Toyota Noah និង Voxy ចេញផ្លូវការ ជាមួយគម្រោងលក់អោយបានជាង ១ម៉ឺនគ្រឿង ក្នុង ១ខែ

[ទីផ្សារបទេស] បន្ទាប់ពីបានធ្វើការបង្ហាញរូបភាព Teaser កាលពីខែមុនកន្លងទៅ នាពេលនេះក្រុមហ៊ុន Toyota បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Noah និង Voxy ជំនាន់ទី ៤ថ្មី សម្រាប់ទីផ្សារប្រទេសកំណើត ដែលបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹង TNGA-C Platform ជាមួយរចនាបទយ៉ាងទំនើប និងបំពាក់ជាមួយបច្ចេកវិទ្យាជំនាន់ចុងក្រោយ។

ទោះបីជាមានការចែករំលែកនូវផ្នែកខាងក្រៅ ផ្នែកក្នុង និងប្រព័ន្ធខាងក្រោម រថយន្ត Noah និង Voxy ជំនាន់ទី ២ថ្មី នឹងដាក់លក់នៅតាមក្រុមផ្សេងគ្នា។ សម្រាប់រថយន្តទាំង ២ម៉ូឌែលនេះមានប្រវែងសរុប ២ ៦៩៥មម ទទឹងសរុប ១ ៧៣០មម កម្ពស់ ១ ៨៩៥-១ ៩២៥មម និងប្រវែងគម្លាតកង់ ១ ៨៥០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅ Noah មានការរចនាបែបសមញ្ញជាងម៉ូឌែល Voxy ដោយរថយន្តទាំងពីរម៉ូឌែលនេះ បានបំពាក់មកជាមួយប៉ាណាទំហំធំ, ចង្កៀងប្រភេទ LED និងថាសកង់ទំហំ ១៨អ៊ីញ។ ចំណែកផ្នែកខាងក្រោយនៃរថយន្ត គឺមានភាពខុសគ្នាបន្តិចបន្តួច ដោយ Noah បានបំពាក់មកជាមួយចង្កៀងប្រភេទ LED ពណ៌ក្រហម ធៀបនឹងការរចនាលើ Voxy គឺមានការបន្ថែមជាមួយក្រូម៉េ។

 

ដើម្បីឱ្យការចូលទៅកាន់រថយន្តកាន់តែងាយស្រួល Toyota បានផ្តល់ជូននូវទ្វារ៉ូតជំហៀងជាប្រភេទអេឡិចត្រូនិច និងមានចំណុចទាញមួយ ខណៈដែលទ្វារខាងក្រោយត្រូវបានបិទដោយអូតូ ដោយទទួលបានពីម៉ាស៊ីន “karakuri”។ ក្រុមហ៊ុនតូយ៉ូតាក៏កំពុងផ្តល់ជូននូវប្រភេទ “Welcab” ដែលអាចប្រើរទេះរុញបាន ជាមួយនឹងផ្លូវជម្រាលខាងក្រោយ។ លើសពីនេះ វាក៏អាចត្រូវប្រើប្រាស់រួមជាមួយកៅអី “Weljoin” ដែលត្រូវបានរចនាឡើងសម្រាប់ជនពិការ ឬកាត់បន្ថយការចល័ត។

ចំណែកផ្នែកខាងក្នុងនៃរថយន្តត្រូវបានរៀបចំជាមួយជម្រើសកៅអីចំនួន ៧ ឬ ៨ ឬកៅអី ៣ជួរ ដែលអាចបត់បាន។ ផ្នែកខាងក្នុងកាប៊ីនមានទំហំធំទូលាយសម្រាប់អ្នកដំណើរ និងការផ្ទុកឥវ៉ាន់ ជាមួយកាប៊ីនមានកម្ពស់ ១ ៤០៥មម។ កុងទ័របង្ហាញព័ត៌មានទំហំ ៨អ៊ីញ ឬអេក្រង់កម្សាន្តទំហំ ១០,៥អ៊ីញ បន្ថែមជាមួយ Console កណ្តាកដ៏ប្រណិត និងកន្លែងដាក់ដបទឹក យ៉ាងស្រស់ស្អាត។ លើសពីនេះ រថយន្តនេះក៏ទទួលបាននូវជម្រើសដំបូលខាងលើ និងប្រព័ន្ធសម្លេងដ៏ទំនើបផងដែរ។ ចំណែកប្រព័ន្ធសុវត្ថិភាព រថយន្ត Noah និង Voxy បានបំពាក់មកនូវកញ្ចប់សុវត្ថិភាព TSS ជាមួយប្រព័ន្ធ ADAS ជំនាន់ចុងក្រោយផងដែរ។

រថយន្ត Minivans ទាំង ២ម៉ូឌែល បានភ្ជាប់មកជាមួយជម្រើសម៉ាស៊ីនចំនួន ២ជម្រើសរួមមាន៖ ម៉ាស៊ីនសាំង ២,០លីត្រ Dynamic Force បញ្ជូនថាមពលទីកាន់កង់ចំនួន២ ឬចំនួន ៤ តាមរយៈប្រអប់លេខអូតូ ១០វគ្គ CVT  និងម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ១,៨លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី និងអាគុយ មានថាមពលខ្លាំង និងបញ្ជូនថាមពលទៅកាន់កង់ទាំង ៤ ដោយប្រើប្រព័ន្ធ E-Four System។

សម្រាប់រថយន្តទាំងពីរម៉ូឌែល បាន និងកំពុងបើកការកក់ជាផ្លូវការ ដោយ Noah មានតម្លៃចាប់ផ្តើមពី ២៣ ៣០០ដុល្លារ ដល់ ៣៣ ៩៥៧ដុល្លារ និង Voxy មានតម្លៃចាប់ផ្តើមពី ២៦ ៩៧៥ដុល្លារ ដល់ ៣៤ ៥៧០ដុល្លារ។ ក្នុងនោះផងដែរ Toyota មានគម្រោងក្នុងការលក់រថយន្ត Noah ចំនួន ៨ ១០០គ្រឿង និង Voxy ចំនួន ៥ ៤០០គ្រឿង ក្នុងមួយខែផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម