
រថយន្ត AUDI E7X ត្រូវបានផលិតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន SAIC បានដាក់បង្ហាញជាផ្លូវការនូវនៅលើឆាកនៃពិពរណ៍យានយន្ដ Beijing Auto Show 2026។ នេះគឺជាម៉ូឌែលទីពីររបស់ប្រេន AUDI ផលិតជាពពិសេសសម្រាប់ទីផ្សារប្រទេសចិន គ្មានរូបសញ្ញាកងចំនួន៤ បន្ទាប់ពីម៉ូឌែល E5 Sportback។
រថយន្ត E7X ត្រូវបានរចនាតាមលំនាំម៉ូឌែល E5 Sportback ដោយមានផ្នែកខាងមុខរាងស្រឡូន ជាមួយនឹងការរចនាបែប “រង្វង់ព័ទ្ធជុំវិញពណ៌ខ្មៅ”។ បន្ថែមពីនេះវាក៏មានបំពាក់នូវប៉ាណាខាងមុខជិតឈឹង លេងបន្ថែមជាមួយនឹងស៊ុមពន្លឺ ជាមួយភ្លើងរាងត្រីកោណជាង ១ ០០០ គ្រាប់ឡើងយ៉ាងរស់រវើក។
រថយន្ដនេះក៏មានបំពាក់នូវភ្លើងបំភ្លឺពេលថ្ងៃរាងស្លីម និងចង្កៀងមុខប្រភេទ Digital Matrix LED បែបបញ្ឈរ។ នៅផ្នែកជំហៀងប្រើប្រាស់នូវកញ្ចក់មើលក្រោយបែបឌីជីថល, ទ្វារដែលគ្មានស៊ុមកញ្ចក់និងកញ្ចក់ការពារខ្យល់ខាងមុខដែលមានជម្រាលខ្លាំង រត់ទៅរកដំបូលរាងទាបទៅផ្នែកខាងក្រោយ។ ចំណុចលេចធ្លោផ្សេងទៀត រួមមានដៃទ្វារបង្កប់ជាប់តួខ្លួន, ថាសកង់ដែលរចនាឡើងដើម្បីកាត់បន្ថយភាពទប់នៃខ្យល់ និងចង្កៀងក្រោយមានរាងពងក្រពើព័ទ្ធជុំវិញ។
បើនិយាយពីទំហំវិមាត្រខាងក្រៅរបស់រថយន្ដ E7X មានប្រវែងបណ្តោយ ៥,០៤៩ មីលីម៉ែត្រ, ទទឹង ១,៩៩៧ មីលីម៉ែត្រ និងកម្ពស់១,៧១០ មីលីម៉ែត្រ ជាមួយនឹងប្រវែងគម្លាតកង់មុខក្រោយ ៣,០៦០ មីលីម៉ែត្រ។ ជាទំហំប៉ុណ្ណឹងនមានន័យថាវាស្ថិតនៅក្នុងរថយន្តប្រភេទ Crossover។
ចូលមកដល់ផ្នែកខាងក្នុងបំពាក់មកជាមួយចង្កូតរាងសំប៉ែតផ្នែកខាងក្រោមនិងអេក្រង់ប៉ាណូរ៉ាម៉ាកម្រិត 4K លាតសន្ធឹងពេញទទឹងតាប្លូ។ អេក្រង់នេះមានទំហំរហូតដល់ ៥៩ អ៊ីញ និងមានបង្ហាញរូបភាពវីដេអូពីកញ្ចក់កាមេរ៉ាចំហៀងនៅត្រង់ជ្រុងសងខាងនៃអេក្រង់ផងដែរ។
ទោះបីជាបច្ចេកវិទ្យាគឺជាចំណុចស្នូលក៏ពិតមែន ប៉ុន្តែ AUDI ក៏មិនបានបំភ្លេចនូវភាពប្រណីតនោះដែរ ដោយរថយន្ដនេះត្រូវបានបំពាក់ដោយស្បែកប្រភេទ Nappa ព្រមទាំងការតុបតែងដោយឈើលំដាប់ខ្ពស់។ បន្ថែមពីនេះ វាក៏មានការរចនាផ្ទៃខាងក្នុងទ្វារបែបឆ្នូតៗ, ភ្លើងលម្អខាងក្នុងនិងបំពាក់ឧបករណ៍បំពងសម្លេង Bose មានរហូតដល់ ២៦ គ្រាប់។ ចំពោះដំបូលរបស់រថយន្ដនេះជាប្រភេទដំបូលកញ្ចក់ ចែកចេញជាពីរផ្នែក មានបច្ចេកវិទ្យា smart-dimming អាចកំណត់កម្រិតពន្លឺនៃកញ្ចក់បានច្រើនកម្រិតតាមតម្រូវការ។
