Toyota ចេញឡាន RAV4 ស៊េរីឆ្នាំ២០២៣ ប្ដូរប្រើកុងទ័រឌីជីថលថ្មី ទំហំធំ

[ទីផ្សារបរទេស] Toyota បានប្រកាសចេញរថយន្ត RAV4 ស៊េរីឆ្នាំ២០២៣ សម្រាប់ទីផ្សារអឺរ៉ុប ដែលមាន​ការ​ផ្លាស់​ប្ដូរ​ថ្មីៗ​មួយ​ចំនួន ដូចជាការប្ដូរប្រើកុងទ័រឌីជីថលថ្មី អេក្រង់កម្សាន្តទំហំធំ និងប្រព័ន្ធសុវត្ថិភាពដែលមានការអាប់ដេតថ្មីផងដែរ។

RAV4 ស៊េរីថ្មី មានបំពាក់អេក្រង់ ១០,៥អ៊ីញ ថ្មីដែលមានកម្រិតបង្ហាញច្បាស់ជាងមុន ហើយអេក្រង់​នេះ​ធ្លាប់បាន​ប្រើ​រួចមក​ហើយ​លើ​រថយន្ត Toyota ម៉ូដែលផ្សេង ដូចជា Corolla និង Corolla Cross ជាដើម។

ពាណិជ្ជកម្ម

អេក្រង់កម្សាន្តថ្មីមានមកជាស្តង់ដារនូវមុខងារ Android Auto ជាមួយ Apple CarPlay ផងដែរ ហើយវាក៏មានមុខងារ​ដែល​ផ្ដល់​ទិន្នន័យ​ផ្ទាល់ៗទាក់ទងនឹងចរាចរណ៍លើដងផ្លូវ និងបង្ហាញពីចំណតដែលទំនេរ​ដែលស្ថិតនៅជិតគោលដៅរបស់​អ្នកបើកបរ​ផង​ដែរ។ អតិថិជនក៏អាចថែមថវិកាដើម្បីទទួលបានមុខងារបង្ហាញផ្លូវដោយមិនប្រើអ៊ីនធឺណិត, មុខងារចំណាំស្លាក​ចរាចរណ៍, មុខងារ​ឲ្យ​ដំណឹងពីធាតុអាកាស និងមុខងារឲ្យដំណឹងពីតំបន់គ្មានផ្សែងពុលជាដើម។

ដោយឡែក RAV4 ស៊េរីថ្មីក៏មានបំពាក់នូវកុងទ័រឌីជីថលថ្មី ទំហំដល់ ១២,៣អ៊ីញ ដែលកុងទ័រនេះមានមកជាស្តង់ដារលើគ្រប់​ប្រភេទ​រថយន្ត លើកលែងតែប្រភេទ Entry-Level ដែលមានកុងទ័រទំហំ ៧អ៊ីញប៉ុណ្ណោះ។ អេក្រង់នេះមាន​ចែក​ចេញ​ជា​៤ប្រភេទ (Casual, Smart, Sport និង Tough) ហើយមានការរៀបចំចំនួនបីរបៀប។

បន្ថែមពីនេះ RAV4 ស៊េរីថ្មីក៏ទទួលបានការ​អាប់ដេតលើកញ្ចប់សុវត្ថិភាព Toyota Safety Sense ផងដែរ ដោយ​អាប់​ដេត​បន្ថែម​លើ​មុខងារ Pre-Collision System និងការបន្ថែមមុខងារ Emergency Steering Assist ដែល​អាច​ឲ្យ​រថយន្ត​ជៀស​ផុតពីអ្នកថ្មើរជើង។

ទាក់ទងនឹងរូបរាងខាងក្រៅ ជាមួយនឹងម៉ាស៊ីនមិនមានការផ្លាស់ប្ដូរឡើយ ដោយវានៅតែប្រើ​ម៉ាស៊ីន ២,៥លីត្រ Hybrid អាច​ផលិត​កម្លាំងបាន ២១៥សេះ សម្រាប់ប្រភេទ FWD និងផលិតកម្លាំងបាន ២១៩សេះ សម្រាប់ប្រភេទ AWD-i។ ចំណែក​ប្រភេទ Plug-in Hybrid អាចផលិតកម្លាំងបាន ៣០២សេះ និងមានប្រព័ន្ធបើកបរប៉ុងពីរជាស្តង់ដារតែម្ដង។

រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៣ នឹងចូលរោងចក្រផលិតនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយតម្លៃ​នៅ​មិន​ទាន់​ប្រកាស​ចេញ​នៅ​ឡើយ​ទេ៕

Sponsored