សម្រាប់រថយន្តចំហេះក្នុង ឬរថយន្តសាំង-ម៉ាស៊ូតសុទ្ធ គឺមានឌីណាម៉ូ ជាអ្នកបម្លែងថាមពលមេកានិចដែលចេញពីម៉ាស៊ីន ទៅជាថាមពលអគ្គិសនី ដើម្បីសាកអាគុយ 12V។ ប៉ុន្តែ សម្រាប់រថយន្ត EV, REEV, PHEV និង Hybrid ពុំមានឌីណាម៉ូនោះទេ អ៊ីចឹងតើអាគុយ 12V របស់រថយន្តប្រភេទទាំងនេះ ត្រូវបានសាកដោយរបៀបណា?

១. រថយន្តអគ្គិសនីសុទ្ធ (EV) ក្នុងរថយន្ត EV គឺមាន Converter មួយ ដែលបម្លែងថាមពលចេញពីធុងអាគុយមេដែលមានវ៉ុលខ្ពស់ មកជាថាមពលទាបសាកចូលអាគុយ12v ក្នុងអំឡុងពេលបើកបរ ឬនៅពេលដោតភ្លើងសាក។
២. រថយន្ត REEV ក្នុងរថយន្តប្រភេទនេះ ក៏មាន Converter បម្លែងថាមពលសាកអាគុយ 12V ដូច EV ដែរ។ ប៉ុន្តែនៅពេលធុងអាគុយមេរបស់វា ជិតអស់ថាមពល នោះម៉ាស៊ីនសាំងគឺជាអ្នកចាប់ផ្តើមដំណើរការដោយដើរតួជាម៉ាស៊ីនភ្លើងផ្តល់ថាមពលឲ្យម៉ូទ័រជាអ្នកបង្វិលកង់ និងសាកចូលធុងអាគុយមេផង ហើយក៏ផ្តល់ថាមពលឲ្យ Converter ដើម្បីរក្សាការសាកចូលអាគុយ 12V នេះផងដែរ។
៣. រថយន្ត PHEV មិនខុសពីរថយន្ត EV និង REEV នោះទេ រថយន្ត PHEV ក៏មាន Converter មួយដែលបម្លែងថាមពលពីអាគុយមេវ៉ុលខ្ពស់ មកសាកឲ្យអាគុយ 12V វិញដូចគ្នាដែរ។ ក្រៅពីនេះ អាគុយ 12V ក៏ត្រូវបានសាក នៅពេលរថយន្តដោតភ្លើងសាកផងដែរ។ ជាមួយគ្នានេះ រថយន្ត PHEV មានប្រព័ន្ធ Regenerative Braking ដែលអាចទាញយកថាមពលពីការជាន់ហ្វ្រាំងបន្ថយល្បឿន ចូលមកអាគុយមេ ហើយក៏អាចបន្តការសាកចូលអាគុយ 12V បានទៀតផងដែរ។
៤. រថយន្ត Hybrid អាគុយ 12V នៅលើរថយន្ត Hybrid គឺត្រូវបានសាកតែក្នុងពេលរថយន្តមានលោតភ្លើងសញ្ញា Ready ដែលរថយន្តត្រូវបានបញ្ឆេះ និងត្រៀមរួចរាល់បើកបរចេញដំណើរ ពោលគឺអាចឲ្យ Converter បម្លែងថាមពលចេញពីអាគុយមេវ៉ុលខ្ពស់ មកទាប ដើម្បីសាកអាគុយ12Vនេះ៕

















