Porsche រកចំណូលបានច្រើនមិនធ្លាប់មាន ឯលុយចំណេញវិញក៏កប់ក្ដោង

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche ទើបតែប្រកាសលទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ ជាមួយការលក់រថយន្តបាន ៣០១ ៩១៥គ្រឿង និងរកប្រាក់ចំណេញបានប្រមាណ ៥,៨៤ពាន់លានដុល្លារឯណោះ។

កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Porsche អាចរកប្រាក់ចំណូលបានសរុបប្រមាណ ៣៦,៥ពាន់លានដុល្លារ ដែលមានកំណើន ១៥% ធៀបនឹងឆ្នាំ២០២០ ខណៈដែលប្រាក់ចំណេញដែលទទួលបានគឺមានកំណើន ២៧% ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថាជាមួយចំនួនលក់ឡើងដល់ ៣០ម៉ឺនគ្រឿងមួយក្នុងឆ្នាំនេះ គឺជារឿងដែលទើបតែកើតមានលើកដំបូងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ ក្នុងនោះដែររថយន្ត SUV លក់ដាច់ជាងគេ ដោយម៉ូដែល Macan អាចលក់ចេញបាន ៨៨ ៣៦២គ្រឿង ខណៈដែលម៉ូដែល Cayenne លក់ចេញបាន ៨៣ ៧០១គ្រឿង។

ចំណែកឯរថយន្តអគ្គិសនីសុទ្ធម៉ូដែល Taycan ដែលមានទាំងប្រភេទធម្មតា ប្រភេទ Sport Turismo និងប្រភេទ Cross Turismo អាចលក់ចេញបានសរុប ៤១ ២៩៦គ្រឿង ដែលមានការកើនឡើងលើសពី២ដងបើធៀបនឹងចំនួនលក់ដែលទទួលបានកាលពីឆ្នាំ២០២០។ ចំណែករថយន្ត 911 ក៏បានសាងកំណត់ត្រាលក់ចេញបានច្រើនមិនធ្លាប់មានជាមួយចំនួនលក់ ៣៨ ៤៦៤គ្រឿង។

ទីផ្សារដែលធំជាងគេសម្រាប់ Porsche គឺប្រទេសចិនដែលលក់បាន ៩៦ ០០០គ្រឿង កើនឡើង ៨% បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលលក់ចេញបានជាង ៧ម៉ឺនគ្រឿង កើនឡើង ២២% ចំណែកទីផ្សារអាល្លឺម៉ង់ដែលជាទឹកដីកំណើតអាចលក់ចេញបានជិត ២៩ ០០០គ្រឿង កើនឡើង ៩%។

ក្រៅពីការប្រកាសចេញលទ្ធផលដែលល្អមិនធ្លាប់មាននេះ Porsche ក៏បានបង្ហាញអំពីគោលដៅអនាគតដែលចង់ឲ្យរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV មានចំណែក ៥០% នៃចំនួនលក់សរុប ដែលជាគោលដៅចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៥។ គួរដឹងថាទីផ្សារអឺរ៉ុប ជិះបានដើរដល់គោលដៅនេះហើយ ដោយរថយន្តថ្មី ៤០% ដែល Porsche លក់ចេញកាលពីឆ្នាំ២០២១ គឺជាប្រភេទ PHEV និងអគ្គិសនីសុទ្ធ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម