[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ទទួលបានពានរង្វាន់សុវត្ថិភាពខ្ពស់បំផុត Top Safety Pick+ ពីវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវេ (IIHS) សហរដ្ឋអាមេរិក ទៅលើម៉ូដែលកូនកាត់ hybrid និង Plug-in Hybrid ។
Toyota ម៉ូដែលទាំង ២ ប្រភេទនេះ បានទទួលចំណាត់ថ្នាក់ខ្ពស់បំផុត “Top Pick Plus” ពីប្រព័ន្ធការពារ និងផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គមកពីផ្នែកខាងមុខដែលដំណើរការបានល្អទាំងពេលយប់ និងពេលថ្ងៃ ជាមួយចង្កៀងមុខដែលមុខងារដំណើរការបានយ៉ាងល្អ ព្រមទាំងកម្រិតដែលអាចទទួលយកបានសម្រាប់ការធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយនឹងដំណើរការការពារដ៏ល្អផងដែរ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់សុវត្ថិភាពខ្ពស់បំផុតរបស់ IIHS សម្រាប់ឆ្នាំ ២០២៣ តម្រូវឲ្យរថយន្តទទួលបានពិន្ទុល្អលើការធ្វើតេស្តសុវត្ថិភាពផ្សេងៗ ដែលរួមបញ្ចូលទាំងផ្នែកខាងមុខរបស់អ្នកបើកបរនិងអ្នកដំណើរខាងមុខ។ លើសពីនេះ ក៏ត្រូវតែមានចង្កៀងមុខដែលត្រូវនឹងស្តង់ដារដែលអាចដំណើរការបានល្អនៅពេលថ្ងៃ និងពេលយប់ រួមទាំងប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិដំណើរការបានល្អនៅពេលយប់ក្នុងការចាប់អ្នកថ្មើរជើង។
ជាមួយគ្នានេះ រថយន្តផ្សេងទៀតដែលបានទទួលពានរង្វាន់ IIHS Top Safety Pick Plus 2023 រួមមានរថយន្ត Acura Integra ស៊េរីថ្មី, Honda Accord ស៊េរីឆ្នាំ ២០២៣, Toyota Camry ស៊េរីឆ្នាំ ២០២៣, Mercedes-Benz C-Class ស៊េរីឆ្នាំ ២០២៣ និងរថយន្ត Genesis G90 ស៊េរីឆ្នាំ ២០២៣ ៕