ក្រុមហ៊ុន Mercedes-Benz បានបង្ហាញថារថយន្ត SUV ប្រភេទ Maybach ដែលជាប្រភេទប្រណីតរបស់ខ្លួន នឹងបង្ហាញមុខជាផ្លូវការនៅខែវិច្ឆិកាខាងមុខ។
កាលពីឆ្នាំទៅ Mercedes-Benz បានបង្ហាញចេញ Concept នៃរថយន្ត SUV ប្រណីតនេះ ដែលវាមានរូបរាងប្លែកបំផុត មានរូបរាងបែប Sedan កាត់ប្រភេទ SUV ធម្មតា។ យ៉ាងណាក្ដីបើតាមរូបភាពដែលគេលួចថតកាលពីថ្មីៗនេះ បានបង្ហាញថារថយន្តដែលជាផលិតផលសម្រេចសម្រាប់លក់លើទីផ្សារ គឺមានរូបរាងស្រដៀងនឹង GLS ធម្មតាដែរ។
ក្នុងការចេញផ្សាយរបស់ខ្លួន ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើបានបញ្ជាក់ថា Maybach GLS នឹងមានបំពាក់គ្រឿងបន្លាស់ប្រណីតដូចជានៅលើប្រភេទ S-Class ដែរ។ ក្នុងនោះរួមមានប្រព័ន្ធសំឡេង Burmester 3D Surround Sound ដែលវាមានរន្ធបំពងសំឡេងរហូតដល់ ២៧ ឯណោះ។
ផ្អែកតាមការចុះផ្សាយកន្លងមក Myabach GLS អាចនឹងមានជម្រើសម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង និងប្រភេទ Twin-Turbo ចំណុះ ៦,០ លីត្រ ចំនួន ១២ ស៊ីឡាំងផងដែរ៕