ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រ Jaguar Land Rover ៣ នៅអង់គ្លេស អាចបិទទ្វារនៅសប្តាហ៍ក្រោយ ព្រោះខ្វះគ្រឿងពីចិន

ក្រុមហ៊ុន Jaguar Land Rover ប្រហែលជាត្រូវបង្ខំចិត្តបិទទ្វាររោងចក្រផលិតរថយន្តរបស់ខ្លួននៅចក្រភពអង់គ្លេស ដោយសារតែខ្វះគ្រឿងពីចិន។

នាយកប្រតិបត្តិក្រុមហ៊ុន Jaguar Land Rover លោក Ralf Speth បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ ប្រហែលអស់គ្រឿងប្រើនាសប្តាហ៍ក្រោយ ស្របពេលដែលវីរុសកូរ៉ូណាកំពុងផ្ទុះឡើងខ្លាំង នៅក្នុងប្រទេសចិន។

គួរឲ្យដឹងថា Jaguar Land Rover កំពុងប្រតិបត្តិការណ៍រោងចក្រចំនួន ៣ នៅចក្រភពអង់គ្លេស ដែលផលិតរថយន្តជិត ៤០០ ០០០គ្រឿងជារៀងរាល់ឆ្នាំ។

Jaguar Land Rover គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀត ដែលកំពុងរងផលប៉ះពាល់ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន លើកពេលធ្វើកម្មវិធីបង្ហាញរថយន្តដ៏ធំប្រចាំឆ្នាំ ព្រោះវីរុសកូរ៉ូណា

ថ្មីៗនេះ មានលេចឮពាក្យមួយចំនួននិយាយថា អ្នករៀបចំកម្មវិធីតាំងបង្ហាញរថយន្ត 2020 Beijing Auto Show គ្រោងលើកពេលកម្មវិធី ដោយសារតែការឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន។

ឥឡូវនេះ ព័ត៌មានផ្លូវការបានបញ្ជាក់ហើយថា កម្មវិធី 2020 Beijing Auto Show ដែលគ្រោងធ្វើនៅថ្ងៃទី ២១-៣០ មេសា ២០២០ នឹងត្រូវលើកទៅធ្វើនៅពេលក្រោយទៀត។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទជាក់លាក់ថ្មី នឹងត្រូវប្រកាសនៅពេលក្រោយ។

គួរឲ្យដឹងថា ក្រៅពីកម្មវិធី Beijing Auto Show ត្រូវលើកពេល ក៏មានកម្មវិធីធំៗមួយចំនួនទៀតលើកពេលផងដែរ ដូចជា កម្មវិធី Mobile World Congress នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ត្រូវលុបចោល ខណៈការប្រកួត 2020 Formula 1 Chinese Grand Prix ត្រូវពន្យាពេល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Nissan GT-R50 សម្រាប់លក់ផ្លូវការដំបូងបង្អស់ នឹងត្រូវដាក់តាំងបង្ហាញឆាប់ៗ

វាជិត២ឆ្នាំមកហើយដែល ក្រុមហ៊ុន Nissan និង Italdesign បានបង្ហាញគំរូរថយន្ត GT-R50 ហើយវាក៏ជិតដល់ពេលដែលពួកគេ នឹងដាក់បង្ហាញរថយន្តសម្រាប់លក់ផ្លូវការ មួយគ្រឿងដំបូងបង្អស់ផងដែរ។

ក្រុមហ៊ុនទាំង២ខាងលើ មិនបាននិយាយអ្វីច្រើនពាក់ព័ន្ធរថយន្តនេះឡើយ ប៉ុន្តែ Italdesign បានបង្ហោះរូបថត GT-R50 ហើយសរសេរថា “មិនចាំបាច់ពន្យល់ឡើយ”។

រថយន្ត Nissan GT-R50 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី០៣ មីនា ខាងមុខ ហើយនឹងចេញលក់នៅចុងឆ្នាំ២០២០ នេះតែម្តង។ វានឹងត្រូវផលិតត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ពីខ្ទង់ ១លានដុល្លារ ទាំងមិនទាន់គិតពន្ធ និង Option មួយចំនួនទៀត។

GT-R50 បំពាក់ម៉ាស៊ីន Twin-turbo ចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៧១០សេះ ខ្លាំងជាង GT-R Nismo ដែលមានកម្លាំងត្រឹម ៦០០សេះ និងតម្លៃខ្ទង់ ២០ម៉ឺនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus គ្មានផែនការលក់ឡានអគ្គិសនីនៅអាមេរិក ព្រោះហេតុផលមួយ

