Rolls-Royce Wraith Black Badge ប្រភេទពិសេសថ្មី មានកម្លាំងរហូតដល់ ៧០៧សេះ

Rolls-Royce Wraith Black Badge ប្រភេទពិសេសថ្មី ទើបត្រូវបានបង្ហាញ និងឲ្យឈ្មោះវាថា Spofec Overdose។ វាត្រូវបានផលិតត្រឹមតែចំនួន ៣គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ដោយក្រុមហ៊ុន Spofec ដែលជាអ្នកជំនាញខាង Upgrade ទៅលើរថយន្ត Rolls-Royce។

បើប្រៀបធៀបទៅនឹងរូបរាងដើម វាត្រូវបានបន្ថែម Body Kit, កង់ថ្មី, បូមថ្មី និងបង្កើនថាមពលកម្លាំងឲ្យខ្លាំងជាងមុនផងដែរ។ សម្រាប់ប្រភេទពិសេសថ្មីនេះ ត្រូវបានបង្កើនថាមពលកម្លាំងរហូតដល់ ៧០៧សេះ និងកម្លាំងរមួល ៩៨៦ញ៉ូតុនម៉ែត្រ ដោយពេលនេះវាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤,២វិនាទី។ ដែលម៉ូឌែលធម្មតាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,៦លីត្រ V12 មានកម្លាំង ៦២៣សេះ និងកម្លាំងរមួល ៨៧០ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃ Wraith Black Badge មានរន្ធបឺតខ្យល់ដែលជួយឱ្យហ្វ្រាំងត្រជាក់ និងកាងថ្មីទាំងសងខាង។ ជាពិសេស Body Kit បានបន្ថែមគឺជាប្រភេទ Corbon Fiber Body Kit ដែលជាហេតុធ្វើអោយប្រវែងទទឹងខាងមុខ និងខាងក្រោយនៃរថយន្តមានប្រវែងវែងជាងមុនចំនួន ១៣ សង់ទីម៉ែត្រ។

ថាសកង់របស់ Wraith Black Badge នេះបានផ្តល់មកពី Vossen វាមានទំហំ ៩.៥ × ២២ អ៊ីញនៅផ្នែកខាងមុខនិងទំហំ ១០.៥ × ២២ អ៊ីញនៅផ្នែកខាងក្រោយ រួមជាមួយសំបកកង់ទំហំ ២៦៥/៣៥ និង ២៩៥/៣០។

បន្ថែមពីនេះ វាបានបំពាក់ជាមួយប្រព័ន្ធបញ្ជាបូម Pneumatic Suspension ដែលអាចសារ៉េឡើងចុះបានកម្ពស់ ៤៤មីលីម៉ែត្រ នៅពេល ដែលរថយន្តបើកបរលើសពីល្បឿន ១៤០គ.ម/ម៉ ហើយត្រឡប់ចុះមកកម្ពស់ធម្មតាវិញនៅពេលរថយន្តបើកបរល្បឿនក្រោម ១៤០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម