[ទីផ្សារបរទេស] រថយន្ត Volkswagen Golf ដែលជារថយន្តខ្នាតតូចដ៏ពេញនិយមបំផុតមួយក្នុងលោក ប្រហែលជាមិនចេញជំនាន់ថ្មីនោះទេ ដោយសារការកើនឡើងតម្លៃលើការអភិវឌ្ឍរថយន្តម៉ាស៊ីនពីស្តុង និងការរឹតបន្ដឹងលើច្បាប់ផ្សែងពុលផងដែរ។
តាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Welt កាលពីខែកន្លងទៅ បានសន្និដ្ឋានថារថយន្ត VW Golf ជំនាន់ទីប្រាំ អាចជាជំនាន់ចុងក្រោយ។ លោក Thomas Schäfer ជានាយកប្រតិបត្តិរបស់ VW បានលើកឡើងថា ៖ “យើងនឹងត្រូវរង់ចាំមើលថាការអភិវឌ្ឍរថយន្តថ្មីដែលមិនមានអាយុដល់ ៧ ឬ ៨ឆ្នាំ គឺជារឿងត្រឹមត្រូវឬយ៉ាងណា។” លោកបានបន្ថែមថាការអភិវឌ្ឍរថយន្តប្រភេទនេះគឺចំណាយប្រាក់ច្រើន។
នាយកប្រតិបត្តិខាងលើបានទទួលស្គាល់ថាបច្ចុប្បន្នក្រុមហ៊ុនកំពុងតែផលិតរថយន្ត Golf ប្រភេទ Facelift ប៉ុន្តែជោគវាសនារបស់រថយន្តនេះអាចនឹងត្រូវសម្រេចនៅក្នុងពេល១២ខែបន្ទាប់ទៀត។
រថយន្ត VW Golf ជំនាន់បច្ចុប្បន្ននេះបានប្រកាសចេញដំបូងកាលពីឆ្នាំ២០១៩ ដែលមានន័យថាប្រភេទ Facelift ដែលអាចចេញក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ នឹងបន្តអាយុកាលរហូតដល់ឆ្នាំ២០២៨ ខាងមុខ។ រហូតដល់ពេលនោះ រថយន្តអគ្គិសនីទំនងជាចំណាយអស់តិចជាងមុនលើការផលិត ដោយសារអាគុយដែលមានតម្លៃធូរ ហើយអាចនឹងធ្វើឲ្យរថយន្តពីស្តុងត្រូវហួសសម័យ៕