Lexus បាន​បង្ហាញ​ចេញ​រថយន្ត​​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​របស់​ខ្លួន​ម៉ូដែល UX 300e កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​កន្លង​ទៅ ដែល​រថយន្ត​នេះ​ដែរ​គឺ​ក្រុមហ៊ុន​មិន​មាន​ផែនការ​ដាក់​លក់​វា​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នោះ​ឡើយ។

លោក​ Koji Sato ជា​ប្រធាន​នៃ​ក្រុមហ៊ុន Lexus អន្តរជាតិ​បាន​លើក​ឡើង​​ដូច​នេះ​ថា ៖ “​​មិន​មាន​ផែនការ​ក្នុង​ការ​បញ្ចេញ​លក់​រថយន្ត​អគ្គិសនី​ណា​មួយ​​នោះ​ទេ​ (នៅ​អាមេរិក) ដោយ​សារ​​ដែល​គ្មាន​តម្រូវ​ការ (នៅ​អាមេរិក) ហើយ​ការ​​ស្ថានភាព​នៃ​និយតករ​ក៏​​ខុស​ប្លែក​ដែរ​នៅ​ទី​នោះ។ យុទ្ធសាស្ត្រ​មេ​សម្រាប់​បច្ចេកវិទ្យា​អគ្គិសនី​របស់​យើង​គឺ «ចំ​កន្លែង​ល្អ, ចំ​ពេល​ល្អ និង​តម្លៃ​ល្អ»។”

លោក Sato ក៏​បាន​បញ្ជាក់​ដែរ​ថា UX 300e នឹង​ដាក់​លក់​នៅ​ប្រទេស​ចិន ជប៉ុន និង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ប៉ុន្តែ​គោល​ដៅ​ចម្បង​គឺ​អឺរ៉ុប និង​ប្រទេស​ចិន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងចំនួនអ្នកកុម្ម៉ង់ទិញឡានភីកអាប់អគ្គិសនី Cybertruck នាពេលនេះ ច្រើនមិនធម្មតា!

បើ​ផ្អែក​តាម​ការ​វិភាគ​លើ​ទិន្នន័យ​ដែល​ធ្វើ​ឡើង​ដោយ​ Cybertruck Owners Club បាន​ប៉ាន់​ស្មាន​អំពី​តួ​លេខ​ចុង​ក្រោយ​​នៃ​ចំនួន​​កុម្ម៉ង់​ទិញ​រថយន្ត Cybertruck ដែល​មាន​ប្រមាណ​ ៥៣២ ០០០ គ្រឿង គិត​ត្រឹម​ថ្ងៃ​ទី ១៨ កុម្ភៈ​នេះ។

តួ​លេខ​នេះ​គឺ​មាន​ការ​កើន​ឡើង​ទ្វេ​ដង​បើ​ប្រៀប​នឹង​ថ្ងៃ​ទី ២៦ ខែ​វិច្ឆិកា ដែល​ពេល​នោះ​លោក Elon Musk ប្រាប់​ថា​ចំនួន​កុម្ម៉ង់​ទិញ​មាន​ ២៥០ ០០០ គ្រឿង។ ប្រសិន​បើ​តួ​លេខ​នេះ​ពិត​មែន មាន​ន័យ​ថា​ក្នុង​មួយ​ថ្ងៃ​មាន​ការ​កុម្ម៉ង់​ទិញ Cybertruck ប្រមាណ​ ៣៣៥០ គ្រឿង ដែល​នេះ​មាន​ន័យ​ថា​ Tesla រក​បាន​ ៣៣៥ ០០០ ដុល្លារ ក្នុង​មួយ​ថ្ងៃ​ពី​ថ្លៃ​កក់​រថយន្ត។

តួលេខ​នេះ​ចាត់​ទុក​ថា​អស្ចារ្យ​ខ្លាំង ព្រោះ​អតិថិជន​ទាំង​នេះ​មិន​ធ្លាប់​ប្រើ​ប្រាស់​រថយន្ត​ភីកអាប់​អគ្គិសនី​ពី​មុន​មក​ហើយ ហើយ​មាន​ភាគ​ច្រើន​គឺ​មិន​ធ្លាប់​ទាំង​បាន​ឃើញ​រូបរាង​វា​ផ្ទាល់​ភ្នែក​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia កំពុងសម្ងំផលិតឡានអគ្គិសនីកម្លាំងខ្លាំង ជាមួយ Rimac

រថយន្តអគ្គិសនីរបស់ Kia ដែលផ្អែកលើគំរូរថយន្ត Imagine កំពុងត្រូវបានបង្កើតឡើង ដោយមានជំនួយពីក្រុមហ៊ុនរថយន្តក្រូអាត Rimac។

រថយន្តអគ្គិសនីថ្មី Kia អាចនឹងមានរូបរាងជា Sedan កាត់ SUV ស្ថិតនៅចន្លោះម៉ូដែល e-Niro និង Soul EV។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺ វានឹងមានកម្លាំងខ្លាំង។ នេះបើតាមការអះអាងពីលោក Carlos Lahoz ប្រធានផ្នែកទីផ្សាររបស់ Kia។

គួរឲ្យដឹងថា កាលពីដើមឆ្នាំ២០១៩ ក្រុមហ៊ុន Hyundai និង Kia បានវិនិយោគលុយចំនួន ៨៦លានដុល្លារជាមួយក្រុមហ៊ុន Rimac ដើម្បីបង្កើតភាពជាដៃគូផ្នែកបច្ចេកទេសជាមួយគ្នា។ ភាពជាដៃគូនេះ ក្រុមហ៊ុនខាងលើនឹងធ្វើការលើរថយន្តស្ព័រថ្មីពី Hyundai N និងអនាគតរថយន្តប្រើអ៊ីដ្រូហ្សែនទៀតផត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac នឹងចេញឡាន SUV អត់ប្រើសាំង ក្នុងខែមេសានេះ!

យោងតាមគេហទំព័រ Auto News បានបង្ហាញថា ក្រុមហ៊ុន Cadillac នឹងបង្ហាញរថយន្ត SUV ខ្នាតកណ្តាល ដំណើរការដោយថាមពលអគ្គិសនី នៅក្នុងខែមេសា ឆ្នាំ២០២០ នេះ។

រថយន្តអគ្គិសនីរបស់ Cadillac ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យឃើញ កាលពី១៣ខែមុន ដែលមានរូបរាងបែបជ្រុងៗ កាច និងទាប។ ទោះជាយ៉ាងណា វាអាចនឹងផ្លាស់ប្តូររូបរាង និងការរចនាមួយចំនួន នៅពេលចេញលក់ជាផ្លូវការ។

Cadillac នឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីលើរថយន្តអគ្គិសនីរបស់ខ្លួន ដែលបាននិងកំពុងប្រើលើរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន General Motors ជាច្រើនម៉ូដែលមកហើយ។ គ្រោងឆ្អឹងនេះអាចប្រើជារថយន្តប៉ុងមុខ, ប៉ុងក្រោយ និង ប៉ុងពីរ AWD បានផងដែរ។

ក្រុមហ៊ុន Cadillac បានឲ្យដឹងថា រថយន្តអគ្គិសនីថ្មីនេះ នឹងផ្អោតលើទីផ្សាររថយន្តប្រណីតនៅទូទាំងពិភពលោកតែម្តង។

ទោះបីជាកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានបង្ហាញ ប៉ុន្តែរថយន្ត Cadillac នេះនឹងបង្ហាញខ្លួនក្នុងកម្មវិធី New York Auto Show ដែលធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ ១៩ ខែមេសា ឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មែនទែនហើយ! Toyota នឹងបង្ហាញឡាន SUV ថ្មី យកលំនាំតាម Yaris

នៅ​ឆ្នាំ​នេះ Toyota នឹង​បញ្ចូល​នូវ SUV ខ្នាត​តូច​មួយ​ទៀត​ក្នុង​សែស្រឡាយ​រថយន្ត​របស់​ខ្លួន ដែល​នឹង​ស្ថិត​នៅ​ក្រុម​ម៉ូដែល C-HR ហើយ​វា​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​និង​ការ​ឌីហ្សាញ​ដូច​ជា​រថយន្ត Yaris ជំនាន់​ថ្មី។

រថយន្ត​ថ្មី​កំណត់​ថា​នឹង​បង្ហាញ​មុខ​ចំពោះ​សារព័ត៌មាន​នា​ថ្ងៃ​ទី ៣ ខែ​មីនា ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Geneva Motor Show ដែល​វា​នឹង​មាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា Hybrid ចុង​ក្រោយ​របស់​ក្រុមហ៊ុន និង​មាន​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​ទៀត​ផង។

