
បើនិយាយពីអ្នក Review ឡានទំនើបៗក្នុងពេលបច្ចុប្បន្ន គ្មាននរណាម្នាក់ដែលថាមិនស្គាល់ Alex Hirschi ឬ Supercar Blondie ឡើយ ដោយគាត់គឺបានថតបង្ហាញនូវរថយន្តទំនើបៗ និងរថយន្តមានតម្លៃថ្លៃបំផុតរាប់ពាន់គ្រឿងឯណ្ណោះនៅលើឆានែលរបស់គាត់។

ក្នុងនោះ បើយោងតាមខ្លឹមសារអត្ថបទមួយដែលចេញផ្សាយនៅលើគេហទំព័រ Supercar Blondie ផ្ទាល់ បានឲដឹងថា សម្រាប់រថយន្តក្នុងក្តីស្រមៃរបស់ Alex Hirschi ឬពិភពលោកស្គាល់ច្បាស់ថា Supercar Blondie មិនមែនជាម៉ូឌែល Ferrari ឬ Lamborghini នោះឡើយ ប៉ុន្តែវាគឺជា Koenigsegg Agera RS ។

ចំពោះមូលហេតុដែលគាត់ស្រឡាញ់រថយន្ត Koenigsegg Agera RS នេះ គាត់គឺបានទម្លាយថា គាត់គឺធ្លាប់បានបើកបរវាពីមុនមក ហើយបានចាប់ចិត្តលង់ស្រឡាញ់វាភ្លាមៗតែម្តង ហើយគាត់មិនដែលមានអារម្មណ៍បែបនេះពីមុនមកនោះឡើយ។ ហើយគាត់ផ្ទាល់ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ថ្ងៃណាមួយ គាត់នឹងត្រូវតែមានឡានមួយគ្រឿងនោះឱ្យខានតែបាន។

គួរបញ្ជាក់ថា សម្រាប់រថយន្ត Koenigsegg Agera RS វាមិនមែនជារថយន្តធម្មតានោះឡើយ ដោយវាគឺជារថយន្តដ៏កម្របំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ ពោលគឺគេផលិតមកត្រឹមតែ ២៥គ្រឿងប៉ុណ្ណោះ ហើយបច្ចុប្បន្ន គឺអាចនឹងមានតម្លៃដល់ទៅ ១០ លានដុល្លារឯណ្ណោះ៕


















