ឆ្ងល់់អត់! ហេតុអ្វីប៉ូលីសនៅអាមេរិកចូលចិត្តប្រើឡានម៉ាកនេះម្លេះ?

ប្រសិនបើអ្នកធ្លាប់បានធ្វើដំណើរទៅលេងនៅសហរដ្ឋអាមេរិក ហើយធ្វើដំណើរឆ្លងកាត់ផ្លូវហាយវេពីរដ្ឋមួយទៅរដ្ឋមួយ ប្រហែលជាសង្កេតឃើញថា នៅតំបន់ទាំងនោះតែងតែមានឡានប៉ូលីសបើកល្បាត ឬបន្លឺស៊ីរ៉ែនជាញឹកញូយជាមិនខាន ហើយឡានប៉ូលីសភាគច្រើនសុទ្ធតែជាម៉ាក Ford ។ អញ្ចឹង តើមូលហេតុអ្វីទៅបានជាប៉ូលីសនៅសហរដ្ឋអាមេរិកចូលចិត្តប្រើឡាន Ford ម្លេះ?

ដូចនេះ ខាងក្រោមនេះគឺជាមូលហេតុធំៗចំនួន ៣ ដែលប៉ូលីសនៅសហរដ្ឋអាមេរិកនិយមប្រើប្រាស់រថយន្តម៉ាក Ford៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១) ធន់ និងមានការរចនាសម្រាប់តម្រូវការរបស់ប៉ូលីស

សម្រាប់រថយន្តប៉ូលីសនៅសហរដ្ឋអាមេរិក វាគឺត្រូវបានផលិតឡើងជាមួយគ្រឿងបន្លាស់កម្រិតធន់ធ្ងន់ និងពិសេសៗជាច្រើនដូចជាការកែប្រែប្រព័ន្ធហ្វ្រាំងឲខ្លាំងជាងមុន និងមាននូវគ្រោងឆ្អឹងដ៏រឹងមាំដែលអាចទ្រាំទ្រនឹងការប៉ះទង្គិចខ្លាំងៗជាដើម។ ម្លោះហើយ ដោយសារតម្រូវការទាំងនេះ បាននាំឲ Ford បានផ្តើមផលិតរថយន្តសម្រាប់ប៉ូលីស ដែលនៅក្នុងពេលបច្ចុប្បន្ន រថយន្តទាំងនោះ រួមមានម៉ូដែល Ford Police Interceptor Utility ដែលកែច្នៃចេញពី Ford Explorer និង Ford F-150 Police Responder ជាដើម។

អ្វីដែលពិសេសនោះ រថយន្តទាំងនេះគឺត្រូវបានកែឆ្នៃជាពិសេសដែលអាចអនុញ្ញាតឱ្យប៉ូលីសអាចបញ្ឆេះចោល ឬរងការបុកពីខាងក្រោយក្នុងល្បឿនដល់ទៅ ១២០ គីឡូម៉ែត្រ/ម៉ោងជាដើម។ ជាពិសេស គឺមានភាពទូលាយ ដែលអាចឲប៉ូលីសងាយស្រួលក្នុងការតម្លើង ឬដាក់ឧបករណ៍បានច្រើន។ ដូចនេះហើយ ការប្រើប្រាស់រថយន្ត SUV ដូចជា Ford Interceptor គឺជាជម្រើសដ៏ល្អបំផុត។

២) ងាយស្រួលថែទាំ

គួរបញ្ជាក់ថា ក្រុមហ៊ុន Ford គឺចាប់ផ្តើមមានទំនាក់ទំនងជាមួយស្ថាប័នប៉ូលីសអាមេរិកតាំងពីឆ្នាំ ១៩៥០ មកម្លេះ ហើយម៉ូឌែលដែលពេញនិយមបំផុត និងធ្លាប់ជាបងធំក្នុងទីផ្សាររថយន្តប៉ូលីសជិត ៣ ទសវត្សរ៍នោះគឺរថយន្ត Ford Crown Victoria ។ ដូចនេះហើយ ដោយសារវាត្រូវបានប្រើប្រាស់ច្រើនរាប់ទសវត្សរ៍ផង មានគ្រឿងបន្លាស់នៅគ្រប់ទីកន្លែង រួមជាមួយភាពស៊ាំរបស់ជាងក្នុងការជួសជុលផង ទើបធ្វើឱ្យ Ford ក្លាយជាជម្រើសដំបូងសម្រាប់គ្រប់អង្គភាពប៉ូលីសអាមេរិកទាំងអស់។

៣) ជារថយន្តដែលមានតម្លៃសមរម្យ

បើនិយាយឲស្រួលយល់ រថយន្តប៉ូលីស Ford មិនត្រឹមតែមានតម្លៃទាបជាងគូរប្រកួតប្រជែងប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមហ៊ុន Ford ផ្ទាល់ ក៏បានផ្តល់កញ្ចប់តម្លៃពិសេស និងការបញ្ចុះតម្លៃសម្រាប់រដ្ឋាភិបាលផងដែរ។ ម្លោះហើយ ទើបធ្វើឲ Ford ក្លាយជាជម្រើសទី ១ របស់ប៉ូលីសអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម