ការអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ នឹងចាប់ផ្តើមធ្វើឡើងវិញហើយ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២៦តទៅ។ ក្នុងនោះ ការបើកបរលើសល្បឿនកំណត់ គឺជាបទល្មើសមួយដែលនគរបាលចរាចរណ៍ នឹងផ្តោតការអនុវត្តតែម្តង ព្រោះវានៅតែជាមូលហេតុដ៏ធំបំផុតមួយនៃការបង្កគ្រោះថ្នាក់ចរាចរណ៍។

ការបើកបរលើសល្បឿកំណត់ នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ កាត់ពិន្ទុបណ្ណបើកបរ និងអាចឈានដល់ការដកបណ្ណបើកបរព្យួរទុកទៀតផង ដោយយោងទៅលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យ ដូចខាងក្រោមនេះ៖
១. លើសល្បឿនចាប់ពី ១ ដល់ ១៩ គ.ម/ម៉ ត្រូវពិន័យ ១២ម៉ឺនរៀល និងកាត់ ១ពិន្ទុ
២. លើសល្បឿនចាប់ពី ២០ ដល់ ២៩ គ.ម/ម៉ ត្រូវពិន័យ ១៥ម៉ឺនរៀល និងកាត់ ២ពិន្ទុ
៣. លើសល្បឿនចាប់ពី ៣០ ដល់ ៣៩ គ.ម/ម៉ ត្រូវពិន័យ ១៨ម៉ឺនរៀល និងកាត់ ៣ពិន្ទុ
៤. លើសល្បឿនចាប់ពី ៤០ គ.ម/ម៉ឡើងទៅ ត្រូវពិន័យ ៣០ម៉ឺនរៀល ហើយត្រង់ចំណុចនេះ គឺមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិដកបណ្ណបើកបរព្យូរទុក ក្នុងរយៈពេលមិនលើសពី ៧ថ្ងៃ ថែមទៀតផង។

ករណីបទល្មើសផ្សេងៗទៀតដែលនគរបាល មានសិទ្ធិដកបណ្ណបើកបរព្យួរទុកដែរនោះរួមមាន៖ បើកបរខុសទិសចរាចរណ៍, មិនគោរពសិទ្ធិអាទិភាព, មិនគោរពសស្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម និងការបើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ៕




















