រថយន្ត Porsche Macan ប្រភេទប្រើប្រាស់ប្រេងឥន្ធនៈទំនងជាត្រូវពិឃាដចោលនៅក្នុងឆ្នាំ២០២៤ ដោយសារការរឹតបន្តឹងលើច្បាប់បញ្ចេញឧស្ម័នពុល។
កន្លងមក គេដឹងរួចមកហើយថារថយន្ត Macan ប្រភេទប្រើប្រេង អាចនឹងបន្តដាក់លក់ជាមួយរថយន្ត Macan ប្រភេទអគ្គិសនីដែលនឹងចេញលក់ឆាប់ៗ ហើយក្នុងបទសម្ភាសន៍កាលពីថ្មីៗនេះ ប្រធានផ្នែកផលិតផលរបស់ Porsche បាននិយាយថាប្រភេទប្រើប្រេងអាចនឹងបន្តដាក់លក់ប្រមាណ៣ឆ្នាំទៀត។
នៅពេលសួរថារថយន្ត Macan ប្រើប្រេងនឹងឈប់ផលិតពេលណានោះ ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុនបាននិយាយថា ៖ “បច្ចុប្បន្ននេះ នៅមិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយនៅឡើយទេ ប៉ុន្តែយើងសន្និដ្ឋានថា ២០២៤ នឹងជាឆ្នាំ (ដែលត្រូវបញ្ឈប់ការផលិត Macan ប្រើប្រេង)”។
គួរដឹងថារថយន្ត Macan ប្រភេទអគ្គិសនីសុទ្ធ ត្រូវបានគេដឹងទុកមុនថាវានឹងប្រើប្រាស់នូវគ្រោងឆ្អឹងថ្មីដែលមានឈ្មោះថា PPE ដែលជាការចូលរួមអភិវឌ្ឍន៍រវាងក្រុមហ៊ុន Porsche និង Audi ហើយវាទំនងជាមានបំពាក់បច្ចេកវិទ្យាអាគុយ ៨០០វ៉ុលដូចជារថយន្ត Taycan ដែរ ហើយទំនងជាអាចបើកបរបានឆ្ងាយជាងរថយន្ត Taycan៕