[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការប្រកាសថារថយន្តស្ព័រ Acura NSX Type-S ជារថយន្តចុងក្រោយបានរំកិលចេញពីរោងចក្រហើយ។ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះបានផលិតឡើងនៅរោងចក្រ PMC ក្នុងទីក្រុង Marysville រដ្ឋ Ohio សហរដ្ឋអាមេរិក ។
Acura NSX Type-S ចុងក្រោយមកជាមួយស្លាកលេខ “350/350” ហើយត្រូវបានបញ្ចប់ដោយពណ៌ប្រផេះ (Gotham Grey Matte) ម៉ូដែលនេះក៏ជា NSX ជំនាន់ទី ២ ចុងក្រោយផងដែរ ដែលជាបង្ហាញពីការបញ្ចប់នៃរថយន្ត Supercar កូនកាត់ Hybrid Honda/Acura ផងដែរ។
គួរឲ្យដឹងថា រថយន្តនេះត្រូវបានដាក់បង្ហាញចេញនៅឆ្នាំ ២០២១ ហើយត្រូវបានបង្ហាញជាសាធារណៈនៅពិរព័ណ៍ Monterey Car Week ក្នុងឆ្នាំនោះ Acura NSX Type-S ត្រូវបានផលិតក្នុងចំនួនកំណត់ ត្រឹម ៣៥០ គ្រឿងប៉ុណ្ណោះ។ ក្នុងចំណោមចំនួននេះ មានរថយន្ត ៣០០ គ្រឿងសម្រាប់ទីផ្សារសហរដ្ឋអាមេរិក និង ៣០ គ្រឿងសម្រាប់ទីផ្សារប្រទេសជប៉ុនខណៈពេលដែល ១៥ គ្រឿងទៀតទុកសម្រាប់ទីផ្សារប្រទេសកាណាដា។
NSX Type-S គឺជាប្រភេទរថយន្ត supercar ប្រើម៉ាស៊ីនកូនកាត់ hybrid ដែលមានថាមពលខ្លាំងបំផុត ដោយប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលបានកែលម្អចំនួន៣ និងម៉ាស៊ីនចំណុះ ៣,៥ លីត្រ Twin-Turbo V6 អាចផលិតកម្លាំងបាន ៦០០ សេះ និងកម្លាំងរមួល ៦៦៧ ញ៉ូតុនម៉ែត្រ ។
ដូចដែលបានរៀបរាប់រួចមកហើយ ការបញ្ចប់ផលិតកម្មរបស់ NSX គឺជាការចាប់ផ្តើមនៃរយៈពេលរង់ចាំសម្រាប់អ្នកស្នងតំណែងរបស់ខ្លួន។ Acura បានបញ្ជាក់ជាថ្មីថា NSX ជំនាន់ក្រោយនឹងក្លាយជារថយន្ត supercar អគ្គិសនី ទោះបីជាព័ត៌មានលម្អិតផ្សេងទៀតអំពីម៉ូដែលនេះនៅមិនទាន់បញ្ចេញក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda ប្រហែលជាបានបញ្ចេញគំរូរថយន្តនេះ នៅក្នុងការប្រកាសអំពីផែនការអនាគតរបស់ខ្លួន ដែលបានកើតឡើងកាលពីដើមឆ្នាំនេះ។
ទន្ទឹមនឹងនេះ នៅពេលបានបញ្ចប់ផលិតកម្ម NSX របស់ខ្លួនហើយនោះ ខ្លួននឹងបន្តធ្វើការផលិតរថយន្តម៉ូដែលពិសេស Acura TLX Type S PMC Edition ស៊េរីឆ្នាំ ២០២៣ ជាមួយចំនួនមានកំណត់ត្រឹមតែ ១០០ គ្រឿងប៉ុណ្ណោះនៃជម្រើសពណ៌ដែលបានមកពី NSX នីមួយៗរួមមាន៖ Curva Red, 130R White និង Long Beach Blue ហើយនឹងបើកទទួលការកក់ទុកមុនចាប់ពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ ៕