យានយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ទាំងរថយន្ត និងម៉ូតូ គឺចាប់ផ្តើមឃេីមានបំពាក់ផ្លាកលេខដែលបន្ថែមនូវឡូហ្គូ EV ពណ៌បៃតង ដែលបញ្ជាក់ពីយានយន្តសាកអាគុយ។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ការ៉ាស់លក់រថយន្តមួយឈ្មោះ «SK99 Auto» កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញពីរថយន្តអគ្គិសនី Deepal S05 មួយគ្រឿង បំពាក់ផ្លាកលេខពិសេស «កម្ពុជា» ដោយមានបន្ថែមមកជាមួយឡូហ្គូ EV ពណ៌បៃតង មានកាលបរិច្ឆេទខែ ០៥-២០២៦។

យ៉ាងណាមិញ យើងមិនទាន់ឃើញមានការចេញសេចក្តីប្រកាសព័ត៌មានថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីផ្លាកលេខដែលមានឡូហ្គូ EV នេះនៅឡើយទេ គិតមកត្រឹមថ្ងៃទី៥ ខែឧសភានេះ។
បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងកាលពីចុងឆ្នាំ២០២៥កន្លងទៅថា ក្នុងឆ្នាំ២០២៦នេះ ផ្លាកលេខយានយន្តអគ្គិសនី ដែលរួមមានទាំងផ្លាកលេខរាជធានី-ខេត្ត និងផ្លាកលេខពិសេស នឹងមានបន្ថែមឡូហ្គូ EV ពណ៌បៃតងដើម្បីងាយស្រួលសម្គាល់ថា ជារថយន្តមេត្រីភាពចំពោះបរិស្ថាន ពោលគឺងាយសម្គាល់ថា ជាយានយន្តអគ្គិសនីតែម្តង។

សូមជម្រាបថា គិតមកត្រឹមខែមីនា ឆ្នាំ២០២៦ កម្ពុជាមានយានយន្តអគ្គិសនីសរុបចំនួន ១៦ ២១០គ្រឿង បានចុះបញ្ជី ក្នុងនោះរថយន្តអគ្គិសនីមានចំនួន ១១ ៦៥៦គ្រឿង។ នេះបើតាមរបាយការណ៍របស់ក្រសួង។ ការចុះបញ្ជីយានយន្តត្រូវមានឯកសារដូចជា អត្តសញ្ញាណបណ្ណ, បង្កាន់ដៃពន្ធយានយន្ត, លិខិតទិញលក់ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។ គួរដឹងបន្ថែមទៀតដែរថា កម្ពុជាបានកំណត់គោលដៅក្នុងការសម្រេចឲ្យបានការចុះបញ្ជីរថយន្តអគ្គិសនីសុទ្ធចំនួន ៣ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០៕















