ដើម្បីមានសិទ្ធិបើកបររថយន្តដឹកអ្នកដំណើរបាន គឺត្រូវប្រឡងយកបណ្ណបើកបរប្រភេទ ឃ ដោយបែងចែកជាប្រភេទ ឃ១ និង ឃ២។ ក្នុងនោះ ឃ១ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ និង ឃ២ សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។

ការប្រឡងយកបណ្ណបើកបរ គឺមានវគ្គទ្រឹស្តីតាមប្រព័ន្ធកុំព្យូទ័រ ដោយនៅពេលទទួលបានលទ្ធផលជាប់ គឺមានសិទ្ធិបន្តប្រឡងដៃចង្កូតនៅតាមទីលានប្រឡង។ សម្រាប់វិញ្ញាសាប្រឡងទ្រឹស្តីសម្រាប់រថយន្តដឹកអ្នកដំណើរនេះ មាន ៦វិញ្ញាសា ក្នុងនោះមាន ៤៥សំណួរ ស្មើនឹង៤៥ពិន្ទុ រួមមាន៖
១. ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ១៥ពិន្ទុ ២. ផ្លាកសញ្ញាចរាចរណ៍ ១០ពិន្ទុ ៣. សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ៥ពិន្ទុ ៤. ការត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរ ៥ពិន្ទុ ៥. ជំនាញបើកបរ ៥ពិន្ទុ ៦. ការផ្ទុកអ្នកដំណើរ ៥ពិន្ទុ។ សម្រាប់ការប្រឡងទ្រឹស្តីនេះ បើខុសលើសពី ៣ពិន្ទុ គឺត្រូវធ្លាក់។
ចំណែកវិញ្ញាសាប្រឡងអនុវត្តបើកបរ ឬវគ្គដៃចង្កូត សម្រាប់រថយន្តដឹកអ្នកដំណើរ គឺមាន ១០០ពិន្ទុ ហើយប្រសិនបើមានកំហុសដែលត្រូវដកលើសពី ២០ពិន្ទុ គឺត្រូវធ្លាក់។
វិញ្ញាសានេះរួមមាន៖ ១. ការចាប់ផ្តើមចេញដំណើរ និងការបញ្ចប់ ២. ឈប់រថយន្តផ្តល់សិទ្ធិអាទិភាពឲ្យថ្មើរជើង ៣. ឈប់រថយន្ត និងចាប់ផ្តើមបើកបរឡើងទួល ៤. ការបើកបររថយន្តផ្លូវរាងអក្សរ Z ៥. ការបើកបរនៅកន្លែងផ្លូវប្រសព្វមានភ្លើងសញ្ញាចរាចរណ៍ ៦. ការបើកបររថយន្តផ្លូវរាងអក្សរ S ៧. ការបើកបរចូលចំណតរាងអក្សរ P ៨. ឈប់រថយន្តនៅកន្លែងផ្លូវរថភ្លើងឆ្លងកាត់ ៩. ការបើកបរផ្លាស់ប្តូរលេខលើផ្លូវត្រង់ និង១០. ស្ថានភាពគ្រោះថ្នាក់ ពេលបន្លឺសំឡេងអាសន្ន បេក្ខជនជាន់ហ្វ្រាំងដើម្បីឈប់រថយន្ត និងបើកភ្លើងសញ្ញាអាសន្ន។

សូមបញ្ជាក់បន្ថែមថា ចំពោះបងប្អូនដែលមានបំណងប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង គឺត្រូវដាក់ពាក្យស្នើសុំ ដោយភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណ, លិខិតបញ្ជាក់កាយសម្បទា ដែលធ្វើនៅទីតាំងផ្ទាល់, រូបថត ៤ x ៦ ផ្ទៃពណ៌ ស ៣សន្លឹក វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរ និងត្រូវមានបណ្ណបើកបរប្រភេទ ខ រួចហើយ។ អ្នកកាន់បណ្ណបើកបរ ត្រូវបានកំណត់ចាប់ពីអាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ, អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១ និងអាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង៕


















