ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla ថាឡានសាំង/ម៉ាស៊ូតមួយទឹក នឹងធ្លាក់ថ្លៃក្នុងប៉ុន្មានឆ្នាំទៀត

ប្រធាន​ក្រុមហ៊ុន​ Tesla លោក Elon Musk បាន​​ព្រមាន​ថា​តម្លៃ​នៃ​រថយន្ត​ម៉ាស៊ីន​សាំង និង​ម៉ាស៊ូត​មួយ​ទឹក​នឹង​ធ្លាក់​ថ្លៃ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដោយ​សារ​កំណើត​រថយន្ត​អគ្គិសនី​ក្នុង​ឧស្សាហកម្ម​យានយន្ត។

លើក​ Elon Musk បាន​​មាន​ការ​លើក​ឡើង​បែប​នេះ ជា​ការ​ឆ្លើយ​តប​នឹង​ម្ចាស់​រថយន្ត Tesla និង​ម្ចាស់​ភាគហ៊ុន​នៅ​ Tesla ដែល​និយាយ​​អំពី​ការ​​ហាម​ប្រាម​រថយន្ត​ប្រភេទ​ម៉ាស៊ីន​សាំង​/​ម៉ាស៊ូត​ទាំង​អស់​ចាប់​ពី​ឆ្នាំ ២០៣៥ របស់​ចក្រភព​អង់គ្លេស។

ផែនការ​របស់​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​ហាម​មិន​ឲ្យ​លក់​រថយន្ត​សាំង/ម៉ាស៊ូត​ថ្មី និង​រថយន្ត Hybrid ​ឲ្យ​បាន​លឿន​បំផុត​ត្រឹម​ឆ្នាំ ២០៣៥ អាច​នឹង​ធ្វើ​ឲ្យ​រថយន្ត​ដែល​ចរាចរណ៍​លើ​ដង​ផ្លូវ​ក្លាយ​ជា​រថយន្ត​អគ្គិសនី​ទាំង​អស់​នៅ​ក្នុង​រយៈពេល ១៥ ឆ្នាំ បន្ទាប់​ពី​ការ​ហាម​ឃាត់។

ចំណែក​នៅ​អាមេរិក​ រដ្ឋាភិបាល​មិន​ទាន់​មាន​ការ​ប្រកាស​ទាក់ទង​នឹង​រថយន្ត​ម៉ាស៊ីន​សាំង​/ម៉ាស៊ូត​នៅ​ឡើយ​ទេ​ ​ដូច​នេះ​វា​អាច​ត្រូវ​ការ​ពេល​យូរ​ថែម​ទៀត​ដើម្បី​ឲ្យ​រថយន្ត​ប្រភេទ​នេះ​ធ្លាក់​ថ្លៃ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ លេចមុខគូប្រជែង Tesla Cybertruck មកថ្មី សមត្ថភាពមិនធម្មតា

ទីផ្សាររថយន្តភីកអាប់អគ្គិសនីកំពុងតែមានការប្រកួតប្រជែងខ្លាំង ក្នុងមួយរយៈពេលចុងក្រោយនេះ ដូចជា Rivian R1T, Bollinger B2, Tesla Cybertruck, LMC Endurance និង GMC Hummer ហើយបន្តិចទៀតនឹងមាន Ford F-Series ប្រើអគ្គិសនីទៀតផង។

ឥឡូវនេះ ស្រាប់តែលេចមុខរថយន្តភីកអាប់អគ្គិសនីថ្មីមួយទៀត ពីក្រុមហ៊ុន Nikola Motor Company ដោយមានឈ្មោះថា Nikola Badger។

Nikola Badger មានសមត្ថភាពអាចបើកបរបានចម្ងាយ ៤៨០គីឡូម៉ែត្រ សម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធ ឬឡើងដល់ ៩៦០គីឡូម៉ែត្រ សម្រាប់ម៉ូដែលប្រើម៉ាស៊ីនអ៊ីដ្រូហ្សែន។ រថយន្តភីកអាប់នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ជាមួយនឹងកម្លាំងដល់ទៅ ៩០៦សេះ។

Nikola Badger នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល Porsche 718 Boxster ជាន់ដល់កុងទ័រ ៣០៦គ.ម៉/ម៉ ស្រៀវសាច់ជំនួស (វីដេអូ)

