គូប្រជែង Mercedes-Benz S-Class មកពីកូរ៉េមួយនេះ មានលក្ខណៈពិសេសអ្វីខ្លះ? (មានវីដេអូ)

Genesis G90 បានជាប់ឈ្មោះជារថយន្ត Sedan ខ្នាតធំប្រណីតរបស់កូរ៉េខាងត្បូង ដែលមានភាពទំនើប និងការឌីហ្សាញរូបរាងស្អាត អាចប្រជែងជាមួយនឹងរថយន្តអាល្លឺម៉ង់បាន ជាពិសេសគឺ Mercedes-Benz S-Class តែម្តង។ ថ្មីៗនេះដែរ រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ ក៏បានបង្ហាញខ្លួនជាផ្លូវការ ដូច្នេះថ្ងៃនេះ ក្រុមការងារ ខេមបូ អូតូ សូមលើនូវលក្ខណៈពិសេសទាំង ៥យ៉ាងដែលមាននៅលើរថយន្តដ៏ប្រណិតរបស់កូរ៉េមួយនេះមកបង្ហាញជូនបងប្អូនទាំងអស់គ្នា។

ការរចនាផ្នែកខាងក្រៅ

ពាណិជ្ជកម្ម

បើនិយាយពីការឌីហ្សាញរូបរាងផ្នែកខាងក្រៅរបស់វា រថយន្ត Genesis G90  ស៊េរីឆ្នាំ២០២៣ ប្រើសំណុំចង្កៀងមុខ LED រាងស្លីម ២ ឈ្នូត ដោយក្នុងនោះវាដើរតួជាអំពូលបំភ្លឺពេលថ្ងៃ, ស៊ីញ៉ូ, ភ្លើងកូត និង ភ្លើងហ្វា ហើយបំពាក់ប៉ាណាមុខរាងជាគ្រាប់ពេជ្រ ទៀតផង។

ងាកមកមើលផ្នែកចំហៀងវិញ វាមានបំពាក់យ៉ាន់កង់ទំហំដល់ ២០អ៊ីញ អមជាមួយនឹងកញ្ចក់ក្តោបអូតូ ហើយមានមុខងារ Blind-spot និងប្រើដៃទ្វារលិបចេញចូល ផងដែរ។

ក្រឡេកទៅមើលផ្នែកខាងក្រោយវិញ វាក៏នៅតែបន្តប្រើការឌីហ្សាញស្តុបបែប ២ ឈ្នូត បុន្តែលាតកាត់ពេញផ្ទៃខាងក្រោយរថយន្តតែម្តង មើលទៅពិតជាទាក់ទាញមែនទែន ទោះបីជាមើលពីចម្ងាយក្តី។

សូមបញ្ជាក់ថា រថយន្តនេះមានប្រវែងតួខ្លួន ៥ ២០០មីលីម៉ែត្រ ទទឹង ១ ៩០០មីលីម៉ែត្រ កម្ពស់ ១ ៤០០មីលីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ១០០មីលីម៉ែត្រ។

ការរចនាផ្នែកខាងក្នុង

ចូលទៅមើលផ្នែកខាងក្នុងវិញ រថយន្ត Genesis G90  ស៊េរីឆ្នាំ២០២៣ បានរៀបចំយ៉ាងប្រណីត​ និង Premium មែនទែន ដោយក្នុងនោះវាបានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន។

បន្ថែមពីនេះ វាក៏មាន Option ពិសេសៗមួយចំនួនទៀត រួមទាំង ដំបូលកញ្ចក់វែង panoramic sunroof, ទ្វារចុចបិទ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធសំឡេង Bang & Olufsen audio system និង កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ ជាដើម។

ក្រៅពីនោះ មុខងារថ្មីមួយទៀតត្រូវបានដាក់លើ Genesis ឆ្នាំ២០២៣ គឺ Digital Key 2 ដែលនឹងដោះសោររថយន្តដោយស្វ័យប្រវត្តិ នៅពេលម្ចាស់ដើរចូលទៅជិត។

ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ ក៏មិនចាញ់រថយន្តអាល្លឺម៉ង់ប៉ុន្មានដែរ ដោយក្នុងនោះរួមមានទាំង​ 

  • ពោងសុវត្ថិភាពចំនួន ៩គ្រាប់, 
  • ប្រព័ន្ធជំនួយ និងរក្សាគន្លងផ្លូវអោយបានត្រឹមត្រូវ
  • ប្រព័ន្ធកំណត់ល្បឿនថេរ និងបន្ថែមបន្ថយល្បឿនតាមរថយន្តខាងមុខស្វ័យប្រវត្តិ 
  • ប្រព័ន្ធផ្តល់សញ្ញាអាសន្ននៅកញ្ចកចំហៀង ពេលមានឧបសគ្គកមកកៀរ ងាយស្រួសសម្រាប់ការវ៉ាជែងផ្សេងៗ
  • ប្រពន្ធដាស់តឿនអ្នកបើកបរពេលងងុយគេង
  • ប្រពន្ធជាន់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវិត្ត ក្នុងលក្ខណអ្នកបើកបរបាត់បង់ម្ចាស់ការ 
  • និង ប្រព័ន្ធកាំមេរ៉ា ៣៦០ដឺក្រេ ផងដែរ។

ថាមពលម៉ាស៊ីន

សូមបញ្ជាក់ថា រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ នេះផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងក្រោយមកស្តង់ដារ ខណៈម៉ាស៊ីនមួយទៀតមានចំណុះ ៣,៥លីត្រ supercharged ទំហំ ៦ស៊ីឡាំង និងមានកម្លាំង ៤០៩សេះ។ ​ចំពោះកម្រិតស៊ីសាំងរបស់វាជាមធ្យមគឺ ១២លីត្រ/១០០គីឡូម៉ែត្រ។

បើនិយាយពីសន្ទុះល្បឿនវិញ រថយន្តនេះអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៤,៧ វិនាទី ហើយមានល្បឿនអតិបរមា ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ 

តម្លៃ

រថយន្ត Genesis G90 ស៊េរីឆ្នាំ២០២៣ នឹងមានតម្លៃចាប់ពីខ្ទង់ ៨៨ ៤០០ដុល្លារ នៅលើសហរដ្ឋអាមេរិក ដែលជាការឡើងថ្លៃដល់ខ្ទង់ ១០ ០០០ បើប្រៀបធៀបទៅនឹងម៉ូដែល G90 ស៊េរីឆ្នាំ២០២២៕

Sponsored