SUV កំពូល​ប្រណីត​របស់ Mercedes នឹងបង្ហាញមុខនៅខែ​វិច្ឆិកា

ក្រុមហ៊ុន Mercedes-Benz បាន​បង្ហាញ​ថា​រថយន្ត SUV ប្រភេទ Maybach ដែល​ជា​ប្រភេទ​ប្រណីត​របស់​ខ្លួន នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

កាល​ពី​ឆ្នាំ​ទៅ Mercedes-Benz បាន​បង្ហាញ​ចេញ​ Concept នៃ​រថយន្ត​ SUV ប្រណីត​នេះ ដែល​វា​មាន​រូបរាង​ប្លែក​បំផុត មាន​រូបរាង​បែប​ Sedan កាត់​ប្រភេទ SUV ធម្មតា។ យ៉ាងណាក្ដី​បើ​តាម​រូបភាព​ដែល​គេ​លួច​ថត​កាល​ពី​ថ្មីៗ​នេះ បាន​បង្ហាញ​ថា​​រថយន្ត​ដែល​ជា​ផលិតផល​សម្រេច​សម្រាប់​លក់​លើ​ទីផ្សារ គឺ​មាន​រូបរាង​ស្រដៀង​នឹង GLS ធម្មតា​ដែរ។

ពាណិជ្ជកម្ម
រូបរាង Concept

ក្នុង​​ការ​ចេញ​ផ្សាយ​របស់​ខ្លួន ក្រុមហ៊ុន​អាល្លឺម៉ង់​ខាង​លើ​បាន​បញ្ជាក់​ថា​ Maybach GLS នឹង​មាន​បំពាក់​គ្រឿង​បន្លាស់​ប្រណីត​ដូច​ជា​នៅ​លើ​ប្រភេទ S-Class ដែរ។ ក្នុង​នោះ​រួម​មាន​​ប្រព័ន្ធ​សំឡេង​ Burmester 3D Surround Sound ដែល​វា​មាន​រន្ធ​បំពង​សំឡេង​រហូត​ដល់ ២៧ ឯណោះ។

ផ្អែក​តាម​​ការ​ចុះ​ផ្សាយ​កន្លង​មក Myabach GLS អាច​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង និង​ប្រភេទ Twin-Turbo ចំណុះ ៦,០ លីត្រ ចំនួន ១២ ស៊ីឡាំង​ផង​ដែរ៕​

Sponsored