កំពូលរថយន្តប្រណីត BMW 7-Series ឆ្នាំ ២០២០ រចនាថ្មីកាន់តែស្អាត

BMW បានបញ្ចេញកំពូលរថយន្តប្រណីតរបស់ខ្លួន គឺ 7-Series ស៊េរី​ឆ្នាំ ២០២០ ជា​ផ្លូវការ ជាមួយនឹង​ការ​រចនា​ថ្មី ជា​ពិសេស​នៅ​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាង​ក្រោយ ជួយ​ឲ្យ​វា​កាន់​តែ​ប្រណីត និង​ស័ក្កិសម​ឥតខ្ចោះ​តែម្តង។

ប៉ាណា​ផ្នែក​ខាង​មុខ​ថ្មីមាន​ទំហំ​ធំ​ជាង​មុន​ខ្លាំងដល់ទៅ ៤០ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ស៊េរី​មុន។ ផ្នែក​ខាង​ក្រោយ​វិញ BMW បញ្ជាក់​ថា របា​ក្រូម​មានទំហំ​ក្រាស់​ជាង​មុន ហើយ​ចង្កៀង LED ​មាន​រាង​ស្លីម​ជាង​មុន និង​មាន​របា LED ដ៏​តូច​មួយ​ទៀតរត់​កាត់​ទទឹង​ផ្នែក​ខាង​ក្រោយ​នោះ​ទៀត​ផង។

ពាណិជ្ជកម្ម

BMW 7-Series ប្រភេទ​ធម្មតា និង Long Wheelbase ថ្មី សុទ្ធ​​តែ​មាន​ប្រវែង​វែង​ជាង​ស៊េរី​ចាស់ ២២ មីល្លីម៉ែត្រ ប៉ុន្តែ​ទំហំ​ទទឹង និង​កម្ពស់​នៅ​ដដែល។

​ផ្នែក​ខាង​ក្នុងរឹត​តែ​ពិសេស​អស្ចារ្យ ជាមួយ​​ការ​រចនា និង​រៀបចំ​បាន​យ៉ាង​ល្អឥតខ្ចោះ បូក​រួម​ទាំង​ប្រណីត និង​ទំនើប​ខ្លាំង​បំផុត ហើយស្ងាត់​ជាង​មុន​ផង​ដែរ។ វា​បំពាក់​ដៃ​ចង្កូត​ថ្មី​ ​មាន​ប៊ូតុង​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន, អេក្រង់ Infotainment System ប្រភេទ Touchscreen ទំហំ ១០,២៥ អ៊ីញ ដំណើរការ​ដោយ​ប្រតិបត្តិការណ៍​របស់ BMW ជំនាន់​ចុងក្រោយ​បង្អស់ និង កុងជ័រ​ឌីជីថល ទំហំ ១២,៣ អ៊ីញ។

អ្នកដំណើរ​ផ្នែក​ខាង​ក្រោយក៏ទទួល​បាន​អេក្រង់ Touchscreen ទំហំ ១០ អ៊ីញ ប្រភេទ Full HD ម្នាក់​មួយ​ទៀត​ផង។

BMW ​បន្ថែម​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត គឺ ម៉ាស៊ីន​សាំង​ចំណុះ ៤,៤ លីត្រ ទំហំ ៨ ស៊ីឡាំង (V8) សម្រាប់​ម៉ូដែល 750i xDrive និង 750Li xDrive កម្លាំង​ ៥២៣ សេះ។ រីឯ​ម៉ូដែល 745e ដែល​ជា​ប្រភេទ Plug-in Hybrid ប្រើ​ម៉ាស៊ីន​ទំហំ ៦ ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ ​កម្លាំងសរុប ៣៨៨ សេះ។

ក្រៅ​ពី​នោះ នៅ​មាន​ជម្រើស​ម៉ាស៊ីន​ធំ​សម្រាប់​ម៉ូដែល M760Li xDrive គឺ​ម៉ាស៊ីន​សាំង​ចំណុះ ៦,៦ លីត្រ ទំហំ ១២ ស៊ីឡាំង (V12) កម្លាំង​ ៥៧៧ សេះ ​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣,៨ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​ដល់​ទៅ ៣០៥ គីឡូម៉ែត្រ។

ចំពោះ​ទីផ្សារ​អឺរ៉ុប​វិញ មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង (Straight-six) ចំនួន ៣ គឺ ម៉ូដែល 730d ប្រើ Turbocharger មាន​កម្លាំង ២៦០ សេះ , ម៉ូដែល 730d ប្រើ Twin-turbo មាន​កម្លាំង ៣១៦ សេះ និង ម៉ូដែល 750d ប្រើ Turbocharger ដល់​ទៅ ៣ មាន​កម្លាំង ៣៩៤ សេះ៕

 

Sponsored