Volkswagen មិនមានគម្រោងផលិតរថយន្តប្រភេទ SUV ផ្អែកលើភីកអាប់ ដូចទៅនឹង Ford Everest ទេ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen មិនមានចំណាប់អារម្មណ៍ក្នុងការផលិតរថយន្តប្រភេទ SUV ដែលមានមូលដ្ឋាននៅលើរថយន្ត Amarok ស៊េរីឆ្នាំ ២០២៣ ទេ បើយោងតាមសមាជិកក្រុមប្រឹក្សាភិបាលទីផ្សាររបស់ក្រុមហ៊ុន។

រថយន្ត Amarok ថ្មីគឺផ្អែកលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Ford Ranger ដែលជារថយន្តដែលបង្កើតផ្អែកលើគ្រោងឆ្អឹងដូចគ្នានឹងរថយន្តប្រភេទ SUV Everest ។ ខណៈពេលដែលក្រុមហ៊ុន VW ពិតជាមានសមត្ថភាពផលិតរថយន្តប្រភេទ SUV ដោយផ្អែកលើរថយន្ត Amarok ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ លោក Lars Krause សមាជិកក្រុមប្រឹក្សាភិបាលផ្នែកទីផ្សារនៃក្រុមហ៊ុន Volkswagen Commercial Vehicles បានប្រាប់គេហទំព័រ Car Expert ថា “វាតែងតែជាគំនិតមួយផងដែរក្នុងការផលិតរថយន្ត SUV ដ៏រឹងមាំដោយផ្អែកលើរថយន្តភីកអាប់ ប៉ុន្តែយើងគិតថាការផលិតរថយន្តភីកអាប់នាពេលនេះកំពុងផ្តល់នូវតម្លៃដ៏ល្អបំផុតដល់អតិថិជនរបស់យើង” ។

Amarok ដែលបំពាក់លើតួរថយន្តថ្មីនេះ មានសមត្ថភាពអូសសណ្តោងដល់ទៅ ៣ ៥០០ គីឡូក្រាម និងអាចផ្ទុកបានដល់ ១ ១៦០ គីឡូក្រាម។ លើសពីនេះ VW បានផ្តោតលើការបង្កើតគ្រឿងបន្លាស់សម្រាប់ភីកអាប់ ដោយដំបូលមានសមត្ថភាពផ្ទុកដល់ ៣៥០ គីឡូក្រាម ដែលអាចជូនជាមួយនឹងដំឡើងតង់លើដំបូលសម្រាប់មនុស្សបួននាក់។

ចំពោះប្រភេទម៉ាស៊ីន មានភាពខុសគ្នាទៅតាមទីផ្សារ ដោយទីផ្សារអាហ្វ្រិក​គឺ​មាន​ចាប់ពីម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ កម្លាំង ១៤៨សេះ ខណៈដែលទីផ្សារដទៃមាន​ចាប់ពីម៉ាស៊ីនម៉ាស៊ូតកម្លាំង ១៦៨សេះ ហើយ​អតិថិជនក៏អាចរើសយកម៉ាស៊ីន Bi-Turbo ដែល​អាច​ផលិត​កម្លាំងបាន ២០៦សេះ។ ម៉ាស៊ូតខ្លាំងជាងគេគឺមានចំណុះ ៣,០លីត្រ ដែលផលិតកម្លាំងបាន ២៣៨សេះ ឬ ២៤៧សេះ អាស្រ័យ​តាម​ទីផ្សារ។

ខណៈដែរ ម៉ាស៊ីនដែលខ្លាំងជាងគេ ហើយជាម៉ាស៊ីនសាំងតែមួយគត់គឺម៉ាស៊ីន Ford EcoBoost ចំណុះ ២,៣លីត្រ ប្រភេទ Turbocharged ដែល​ផលិតកម្លាំងបាន ២៩៨សេះ។ ចំពោះម៉ាស៊ីនដែលមាន​កម្លាំងចាប់ពីជាង ២០០សេះឡើង នឹងមានប្រអប់​លេខ​ស្វ័យប្រវត្តិ១០វគ្គ ខណៈដែលម៉ាស៊ីនកម្លាំងក្រោមនេះនឹងមាន​ជម្រើស​ប្រអប់លេខដៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម