ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានមួយម៉ូដែលនេះ Chevrolet នឹងឈប់ផលិតទៀតហើយ ចាប់ពីថ្ងៃនេះទៅ

រថយន្ត Chevrolet Impala មួយគ្រឿងចុងក្រោយបង្អស់ បានបើកចេញពីខ្សែសង្វាក់ផលិតកម្ម នៅឯរោងចក្រ Detroit-Hamtramck ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក។

Impala ស្ថិតក្នុងចំណោមរថយន្ត ៦ម៉ូដែលផ្សេងទៀត ដែល Chevrolet សម្រេចចិត្តឈប់ផលិត ដើម្បីកាត់បន្ថយការចំណាយ ដោយក្នុងនោះរួមមាន Buick LaCrosse, Chevrolet Cruze, Chevrolet Volt, Cadillac CT6 និង Cadillac XTS។

មិនខុសពីរថយន្តដទៃទៀតដែលគេឈប់ផលិតឡើយ ចំនួនលក់នៃរថយន្ត Impala គឺមិនសូវច្រើននោះទេ។ កាលពីឆ្នាំមុន ក្រុមហ៊ុន Chevrolet លក់វាបានតែ ៤៥ ០០០គ្រឿងប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមហ៊ុនខាងលើកំពុងផ្តោតលើការផ្លាស់ប្តូររោងចក្រ Detroit-Hamtramck ទៅជារោងចក្រផលិតរថយន្តអគ្គិសនី ដោយវិនិយោគលុយចំនួន ២,២ពាន់លានដុល្លារ សម្រាប់ផលិតរថយន្ត GMC Hummer EV វិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡាន Porsche 911 កែឡើងកម្លាំង ១០០០សេះ ជាន់ហើបកង់មុខ ឡើងសាហាវ! (មានវីដេអូ)

រថយន្ត Porsche 911 Turbo S បានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអាចជាន់ដល់ហើបកង់មុខ យ៉ាងសាហាវតែម្តង។

លោក Mark Blackwell ដែលជាម្ចាស់រថយន្តនេះ បានយក 911 Turbo S របស់លោកទៅធ្វើការកែច្នៃមួយចំនួន ដើម្បីឲ្យបានដូចអ្វីដែលលោកចង់បាន។

គួរឲ្យដឹងថា រថយន្តស្ព័រនេះបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងដើម ៥៦០សេះ តែក្រោយពេលលោក Mark កែរួច វាមានកម្លាំងដល់ទៅជាង ១ ០០០សេះឯណោះ៕

ចង់ដឹងថារថយន្ត Porsche ជាន់សាហាវយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi SQ7 ឆ្នាំ២០២០ កម្លាំង៥០០សេះ ចេញតម្លៃលក់ផ្លូវការហើយ

ក្រុមហ៊ុន Audi បានបង្ហាញតម្លៃលក់ជាផ្លូវការនៃរថយន្ត SQ7 ស៊េរីឆ្នាំ២០២០ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Audi SQ7 ថ្មីនេះបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ turbodiesel TFSI ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥០០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Tiptronic និងប្រព័ន្ធប៉ុងពីរ Quattro AWD។ SUV នេះអាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៣វិនាទីប៉ុណ្ណោះ។

SQ7 បានបំពាក់ប្រព័ន្ធជើងក្រោមថ្មីហៅថា S-tuned Adaptive Air Suspension និងប្រព័ន្ធបង្វិលចង្កូតវិលកង់ទាំង៤ All-wheel Steering ផងដែរ។ ក្រៅពីនោះ ក៏មានមុខងារ Active Roll Stabilization, Quattro with Sport Differential ទៀតផង បើបន្ថែមកញ្ចប់ Option “Sport Package”។

ដោយឡែកផ្នែកខាងក្នុងកាប៊ីនវា SQ7 បានបំពាក់ប្រព័ន្ធ MMI ថ្មីលើអេក្រង់ធំ Touchscreen ២, កុងទ័រឌីជីថល Audi Virtual Cockpit, ប្រព័ន្ធសំឡេង 3D Surround Sound System ចំនួន១៩គ្រាប់, មុខងារ Adaptive Cruise Cssist, Emergency Assist និងមុខងារផ្សេងៗជាច្រើនទៀត។

រថយន្ត Audi SQ7 នេះមានតម្លៃចាប់ពី ៨៤ ៨០០ដុល្លារ សម្រាប់ម៉ូដែល Premium Plus និង ៩០ ៤០០ដុល្លារ សម្រាប់ម៉ូដែល Prestige៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Geely ចាប់ផ្ដើមការលក់រថយន្តអនឡាញ និងដឹកជញ្ជូនដល់កន្លែង

ក្រុមហ៊ុន​រថយន្ត Geely Auto របស់​ចិន ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Volvo Cars, Lotus និង London EV បាន​ចាប់​ផ្ដើម​ការ​លក់​រថយន្ត​នៅ​លើ​អនឡាញ ដែល​អាច​ឲ្យ​អតិថិជន​ធ្វើ​ការ​បញ្ជា​ទិញ និង​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន។

ក្រុមហ៊ុន​ក៏​មាន​ផ្ដល់​ជូន​​​ការ​អនុញ្ញាត​ឲ្យ​បើកបរ​រថយន្ត​សាក​ល្បង ដោយ​នឹង​បញ្ជូន​រថយន្ត​សម្រាប់​សាក​ល្បង (Demo) ដល់​ផ្ទះ​របស់​អតិថិជន​តែ​ម្ដង។ លើស​ពី​នេះ​ក្រុមហ៊ុន​ជួយ​ដល់​ការ​ចុះ​បញ្ជី​ផ្សេង និង​សេវា​​​ធានា​រ៉ាប់រង​នៅ​ក្នុង​ដំណើរ​ការ​នៃ​ទិញ​ផង​ដែរ ដែល​បង្កើត​ជា​​បទ​ពិសោធន៍​ទិញ​រថយន្ត​អនឡាញ​ប្រភេទ One-Stop ហើយ​អតិថិជន​ក៏​នឹង​អាច​ជ្រើស​រើស​​ភ្នាក់ងារ​ផ្ដល់​ប្រាក់​កម្ចី​ច្រើន​ប្រភេទ​តាម​រយៈ​ Platform ថ្មី​នេះ​បាន​​​ទៀត​ផង។

គួរ​ដឹង​ថា Geely Auto បាន​ដាក់​គោល​ដៅ​ក្នុង​ការ​ពង្រីក​សេវាកម្ម​នេះ ដោយ​ចង់​បញ្ចូល​នូវ​ការ​បម្រើ​សេវាកម្ម​ដល់​ផ្ទះ ដែល​ក្រុមហ៊ុន​នឹង​ប្រមូល​រថយន្ត​ដើម្បី​យក​មក​ធ្វើ​ការ​ថែទាំ រួច​ហើយ​បញ្ជូន​ត្រឡប់​ទៅ​ដល់​ផ្ទះ​អតិថិជន​វិញ។ សេវាកម្ម​នេះ ក្រុមហ៊ុន​និយាយ​ថា​នឹង​ផ្ដល់​ជូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ឆ្នាំ ២០២០ នៅតែបន្ត ទោះកូរ៉ូណាកំពុងផ្ទុះ

វីរុស​កូរ៉ូណា ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​​ថា Covid-19 បាន​ធ្វើ​ឲ្យ​កម្មវិធី​បច្ចេកវិទ្យា​ដូច​ជា​ Mobile World Congress ​នៅ​ទីក្រុង​ប៉ាសេឡូណា និង​​កម្មវិធី​ Beijing Auto Show ត្រូវ​រំសាយ​ចោល​ទាំង​​ស្រុង។

មាន​ការ​​ជជែក​វែកញែក​ថា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិត​ឆ្នាំ ២០២០ អាច​ត្រូវ​លើក​ពេល​ ឬ​រំសាយ​ចោល​តែ​ម្ដង ប៉ុន្តែ​អ្វី​ដែល​គេ​រឹត​តែ​ព្រួយ​បារម្ភ​គឺ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva International Motor Show ឆ្នាំ ២០២០ ដែល​នឹង​មក​ដល់​ឆាប់ៗ​នេះ។

យ៉ាងណាក្ដី​បើ​ផ្អែម​តាម​អ្នក​​នាំ​ពាក្យ​នៃ​អ្នក​រៀប​ចំ​កម្មវិធី GIMS បាន​ប្រាប់​សារព័ត៌មាន Forbes ថា​ ៖ “វា​នឹង​ត្រូវ​បន្ត​ដូច​ការ​គ្រោង​ទុក”។ ទន្ទឹម​នឹង​នេះ​តំបន់​ដែល​នឹង​ត្រូវ​ប្រារព្ធ​កម្មវិធី​នេះ​គឺ​នៅ​សាល​ Palexpo នៃ​ទីក្រុង Geneva ប្រទេស​ស្វីស បាន​និយាយ​ថា​ពួក​គេ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ស្ថានភាព​ឲ្យ​បាន​ដិត​ដល់ និង​​មាន​ទំនាក់ទំនង​ជា​មួយ​អគ្គនាយកដ្ឋាន​សុខាភិបាល ​ដើម្បី​ផ្ដល់​ជា​ការ​ណែនាំ និង​សកម្មភាព​បន្ទាន់ៗ​ផង​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡូហ្គោ Kia ថ្មី អាចនឹងចាប់ផ្ដើមប្រើលើរថយន្តម៉ូដែលថ្មីនៅចុងឆ្នាំ

