ដឹងទេ! ចង់បន្តសុពលភាពឆៀក អាចដាក់ពាក្យស្នើសុំបាន ៣របៀបឯណោះ

ប្រសិនបើរថយន្តរបស់អ្នកជិតផុត ឬបានផុតសុពលភាពឆៀកទៅហើយ និងត្រូវការស្នើសុំបន្តសុពលភាព គឺអាចដាក់ពាក្យស្នើសុំបានតាម ៣របៀប។

ទី១ លោកអ្នកអាចទៅទីតាំងឆៀកណាមួយដោយផ្ទាល់ និងបំពេញពាក្យស្នើសុំនៅទីតាំងនោះតែម្តង។

ទី២ លោកអ្នកអាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញដោយចូលទៅកាន់វេបសាយ techinspection.mpwt.gov.kh របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

និងទី៣. គឺជាវិធីកាន់តែងាយស្រួល និងរហ័សជាងគេបំផុត ដោយគ្រាន់តែចូលទៅកាន់ App ABA ឬ អេស៊ីលីដា ដោយចុចលើសេវាក្រសួងសាធារណការ វានឹងលេចចេញកន្លែង បន្តសុពលឆៀកយានជំនិះ ដើម្បីឲ្យយើងចុចជ្រើសរើសតែម្តង។

គួរបញ្ជាក់ថា ក្រោយបំពេញពាក្យស្នើសុំតាមអនឡាញ ឬតាម App ធនាគាររួច គឺលោកអ្នកត្រូវយករថយន្តរបស់ខ្លួនទៅឆៀក ទៅតាមពេលវេលា និងទីតាំងណាមួយដែលខ្លួនបានបំពេញជ្រើសរើស។

សូមជម្រាបថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬ ឆៀក តម្រូវឲ្យមានឯកសារ ២ប្រភេទ ក្នុងនោះសម្រាប់យានយន្តដែលចុះបញ្ជីរួច មានផ្លាកលេខ ត្រូវមាន បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី និងវិញ្ញាបនបត្រឆៀកចាស់ ឬលតាបត្រដែលបិទជាប់កញ្ចក់យានយន្ត។ ចំណែកយានយន្តមិនទាន់ចុះបញ្ជី ត្រូវមានអត្តសញ្ញាណបណ្ណ និងបង្កាន់ដៃពន្ធយានយន្ត។ ការយករថយន្តទៅឆៀក បានទៀងទាត់តាមកាលកំណត់និងស្របតាមច្បាប់ គឺពិតជាមានសារៈសំខាន់ដល់សុវត្ថិភាព កាត់បន្ថយការចំណាយថវិកាច្រើនលើការជួសជុល និងជាពិសេសគឺមិនទទួលរងការផាកពិន័យណាមួយឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម