
នៅក្នុងវិស័យយានយន្ដច្បាស់ចាស់ឲ្យនិយាយពីក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីឈានមុខគេ ក្រុមហ៊ុនដែលបងប្អូននឹកឃើញមុនគឺ Tesla។ មូលហេតុមិនពិបាកយល់នោះទេ ដោយសារតែក្រុមហ៊ុនផលិតរថយន្ដរបស់សហរដ្ឋអាមេរិកមួយនេះ តាំងកកើតដំបូងមានចក្ខុវិស័យតែមួយគត់ ផ្ដោតលើការអភិវឌ្ឍន៍ហើយផលិតតែរថយន្ដអគ្គិសនី ដើម្បីចង់ប្រាប់មនុស្សនៅលើពិភពលោកថា រថយន្ដរថយន្តអគ្គិសនីអាចមានសមត្ថភាពល្អជាង លឿនជាង ទំនើបជាងនិងមានរូបរាងទាក់ទាញជាងរថយន្តប្រើប្រាស់ម៉ាសុីនចំហេះក្នុង ជាពិសេសចង់លុបបំបាត់ការបញ្ចេញឧស្ម័នកាបូនពីវិស័យដឹកជញ្ជូន។
ចំណុចនេះគឺជាហេតុផលសំខាន់មួយដែលធ្វើឲ្យ Tesla បដិសេធដាច់ខាតមិនផលិតរថយន្ដចំហេះក្នុង ប្រសិនបើពួកគេផលិតរថយន្ដចំហេះក្នុងមែនគឺស្មើនិងការក្បត់គោលការបរបស់ក្រុមហ៊ុន និងបំផ្លាញអត្តសញ្ញាណម៉ាកសញ្ញារបស់ខ្លួន។
មូលធំចំបងមួយទៀតដោយសាររោងចក្ររបស់ Tesla ត្រូវបានកសាងឡើងតាំងពីបាតគ្រឹះមកផ្ដោតលើការអភិវឌ្ឍន៍លើប្រព័ន្ធចលករអគ្គិសនីប៉ុណ្ណោះ។ ការអភិវឌ្ឍម៉ាស៊ីនចំហេះក្នុង (ICE) នឹងតម្រូវឲ្យចំណាយថវិការាប់ពាន់លានដុល្លារលើការបំពាក់ជាមួយឧបករណ៍ថ្មីៗ រោងចក្រផលិតម៉ាស៊ីន និងត្រូវចំណាយថវិកាជាច្រើនទៅលើបណ្តាញអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សកលថ្មីស្រឡាងទាំងស្រុង ប្រសិនបើពួកគេងាកទៅផលិតរថយន្ដចំហេះក្នុង។
យ៉ាងមិញកន្លងមកក៏លេចលឺព័ត៌មាន ឬការបង្ហោះលើបណ្តាញសង្គមជារឿយៗ ដែលអះអាងថា លោក Elon Musk បានប្រកាសពីរថយន្ដ “Model G” ជាប្រភេទរថយន្ដប្រើប្រេងសាំង។ ប៉ុន្តែអត្ថបទទាំងនោះមានប្រភពចេញពីគេហទំព័រព័ត៌មានមិនផ្លូវការ (Satirical news) ឬរូបភាព Memes លើអុីនធឺណិតតែប៉ុណ្ណោះ។ សម្រាប់ក្រុមហ៊ុនវិញ Tesla ក៏មិនដែលបានប្រកាសជាផ្លូវការ ឬបង្កើតគំរូរចនាណាមួយសម្រាប់រថយន្តប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងនោះឡើយ៕





















