ខ្ចូតៗកប់! ឡាន Daihatsu នេះ ដាក់លក់នៅជប៉ុន តែជាង១ម៉ឺនដុល្លារ

ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន តែងតែ​ទុក​រថយន្ត​មួយ​ចំនួន​សម្រាប់​លក់​តែ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​ប៉ុណ្ណោះ។ ជាក់ស្តែង​ដូច​ជា​រថយន្ត Daihatsu ម៉ូដែល Boon Style នេះអីចឹង។

រថយន្ត​ប្រភេទ Hatchback ខ្នាត​តូច Daihatsu Boon Style ឬ​គេ​ហៅ​ថា Daihatsu Sirion ឬ​ម្យ៉ាង​ទៀត​ថា Toyota Passo ត្រូវ​បាន​ដាក់​លក់​តែ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។

ពាណិជ្ជកម្ម

វា​មាន​រូបរាង​តូច​ច្រឡឹង ជាមួយ​នឹង​ការ​រចនា​គួរ​ឲ្យ​ស្រលាញ់ រួមទាំង​មាន​ពណ៌​ផ្កា​ឈូក​គួរ​ឲ្យ​ទាក់ទាញ ហៅ​ថា Juicy Pink Metallic។ វា​បាន​បំពាក់​យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៤ អ៊ីញ ជាមួយ​នឹង​អំពូល​កាត់​អ័ព្ទ​ប្រភេទ LED ទៀត​ផង។

រថយន្ត Daihatsu Boon Style នេះ​បាន​បំពាក់​ម៉ាស៊ីន​សាំង ដែល​មាន​កម្លាំង ៦៨ សេះ អាច​បើកបរ​ដល់​ល្បឿន​អតិបរមា ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

វា​ផ្តល់​នូវ​ជម្រើស​ប្រព័ន្ធ​បើកបរ​ប៉ុងមួយ FWD ដែល​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​ត្រឹមតែ ៣,៦ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ហើយ​មាន​តម្លៃ​ចាប់​ពី ១៣ ៥០០ ដុល្លារ និង ប្រភេទប៉ុង ២ AWD មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៤,‌១ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ហើយ​មាន​តម្លៃ​ចាប់​ពី ១៥ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន៕

Sponsored