រថយន្ត​ផ្សេង​ទៀត​ដែល​នឹង​ដាក់​បង្ហាញ​នៅ Geneva Motor Show មាន​ RAV4 Plug-in Hybrid ជា​ប្រភេទ​អាច​សាក​ភ្លើង​ផង ប្រើ​សាំង​ផង និង​ រថយន្ត Mirai ជំនាន់​ថ្មី​ដែល​ជា​រថយន្ត​ប្រើ​ថាមពល​អ៊ីដ្រូហ្សែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនអូស្ត្រាលីថាអាចដំឡើង Ford Ranger Raptor ឲ្យមានកម្លាំងដល់ ៧១៩សេះ

មាន​ការ​អះអាង​ថា​ Ford គឺ​ត្រៀម​បញ្ចេញ​រថយន្ត Ranger Raptor ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ ៨ ស៊ីឡាំង សម្រាប់​ទីផ្សារ​ប្រទេស​អូស្ត្រាលី ហើយ​ពេល​នេះ​ក្រុមហ៊ុន​ជំនាញ​កែ​រថយន្ត​របស់​អូស្ត្រាលី​ចាប់​ផ្ដើម​ធ្វើ​ការ​គិត​នូវ​វិធី​កែ​រថយន្ត​ប្រភេទ​នេះ។

ក្រុមហ៊ុន​ជំនាញ​កែ​រថយន្ត Tickford និយាយ​ថា​ខ្លួន​អាច​ដំឡើង​នូវ​គ្រឿង Supercharger របស់​ Roush នៅ​លើ​ Ranger Raptor បាន។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​ផ្ដល់​នូវ​កញ្ចប់​ដំឡើង​នេះ​សម្រាប់​រថយន្ត Ford Mustang GT ជា​មួយ​ម៉ាស៊ីន ៥,០ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៧១៩ សេះ។

គួរ​ដឹង​ថា​ Tickford លក់​កញ្ចប់​ម៉ាស៊ីន ៧១៩ សេះ សម្រាប់​រថយន្ត Ford Mustang GT ក្នុង​តម្លៃ​ប្រមាណ ១២ ០៩៨ ដុល្លារ ហើយ​តម្លៃ​អាច​នឹង​ដូច​គ្នា​សម្រាប់​រថយន្ត Ranger Raptor៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ថ្មី Ford Bronco ឆ្នាំ២០២១ អាចចេញលក់ លឿនជាងការរំពឹងទុក

ជាមនុស្សជាច្រើនកំពុងរង់ចាំអ៊ុតមើលរថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ ថ្មី ប៉ុន្តែការរង់ចាំនោះអាចនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ។

យោងតាមរបាយការណ៍មួយអះអាងថា រថយន្ត SUV មានសមត្ថភាព Off-road មិនធម្មតាមួយនេះ នឹងបង្ហាញខ្លួនក្នុងកម្មវិធី 2020 New York Auto Show នាខែមេសា ឆ្នាំ២០២០ នេះតែម្តង ស្របពេលដែលរបាយការណ៍ពី Automotive News ឲ្យដឹងថា ការបង្ហាញជាផ្លូវការនឹងធ្វើឡើងក្នុងខែមិនា។

ជាមួយគ្នានេះ ក៏មានរបាយការណ៍មួយចំនួនអះអាងទៀតថា រថយន្ត Ford Bronco នោះ នឹងទទួលបានឈ្មោះថ្មីហៅថា Ford Maverick ខណៈឈ្មួញរថយន្តមួយចំនួននិយាយថា វានឹងត្រូវហៅ Ford Bronco Sport។ ទោះជាយ៉ាងណា នេះគ្រាន់តែជារបាយការណ៍បឋមប៉ុណ្ណោះ និងមិនទាន់មានការបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Ford ឡើយ។

យ៉ាងណាក៏ដោយ Ford មានសង្ឃឹមដណ្តើមទីផ្សារខ្ពស់ពី Bronco ដែលនឹងចេញលក់ជាម៉ូដែលទ្វារ២ និងទ្វារ៤ ហើយរំពឹងថានឹងលក់បានយ៉ាងហោចណាស់ ២០០ ០០០គ្រឿងក្នុងឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+