រថយន្ត Mercedes-Maybach GLS ដែលជារថយន្ត SUV កំពូលប្រណីតរបស់ Mercedes បានបង្ហាញមុខជាផ្លូវការក្នុងប្រទេសចិន ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show។
នេះគឺជាលើកដំបូងដែលម៉ាក Maybach លេចមុខលើរថយន្តសម្រាប់លក់លើទីផ្សារ ដែលមិនមែនជាម៉ូដែល S-Class។ Mercedes-Maybach GLS គឺដំណើរការដោយម៉ាស៊ីន ៤,០ លីត្រ Twin-Turbo ៨ ស៊ីឡាំង កម្លាំង ៥៥០ សេះ ដែលអាចឲ្យរថយន្តទម្ងន់ ២,៧៨ តោននេះ បង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ក្នុងពេល ៤,៩ វិនាទី និងល្បឿនអតិបរមាកំណត់នៅត្រឹម ២៥០ គ.ម/ម៉។
ចំពោះការឌីហ្សាញរូបរាងរថយន្តនេះ គឺវាជាការឌីហ្សាញដែលធ្លាប់ឃើញពីមុនមក ពោលគឺមានផ្ទាំងប៉ាណាខាងមុខមានរន្ធជាបញ្ឈរដែលជាអត្តសញ្ញាណមួយរបស់ប្រភេទរថយន្ត Maybach អមនឹងយ៉ាន់កង់ទំហំ ២២ អ៊ីញ យ៉ាងទាក់ទាញ។
នៅផ្នែកខាងក្នុងមានកៅអីអង្គុយតែពីរជួរប៉ុណ្ណោះ ដើម្បីធានាថាអាចផ្ដល់ទំហំធំទូលាយសម្រាប់អ្នកដំណើរ។ កៅអីជួរក្រោយគឺជាប្រភេទកៅអី Business-Class ដែលទ្រេតចុះខ្លាំង ប្រៀបដូចជាកៅអីក្នុង Mercedes-Maybach S-Class ដែរ ដើម្បីផ្ដល់នូវផាសុកភាពពេញទី។
រថយន្ត Mercedes-Maybach នេះនឹងមានលក់នៅអំឡុងពាក់កណ្ដាលឆ្នាំ ២០២០។ ក្រុមហ៊ុនមិនបានបង្ហាញតម្លៃលក់នោះទេ ប៉ុន្តែរំពឹងថាមានចាប់ពីប្រមាណ ២០ ម៉ឺនដុល្លារឡើង ដែលជាតម្លៃប្រកួតប្រជែងនឹង Bentley Bentayga និង Aston Martin DBX ជាដើម៕