ម៉ូឌែល E7X ត្រូវបានដាក់លក់ក្នុងជម្រើសកៅអី ៤ និងកៅអី ៥។ ក្នុងនោះ ជម្រើសកៅអី ៤ គឺជាចំណុចលេចធ្លោបំផុត ដោយសារវាមានកៅអីក្រោយ ដាច់ដោយឡែកពីគ្នាជាប្រភេទកៅអី zero-gravity អាចផ្អែកបានដល់ទៅ ១២០ ដឺក្រេ និងមានមុខងារម៉ាស្សាដល់ទៅ ១៦ ចំណុច ព្រមទាំងប្រព័ន្ធបញ្ជាដោយប្រើខ្យល់ ដែលមានពោងខ្យល់ចំនួន ២៣ គ្រាប់។ កៅអីទាំងនោះ ក៏មកជាមួយនូវបង្អែកក្បាលអាចកែតម្រូវបាន ៤ ទិសដៅ និងកន្លែងដាក់ជើងដែលបញ្ជាដោយអគ្គិសនីផងដែរ។
ក្រឡេកទៅមើលតំបន់កៅអីរបស់អ្នកដំណើរផ្នែកខាងក្រោយបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ២១.៤ អុីញ អាចទម្លាក់ចុះមកពីពិដានរថយន្ត អាចបញ្ជាបានតាមរយៈការប្រើសម្លេងសំឡេង តេឡេបញ្ជា ឬការប៉ះផ្ទាល់លើអេក្រង់។ បើនិយាយពីបច្ចេកវិទ្យាវិញ AUDI E7X មានបំពាក់នូវ AUDI Assistant 2.0 គឺជាជំនួយការក្នុងរថយន្តដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) មានសមត្ថភាពលើសពីការបញ្ជាដោយសំឡេងធម្មតា។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ByteDance មានតួនាទីគ្រប់គ្រងមុខងារយានយន្ត ឆ្លើយសំណួរអំពីការធ្វើចររាណ៍ និងចម្ងាយផ្លូវដែលនៅសល់ ចាក់តន្ត្រី និងអាចជជែកកម្សាន្តបានលើស្ទើរតែគ្រប់ប្រធានបទទាំងអស់។
លើសពីនេះរថយន្ត ADUI E7X ត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង Advanced Digitized Platform និងបំពាក់នូវប្រព័ន្ធស្ថាបត្យកម្មសាកថ្មកម្លាំង ៩០០ វ៉ុលអនុញ្ញាតឲ្យវាអាចរសាកថ្មពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១៣ នាទីប៉ុណ្ណោះ។ អតិថិជនក៏នឹងទទួលបានជម្រើសកញ្ចប់អាគុយទំហំ ១០០ និង ១០៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយផ្លូវលើសពី ៧៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។
ក្រុមហ៊ុន AUDI បានបញ្ចេញនូវលក្ខណៈបច្ចេកទេសអំពីសមត្ថភាពរបស់រថយន្ដនេះមួយចំនួនប៉ុណ្ណោះ ប៉ុន្តែបានបញ្ជាក់ថា នឹងមានប្រភេទប្រើប៉ុងខាងក្រោយ (rear-wheel drive) អាចផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ។ អតិថិជនក៏អាចជ្រើសរើសប្រភេទរថយន្តប៉ុង២ (all-wheel drive) អាចផលិតកម្លាំងបារហូតដល់ ៦៧១ សេះ កម្លាំងរមួល ៨០០ ញូតុនម៉ែត្រ និងអាចនេះអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលត្រឹមតែ ៣.៩ វិនាទី ប៉ុណ្ណោះ។
ចំណុចលេចធ្លោចុងក្រោយរបស់ AUDI រួមមាន ប្រព័ន្ធបត់កង់ទាំងបួននិងប្រព័ន្ធជំនួយការបើកបរ AUDI 360 Driving Assist ប្រើប្រាស់បច្ចេកវិទ្យា Lidar។ ប្រព័ន្ធនេះត្រូវបានសហការអភិវឌ្ឍជាមួយក្រុមហ៊ុន Momenta និងត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ស្ថានភាពចរាចរណ៍ដ៏ស្មុគស្មាញ និងស្ថានភាពបើកបរដ៏វិសេសវិសាលនៅក្នុងប្រទេសចិន៕



















