
ចំណូលមួយផ្នែកធំក្រុមហ៊ុន Ford បានមកពីការលក់រថយន្ត ជាពិសេសគឺប្រភេទរថយន្តភីកអាប់និងរថយន្ត SUV ដែលមានតម្លៃថ្លៃៗ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះគេប្រទះឃើញថាអាជីវកម្មថ្មីៗរបស់ Ford បានកំពុងតែឆ្ពោះទៅរកក្រុមអតិថិជនដែលជាប្រភេទក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី, មជ្ឈមណ្ឌលផ្ទុកទិន្នន័យ, វិស័យកងទ័ពសហរដ្ឋអាមេរិក ឬរដ្ឋាភិបាលសម្ព័ន្ធមិត្ត ជាជាងក្រុមមនុស្សទូទៅដែលដើរចូលទៅទិញឡាននៅតាម showroom។
គិតត្រឹមពេលបច្ចុប្បន្នក្រុមហ៊ុន Ford កំពុងបង្កើតប្រតិបត្តិការរក្សាទុកថាមពលថ្មខ្នាតធំសម្រាប់បណ្តាញអគ្គិសនី និងកំពុងបន្តការងារក្នុងវិស័យការពារជាតិ។ អាជីវកម្មបណ្តាក់ទុនទាំងនេះ មិនទាន់មានទំហំធំល្មមអាចជំនួសអាជីវកម្មរថយន្តបាននៅឡើយទេ ប៉ុន្តែវាប្រៀបដូចជាចំណុចចាប់ផ្ដើមដ៏ល្អមួយក្នុងការស្វែងរកប្រភពចំណូលបន្ថែម។ លើសពីនេះ Ford បានបង្កើតក្រុមហ៊ុន Ford Energy គ្រោងនឹងប្រើប្រាស់បច្ចេកវិទ្យាថ្មលីចូមដែកផូស្ហ្វាត (Lithium iron phosphate – LFP) ហើយបានប្តេជ្ញាចិត្តវិនិយោគទឹកប្រាក់ប្រហែល ២ ពាន់លានដុល្លារនៅក្នុងអាជីវកម្មនេះ។ ក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមប្រគល់ទំនិញជូនអតិថិជនដំបូងនៅចុងឆ្នាំ ២០២៧ និងកំណត់គោលដៅដាក់ពង្រាយថាមពលឲ្យបានយ៉ាងហោចណាស់ ២០ ហ្គីហ្គាវ៉ាត់ម៉ោង (Gigawatt-hours) ជារៀងរាល់ឆ្នាំ។
ក្រៅពីវិនិយោគលើវិស័យឯកជនក្រុមហ៊ុន Ford ក៏កំពុងត្រឡប់ទៅរកវិស័យមួយដែលខ្លួនបានចាកចេញកាលពីជាច្រើនទសវត្សរ៍មុនផងដែរ។ ក្រុមហ៊ុនបានឱ្យដឹងថា រដ្ឋាភិបាលនៅក្នុងតំបន់អាមេរិកខាងជើង និងអឺរ៉ុប បានទាក់ទងមកខ្លួនអំពីការប្រើប្រាស់រថយន្ត Ford Pro, កម្មវិធី Software និងប្រព័ន្ធថាមពល សម្រាប់តម្រូវការការពារជាតិ។ ជាមួយគ្នានេះ Ford បានលើកឡើងពីម៉ូឌែល Ranger, F-Series Super Duty និងបច្ចេកវិទ្យា Pro Power Onboard ថាជាបច្ចេកវិទ្យាដែលអាចគាំទ្រដល់ការដឹកជញ្ជូន, ការផ្គត់ផ្គង់ថាមពលនៅសមរភូមិ និងការងារសន្តិសុខ។ រថយន្តភីកអាប់ដែលអាចដឹកជញ្ជូនឧបករណ៍ផង និងអាចផ្តល់ថាមពលអគ្គិសនីបានផងនោះ គឺមានប្រយោជន៍ខ្លាំងណាស់ ដោយមិនត្រឹមតែសម្រាប់ប្រើប្រាស់ក្នុងការដ្ឋានសំណង់នោះទេ៕






