Kia មាន​គម្រោង​ការ​ថា​នឹង​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ឡូហ្គោ​ថ្មី​របស់​ខ្លួន ​មុន​ដំណាច់​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​បស់​ The Korean Car Blog។

ឡូហ្គោ​ថ្មី​នេះ​ធ្លាប់​បាន​បង្ហាញ​រូបរាង​ម្ដង​រួច​មក​ហើយ​នៅ​លើ​រថយន្ត​ Concept Imagine ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​ក្នុង​កម្មវិធី Geneva Motor Show កាល​ពី​ឆ្នាំ​មុន។ អំឡុង​ពេល​ការ​ពិភាក្សា​អំពី​ការ​ដាក់​ប្រើ​ប្រាស់​ឡូហ្គោ​ថ្មី លោក Park Han-wood ប្រធាន​ក្រុមហ៊ុន បាន​និយាយ​ថា​ឡូហ្គោ​ថ្មី​នេះ​គឺ​ស្រដៀង​នឹង​ឡូហ្គោ​ដែល​នៅ​លើ​រថយន្ត Concept Imagine ដែរ ប៉ុន្តែ​ខុស​គ្នា​បន្តិច​បន្តួច។

គេ​នៅ​រង់​ចាំ​មើល​ថា​រថយន្ត Kia ម៉ូដែល​ថ្មី​ណា​នឹង​បាន​ប្រើ​ប្រាស់​ឡូហ្គោ​ Kia ថ្មី​នេះ​មុន​គេ។ មាន​មួយ​ចំនួន​ជឿជាក់​ថា Kia នឹង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី ដែល​ដូច​រថយន្ត​​អគ្គិសនី​របស់ Volkswagen ម៉ូដែល​ ID.3 ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Cadillac Escalade ជំនាន់ចាស់ចុះថ្លៃខ្ទង់ម៉ឺនដុល្លារ មុនជំនាន់ថ្មីចេញលក់

រថយន្ត​ Cadillac Escalade ជំនាន់​ថ្មី​ ដែល​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​នឹង​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​នឹង​លក់​ជា​ស៊េរី​ឆ្នាំ ២០២១ តែ​ម្ដង។

Escalade 2021

មុន​ការ​ចេញ​លក់​រថយន្ត​ស៊េរី​ឆ្នាំ ២០២១ នេះ ក្រុមហ៊ុន Cadillac បាន​ផ្ដល់​ការ​ចុះ​ថ្លៃ​ច្រើន​សម្បើម​រហូត​ដល់ ១៦ ៥០០ ដុល្លារ​ សម្រាប់​រថយន្ត​ Escalade ស៊េរី​ឆ្នាំ ២០២០ សម្រាប់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

Escalade 2020

​ការ​ចុះ​តម្លៃ​នេះ គឺ​បាន​ដឹង​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ CarsDirect ដែល​ខណៈ​ពេល​នេះ​រថយន្ត​ Escalade ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​តម្លៃ​ចាប់​ពី ៧៦ ៤៩០ ដុល្លារ។ ​ការ​បញ្ចុះ​តម្លៃ​ពិសេស​នេះ​គឺ​ផ្ដល់​ជូន​សម្រាប់​ម្ចាស់​រថយន្ត Escalade ស៊េរី​ឆ្នាំ ២០១៤ ដល់ ២០១៧ តែ​ប៉ុណ្ណោះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញលក់ឡានកូនកាត់ថ្មីនៅថៃ ហើយនេះតម្លៃវា

ក្រុមហ៊ុន BMW Thailand បានចេញលក់ជាផ្លូវការនូវរថយន្តម៉ូដែល 330e ដំណើរការដោយម៉ាស៊ីនកូនកាត់ Plug-in Hybrid ដើម្បីប្រជែងជាមួយនឹង រថយន្ត Mercedes-Benz C300e និង Volvo S60 T8។

រថយន្តដែលផលិតនៅក្នុងប្រទេសថៃ BMW 330e នេះ មានលក់តែ១ម៉ូដែលប៉ុណ្ណោះគឺ M Sport តម្លៃចាប់ពី ២,៧លានបាត (ប្រហែល ៨៧ ០០០ដុល្លារ) ថ្លៃជាង Volvo S60 T8 R-Design ប៉ុន្តែថោកជាង Mercedes-Benz C300e AMG Dynamic។