Porsche Boxster គឺជារថយន្តស្ព័រអាល្លឺម៉ង់ដ៏ស្រស់ស្អាត និងអស្ចារ្យមួយ ដែលមនុស្សភាគច្រើនតែងប្រាថ្នាចង់ក្លាយជាម្ចាស់របស់វា។

កាលពីពេលថ្មីៗនេះ Channel YouTube មួយឈ្មោះថា AutoTopNL បានយក Porsche Boxster ទៅរត់លើផ្លូវហាយវេរ Autobahn ដែលគ្មានល្បឿនកំណត់ ដោយអាចជាន់ដល់ល្បឿន ៣០៦គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

រថយន្តស្ព័រនេះបានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ Naturally-aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤១៤សេះ ប្រើប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៤វិនាទីប៉ុណ្ណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភពផ្ទៃក្នុងប្រាប់ដំណឹងអំពី Ford Ranger និង Ford F-150 ថ្មី

ប្រភព​ផ្ទៃ​ក្នុង​ដែល​ធ្លាប់​បាន​ប្រាប់​ដំណឹង​ត្រូវៗ​ពី​មុន​ទាក់ទង​នឹង​ផែនការ​របស់ Ford បាន​ប្រាប់​ដល់​សារព័ត៌មាន​ Motor1 អំពី​ផែនការ​ដែល Ford មាន​សម្រាប់​រថយន្ត​ជំនាន់​ថ្មី​ជា​ច្រើន​ម៉ូដែល។

ក្នុង​នោះ​មាន​ទាក់ទង​នឹង​ Ford F-150 ដែល​រថយន្ត​នេះ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​រូបរាង​ថ្មី​សម្រាប់​ម៉ូដែល​ឆ្នាំ ២០២១ ហើយ​ប្រភព​និយាយ​ថា​ការ​ផលិត​សាក​ល្បង​​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​រោងចក្រ​ដំឡើង​នៅ Kansas City របស់ Ford ជា​មួយ​ការ​ផលិត​ស្តង់ដារ​​កំណត់​ថា​ចាប់​ផ្ដើម​នា​ខែ​សីហា​នេះ។ រោងចក្រ​ដំឡើង​រថយន្ត Ford F-150 ​ផ្សេង​ទៀត​ដែល​ស្ថិត​​នៅ​ទីក្រុង Detroit នឹង​ចាប់​ផ្ដើម​ការ​ផលិត​មុន​រោងចក្រ​នៅ​ Kansas City ប៉ុន្មាន​សប្ដាហ៍ ពោល​គឺ​នៅ​ខែ​កក្កដា។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​អំពី​កាល​បរិច្ឆេទ​ដែល​រថយន្ត​នេះ​បង្ហាញ​រូប​រាង​ជា​ផ្លូវ​ការ​នៅ​ឡើយ។

ប្រភព​បាន​ប្រាប់​ដែរ​ថា​ Ford F-150 ថ្មី​នឹង​មាន​ការ​​ផ្លាស់​ប្ដូរ​ឌីហ្សាញ​ច្រើន ប៉ុន្តែ​មិន​មែន​ជា​ជំនាន់​ថ្មី​នោះ​ឡើយ ដែល​វា​នឹង​បន្ត​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដែល​មាន​ប្រើ​តាំង​ពី​ឆ្នាំ ២០១៤។ លើស​ពី​នេះ​ F-150 ជំនាន់​បន្ទាប់​គឺ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​ ដែល​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី ហើយ​អាច​ចេញ​នៅ​ឆ្នាំ ២០២៦។

បន្ទាប់​មក​ទៀត​គឺ​ Ford Ranger ជំនាន់​ថ្មី​ដែល​នឹង​ទៅ​ដល់​ទីផ្សារ​សហរដ្ឋអាមេរិក​នា​ឆ្នាំ ២០២២ ប៉ុន្តែ​វា​នឹង​មាន​លក់​នៅ​ទីផ្សារ​ក្រៅ​សហរដ្ឋអាមេរិក​ចាប់​ពី​ឆ្នាំ ២០២១ ត​ទៅ។ សម្រាប់​ F-150 Raptor វិញ​ក៏​នឹង​វិល​ត្រឡប់​ជា​មួយ F-150 ដែល​មាន​ការ​ឌីហ្សាញ​ថ្មី ហើយ​នឹង​ចេញ​លក់​នៅ​អំឡុង​ឆ្នាំ ២០២១។

រថយន្ត Ford Bronco កំពុងរត់សាកល្បង

​គេ​ក៏​បាន​ប្រាប់​ទាក់ទង​នឹង​រថយន្ត​ Mustang ដែល​រថយន្ត​ជំនាន់​ថ្មី​នឹង​លេច​មុខ​ក្នុង​ឆ្នាំ ២០២២ ​លក់​លើ​ទីផ្សារជា​ម៉ូដែល​ឆ្នាំ ២០២៣។ ចំណែក​រថយន្ត​ Bronco វិញ​វា​នឹង​ចាប់​ផ្ដើម​ការ​ផលិត​យូរ​ផលិត​នៅ​ថ្ងៃ​ទី ៧ ខែ​ធ្នូ ដូច​នេះ​វា​នឹង​ដល់​ដៃ​អតិថិជន​នៅ​អំឡុង​ខែ​មករា ឬ ខែ​កុម្ភៈ ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សោកស្ដាយ! ឡានភីកអាប់ VW Atlas Tanoak អាចនឹងមិនផលិតលក់លើទីផ្សារឡើយ

ជួប​ជា​មួយ​នឹង​វិបសាយ​រថយន្ត Autoblog កាល​ពី​ថ្មីៗ​នេះ អនុប្រធាន​ផ្នែក​ទីផ្សារ​និង​យុទ្ធសាស្ត្រ​ផលិតផល​ Volkswagen លោក​ Hein Schafer បាន​និយាយ​ថា​ ទោះ​បី​ជា​រថយន្ត​ភីកអាប់​ Altas Tanoak Concept ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេល​បង្ហាញ​មុខ​កាល​ពី​ជិត​ពីរ​ឆ្នាំ​មុន ក៏​ឱកាស​នៃ​ការ​ផលិត​លក់​លើ​ទីផ្សារ​មាន​ស្ដួចស្ដើង​មែន​ទែន។

Altas Tanoak Concept

ហេតុផល​ចម្បង​ដែល​លោក Schafer លើក​ឡើង​គឺ វា​អាច​នឹង​ចំណាយ​ពេល​យូរ និង​ថវិកា​ច្រើន​ ក្នុង​ការ​កែប្រែ​រថយន្ត​ Atlas ទៅ​ជា​រថយន្ត​ភីកអាប់ ហើយ​ទោះ​បី​ជា​វា​​អាច​ទៅ​រួច​ក៏​ផលិតផល​សម្រេច​ចុង​ក្រោយ​នឹង​មិន​មាន​សមត្ថភាព​ដូច​នឹង​រថយន្ត​ភីកអាប់​​​ដទៃ​ទៀត។ ទី​ពីរ​គឺ VW ជឿជាក់​ថា​អ្វី​ដែល​ធ្វើ​ទៅ​បាន​ជា​មួយ​រថយន្ត​ភីកអាប់​ដែល​យក​លំនាំ​តាម​រថយន្ត​ Atlas គឺ​បង្កើត​គូ​ប្រជែង​របស់ Honda Ridgeline ប៉ុន្តែ​វា​មិន​សម​ទំនង​ ដោយ​សារ​ចំនួន​លក់​នៃ​រថយន្ត​ Ridgeline មាន​តិច​តួច។

Tarok Concept

យ៉ាងណាក្ដី​លោក Schafer បាន​បន្ថែម​ថា​វា​អាច​ទៅ​រួច​​ដែល​ថា​ VW អាច​បង្កើត​រថយន្ត​ភីកអាប់​ថ្មី​មួយ​សម្រាប់​អាមេរិក​ គឺ​ប្រហែល​ជា​ផលិតផល​សម្រេច​នៃ​រថយន្ត Tarok Concept ដែល​បង្ហាញ​កាល​ពី​ឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini គ្រោងផលិតឡានអគ្គិសនីខ្លួននៅចិន យកមកលក់នៅថៃវិញ ព្រោះអត់អស់ពន្ធនាំចូល

ក្រុមហ៊ុន BMW Group Thailand មានគម្រោងចង់ប្រើរោងចក្រថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន ដើម្បីផលិតរថយន្ត Mini ប្រើអគ្គិសនីលក់លើទីផ្សារប្រទេសថៃ ដោយសារតែការនាំចូលពីប្រទេសចិនមកថៃនឹងមិនអស់ពន្ធឡើយ។

នាយកក្រុមហ៊ុន BMW Group Thailand ថ្មី លោក Alexander Baraka បានឲ្យដឹងថា គម្រោងនេះគឺចង់លក់រថយន្តអគ្គិសនី ទៅកាន់ទីផ្សារប្រទេសថៃ ខណៈរោងចក្ររបស់ខ្លួននៅខេត្ត Rayong (ប្រទេសថៃ) ទទួលខុសត្រូវលើរថយន្ត Plug-in Hybrid និង រថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ប្រើឥន្ធនៈ)។

គួរឲ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ BMW Group និង ក្រុមហ៊ុនរថយន្តចិន Great Wall Motors បានប្រកាសចាប់ដៃគ្នា ដើម្បីសាងសង់រោងចក្រថ្មី នៅក្នុងខេត្ត Jiangsu ប្រទេសចិន។

ក្រុមហ៊ុនទាំង២នេះ បានវិនិយោគទំហំទឹកប្រាក់ចំនួន ៧១០លានដុល្លារលើរោងចក្រថ្មី ដែលនឹងសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២២ ខាងមុខ។ ប្រតិបត្តិការណ៍នេះនឹងអាចឲ្យពួកគេផលិតរថយន្តសរុប ១៦០ ០០០គ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរួមមានរថយន្ត Mini ប្រើអគ្គិសនី និងរថយន្តម៉ាក Great Wall ផងដែរ។

គួរឲ្យដឹងថា រថយន្ត Mini អគ្គិសនី ត្រូវបានដាក់លក់ក្នុងតម្លៃ ២,២៩លានបាត ឬប្រហែលខ្ទង់ ៧៣ ២០០ដុល្លារ នៅលើទីផ្សារប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus GS-F ប្រើម៉ាស៊ីន V8 តម្លៃជិត ១០ម៉ឺនដុល្លារ

Lexus GS-F គឺជារថយន្តកម្លាំងខ្លាំងបំផុតមួយរបស់ Lexus។ មិនតែប៉ុណ្ណោះ វាជារថយន្ត Sedan ប្រណីតកម្លាំងខ្លាំង ដែលនៅតែបន្តប្រើម៉ាស៊ីន Naturally Aspirated លើទីផ្សារបច្ចុប្បន្ន

រថយន្ត Lexus GS-F នេះ ប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ Naturally Aspirated ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៦៧សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រើប៉ុងមួយវិលកង់ក្រោយ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា Lexus GS-F ស៊េរីឆ្នាំ២០២០ កំពុងដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃ ៨៥ ០១០ដុល្លារ។ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យម ១៤លីត្រក្នុងក្រុង និង ១០លីត្រក្រៅក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីរុស​កូរ៉ូណា រំពឹងថាប៉ះពាល់ដល់ឧស្សាហកម្មយានយន្តសកលធ្ងន់ធ្ងរ

វីរុស​កូរ៉ូណា​កំពុង​ផ្ទុះ​នៅ​ប្រទេស​ចិន នឹង​ផ្ដល់​ការ​គំរាម​កំហែង​រយៈពេល​វែង​ដល់​​ឧស្សាហកម្ម​យានយន្ត​លើ​សកល​លោក ដោយ​សារ​បញ្ហា​ទាក់ទង​នឹង​សង្វាក់​ផលិតកម្ម​ និង​ការ​ថយ​ចុះ​នៃ​ចំនួន​លក់​រថយន្ត។

មុន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នេះ ចំនួន​​លក់​រថយន្ត​នៅ​ចិន​បាន​ធ្លាក់​ចុះ​រយៈពេល ២ ឆ្នាំ​ជាប់​គ្នា ដោយ​សារ​កំណើន​សេដ្ឋកិច្ច​យឺត និង​ការ​បាត់បង់​ការ​ផ្ដល់​អត្រា​ពន្ធ​ពិសេស​សម្រាប់​រថយន្ត​អគ្គិសនី។ ចាប់​តាំង​ពី​វីរុស​កាច​សាហាវ​ផ្ទុះ​មក រោងចក្រ​ធំៗ​ជា​ច្រើន​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​បន្ត​រហូត​ដល់​សប្ដាហ៍​ក្រោយ​ ខណៈ​ដែល​រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​គ្រប់គ្រង​វីរុស។

S&P Global Ratings ជឿ​ថា​ការ​ផ្ទុះ​វីរុស​នេះ នឹង​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​​​នៅ​អាស៊ី កាត់​បន្ថយ​ទំហំ​ផលិត​រថយន្ត​ប្រមាណ ១៥% នៅ​ក្នុង​ត្រីមាស​ទី ១ នេះ។ ក្រុមហ៊ុន​ដែល​មាន​រោងចក្រ​នៅ​ទីក្រុង​ Wuhan មាន​ដូច​ជា General Motors, Nissan, Renault, Honda និង PSA Group ជា​ដើម។

Volkswagen រង​​ការ​ប្រឈម​ផង​ដែរ ដោយ​សារ​ក្រុមហ៊ុន​មាន​រោងចក្រ​ចំនួន ២៤ ផលិត​រថយន្ត ឬ​គ្រឿង​បន្លាស់​រថយន្ត​នៅ​ចិន ដែល​វា​ស្មើ​នឹង​ប្រមាណ​ជាង ៤០% នៃ​ទំហំ​ផលិត​សរុប​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន។ យ៉ាងណាក្ដី​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​និយាយ​ថា​ផែនការ​ផលិត​រថយន្ត​ឲ្យ​អតិថិជន​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ។

ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​ក៏​នឹង​រង​ការ​ខូច​ខាត​ផង​ដែរ មាន​ដូច​ជា Bosch, Schaeffler, ZF Friedrichshafen, Faurecia និង​ Valeo ដែល​សុទ្ធ​តែ​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន។ ចំណែក​ Hyundai វិញ​​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​នៅ​កូរ៉េ​ខាង​ត្បូង ព្រោះ​វីរុស​កូរ៉ូណា​បាន​ប៉ះពាល់​ដល់​ដៃ​គូ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​នៅ​ចិន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត GM ២២គ្រឿង នឹងត្រូវប្រជែងនឹងរថយន្តបើកស្វ័យប្រវត្តិរបស់ Tesla ឆាប់ៗនេះ

នា​ពេល​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន​រថយន្ត General Motors ដែល​មាន​ឈ្មោះ​ថា​ Super Cruise មាន​តែ​​នៅ​លើ​រថយន្ត​ Cadillac CT6 ប្រភេទ Sedan ស៊េរី​ថ្លៃ​ប៉ុណ្ណោះ។

ប៉ុន្តែ​នឹង​មាន​ការ​ប្រែប្រួល​ឆាប់ៗ​ខាង​មុខ​នេះ។ អំឡុង​ការ​ប្រកាស​អំពី​ចំណូល​ប្រចាំ​ត្រីមាស​ទី ៤ ​ប្រចាំ​ឆ្នាំ ២០១៩ លោក Mark Reuss ប្រធាន​ក្រុមហ៊ុន GM បាន​បង្ហាញ​ថា​ប្រព័ន្ធ Super Cruise នឹង​បន្ត​ដាក់​លើ​រថយន្ត​សរុប ២២ គ្រឿង​នៅ​ត្រឹម​ឆ្នាំ ២០២៣ ចាប់​ផ្ដើម​ជា​មួយ Cadillac Escalade, CT4 និង CT5 មុន​នឹង​ពង្រីក​ទៅ​កាន់​ម៉ាក​ដទៃ​ទៀត​របស់ GM។

ប្រព័ន្ធ Super Cruise គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ប្រព័ន្ធ Autopilot របស់ Tesla ដែរ​ ដែល​វា​មាន​សមត្ថភាព​បញ្ជា​ចង្កូត​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​, អាច​បញ្ជា​ហ្វ្រាំង​ស្វ័យប្រវត្តិ ហើយ​អាច​បង្កើន​សន្ទុះ​ល្បឿន​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​​​អំឡុង​ពេល​បើកបរ​​លើ​ផ្លូវ Highway ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអត្តសញ្ញាណបណ្ណខេត្ត អាចធ្វើផ្លាកលេខរថយន្ត ភ្នំពេញ បានដែរឬទេ?

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអោយដឹងថាប្រសិនបើ អត្តសញ្ញាណបណ្ណខេត្ត គឺត្រូវទទួលផ្លាកលេខខេត្ត។ អត្តសញ្ញាណបណ្ណភ្នំពេញ ត្រូវទទួលផ្លាកលេខភ្នំពេញ។

ការចុះបញ្ជីយានយន្ត គឺត្រូវយកអត្តសញ្ញាណបណ្ណ ជាគោល។ ប៉ុន្តែក្នុងករណីដែល ម្ចាស់រថយន្តមានអត្តសញ្ញាណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះមានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ។ ដូចនេះ គាត់ត្រូវយកអត្តសញ្ញាណរបស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+