្រុមហ៊ុន Mazda បញ្ជាក់​ថា​រថយន្ត​ MX-30 First Edition នេះ​នឹង​លក់​ត្រឹម ៥០០ គ្រឿង​ប៉ុណ្ណោះ​នៅ​ចក្រភពអង់គ្លេស។

MX-30 មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​នៅ​ខាង​មុខ​ ដែល​ផលិត​កម្លាំង​បាន​ ១៤២ សេះ ហើយ​វា​ទទួល​បាន​ថាមពល​ពី​អាគុយ​ទំហំ ៣៥,៥ គីឡូវ៉ាត់​ម៉ោង​ ដែល​ក្រុមហ៊ុន​និយាយ​ថា​អាច​ទ្រាំទ្រ​ការ​ជិះ​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ។ ជា​មួយ​ប្រព័ន្ធ​សាក​ថ្ម​ល្បឿន​លឿន​ អ្នក​ប្រើ​ប្រាស់​អាច​សាក​អាគុយ​រថយន្ត​ដល់ ៨០% ក្នុង​ពេល​ត្រឹម ៣០ នាទី។

រថយន្ត​ MX-30 គឺ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ e-SkyActiv ដែល​មាន​មក​ជា​មួយ​នូវ​មុខងារ​សុវត្ថិភាព​ជា​ច្រើន។ ឧទាហរណ៍​ដូច​ជា​ Smart Brake Support ជា​មួយ​នឹង Turn-Across Traffic Detection ដែល​ប្រើ​ប្រាស់​រ៉ាដា និង​កាមេរ៉ា​ខាង​មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla ថា ឡានប្រើសាំង និងម៉ាស៊ូតមួយទឹក នឹងធ្លាក់ថ្លៃ ព្រោះហេតុផលមួយ

មេ Tesla លោក Elon Musk បានប្រាប់ឲ្យដឹងថា តម្លៃនៃរថយន្តប្រើសាំង និងម៉ាស៊ូតមួយទឹក នឹងធ្លាក់ចុះខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការកើនឡើងនៃរថយន្តអគ្គិសនី។

ការអះអាងរបស់ Musk បានធ្វើឡើងបន្ទាប់ពីមានអ្នកប្រើបណ្តាញសង្គម Twitter ឈ្មោះ SamTalksTesla និយាយថា “ចក្រភពអង់គ្លេស នឹងហាមឃាត់រថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ធនៈ) ចាប់ពីឆ្នាំ២០៣៥។ ប្រទេសដទៃជាច្រើនទៀតនឹងធ្វើតាម។ Tesla បានបញ្ជាក់ឲ្យឃើញ ១០០% ថា រថយន្តអគ្គិសនីពិតជាមានសមត្ថភាព និងទទួលបានជោគជ័យ”។

ជាការពិតណាស់ រថយន្តប្រើម៉ាស៊ូត និងសាំង នឹងធ្លាក់ចុះថ្លៃ ស្របពេលដែលរថយន្តអគ្គិសនីកើនឡើងរឹតតែច្រើន ហើយលក់ដាច់ជាងរថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុងទាំងនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងសាងសង់រោងចក្រផលិតឡានអគ្គិសនីនៅចិន

Toyota មានបំណងផលិតរោងចក្រសម្រាប់ផលិតរថយន្តអគ្គិសនីថ្មី នៅក្នុងទីក្រុង Tianjin ប្រទេសចិន ជាមួយដៃគូសហការណ៍ក្នុងស្រុក គឺក្រុមហ៊ុន FAW Group។

ក្រុមហ៊ុន Toyota និង FAW Group នឹងបោះលុយវិនិយោគទុនសរុបចំនួន ១,២២ពាន់លានដុល្លារ សម្រាប់រោងចក្រផលិតរថយន្តអគ្គិសនីខាងលើ។

គួរឲ្យដឹងថា រោងចក្រនោះនឹងមានសមត្ថភាពអាចផលិតរថយន្តចំនួន ២០០ ០០០គ្រឿងជារៀងរាល់ឆ្នាំ ដោយក្នុងនោះរួមមានរថយន្តប្រភេទ ប្រើអគ្គិសនីសុទ្ធ, រថយន្តប្រភេទ Plug-in Hybrid និង រថយន្តប្រើអ៊ីដ្រូហ្សែន ផងដែរ។

ទោះជាយ៉ាងណាគេមិនទាន់ដឹងនៅឡើយទេ រថយន្តម៉ូដែលអ្វីខ្លះដែល Toyota នឹងផលិតនៅទីនោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+