រថយន្តដែលប្រើសាំងផង ប្រើអាគុយ Hybrid ផង ហើយអាចប្រើថាមពលអគ្គិសនីសុទ្ធដែរនេះ មានកម្លាំង ២៩២សេះ អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយចន្លោះពី ៥៥ ទៅ ៧០គីឡូម៉ែត្រ ហើយទទួលបានកម្លាំងបន្ថែម ៤០សេះទៀត ពីប្រព័ន្ធ Hybrid ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានចិនទើបចេញថ្មី អាចការពារវីរុសកូរ៉ូណាបាន តម្លៃថោកស្មានមិនដល់

ក្រុមហ៊ុនរថយន្តចិន Geely បានចេញលក់ SUV ខ្នាតតូចរបស់ខ្លួនម៉ូដែល Icon ស៊េរីថ្មី នៅក្នុងប្រទេសចិន ដោយទទួលបានការបញ្ជាទិញមុន ៣០ ០០០គ្រឿងបាត់ទៅហើយ។

អ្វីដែលធ្វើឲ្យរថយន្តនេះទាក់ចិត្តគេខ្លាំង ក៏ដោយសារតែវាមានបំពាក់ប្រព័ន្ធពិសេសមួយ ហៅថា Intelligent Air Purification System (IAPS) ដែលជាមុខងារបន្សុទខ្យល់ ចាំបាច់បំផុតចំពេលវីរុសកូរ៉ូណាកំពុងផ្ទុះឡើងខ្លាំងនៅចិន។

ក្រៅពីនោះ វាក៏មានបំពាក់ ultrasonic radars ដល់១២គ្រាប់, រ៉ាដា និង កាមេរ៉ាដល់ទៅ ៥គ្រាប់ទៀត។ លើសពីនេះ វាមានមុខងារជាច្រើនទៀត ដូចជា intelligent cruise control, lane keep assistance, automatic emergency braking and pedestrian recognition, one-button automatic parking និងកាមេរ៉ា ៣៦០ដឺក្រេ ផងដែរ។

រថយន្ត Geely Icon បំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged ចំណុះ ៤ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ mild-hybrid កម្លាំង ៤៨វ៉ុល និងប្រអប់លេខអូតូ ៧វគ្គ មានកម្លាំងសរុប ១៨៧សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៧លីត្រប៉ុណ្ណោះ ក្នុង១០០គីឡូម៉ែត្រ។ វាមានតម្លៃចន្លោះពី ១៦ ៥០០ដុល្លារ ទៅ ១៨ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញឡានកូនកាត់ថ្មី សមត្ថភាពមិនធម្មតា

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen បានប្រកាសចេញនូវរថយន្តប្រភេទ Plug-in Hybrid ម៉ូដែលថ្មី ហៅថា Touareg R។

Volkswagen Touareg R បំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ TSI ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ និងម៉ូទ័រអគ្គិនសីមួយកម្លាំង ១៣៤សេះ។ សរុបមក វាអាចបង្កើតកម្លាំងបានសរុប ៤៥៥សេះ ហើយប្រើប្រាស់ប្រព័ន្ធប៉ុងពីរ 4Motion AWD និងប្រអប់លេខអូតូ ៨វគញគ។ SUV នេះអាចជាន់ដល់ល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង និង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលប្រើម៉ូដអគ្គិសនីសុទ្ធ (E-Mode)។

ដោយសារតែវាជាប្រភេទរថយន្តកូនកាត់ (Plug-in Hybrid) ដូច្នេះវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ចន្លោះពី ៤៥ ទៅ ៥០គីឡូម៉ែត្រផងដែរ។

អ្នកបើកបរអាចផ្លាស់ប្តូរម៉ូដបើកបរ E-Mode នៅពេលចង់ប្រើថាមពលអគ្គិសនីសុទ្ធ និង Hybrid សម្រាប់ប្រើសាំង និងអាគុយ។ ក្រៅពីនោះ អ្នកបើកបរអាចជ្រើសរើសម៉ូដជាច្រើនទៀតដូចជា Eco, Comfort, Normal, Sport និង Individual ព្រមទាំង Offroad និង Snow ផងដែរ។ ប្រសិនបើបន្ថែមកញ្ចប់ Option “Off-Road Package” នោះវានឹងបន្ថែមម៉ូដ ២ទៀត គឺ Gravel និង Sand។

ជាមួយនឹងកម្លាំងជិត ៥០០សេះ រថយន្ត Touareg R អាចអូសសណ្តោងបានទម្ងន់ដល់ ៣,៥តោន ហើយមានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន ក្នុងនោះក៏មានមុខងារ Trailer Assist ទៀតផង។

ក្រុមហ៊ុន Volkswagen នឹងដាក់តាំងបង្ហាញរថយន្តនេះនៅក្នុងកម្មវិធី 2020 Geneva Motor Show ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ ចំពោះតម្លៃនឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+