ការបារម្ភពីកំហូចអាគុយ និងការចុះខ្សោយថាមពលរបស់វា គឺជាកត្តាដ៏ធំមួយដែលធ្វើឲ្យគេនៅមិនទាន់ហ៊ានសម្រេចចិត្តទិញមកប្រើប្រាស់។ តែយ៉ាងណាមិញ បើអ្នកប្រើប្រាស់បានយល់ដឹងពីការថែទាំ ជាពិសេសគឺចេះពីវិធីសាកថ្ម និងប្រើប្រាស់ឲ្យបានត្រឹមត្រូវ នោះវានឹងជូយបង្កើនអាយុកាលជាក់ជាមិនខាន។ ដូច្នេះ សូមយល់ដឹងពីវិធី ៧យ៉ាងដូចខាងក្រោមនេះ៖

១. ព្យាយាមរក្សាភាគរយថ្ម ឲ្យនៅចន្លោះពី ២០ ទៅ ៨០% ដែលត្រូវបានចាត់ទុកថាជាការថែទាំសុខភាពថ្មដ៏ល្អបំផុត។
២. ចៀសវាងបើកបរទាល់តែជិតអស់ថ្មនៅក្រោមកម្រិត ១០% ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់បន្ទះអាគុយ។
៣. បើអាចគួរកុំសាកនៅស្ថានីយល្បឿនលឿនញឹកញាប់ពេកអី ព្រោះរាល់ពេលសាកលឿនម្តងៗ សីតុណ្ហភាពថ្មក៏កើនឡើងខុសពីធម្មតាដែរ អាចបណ្តាលឲ្យមានផលប៉ះពាល់រយៈពេលវែង។
៤. គួរចៀសវាងសាកនៅក្រោមកម្តៅថ្ងៃផ្ទាល់ ពោលគឺគួរជ្រកម្លប់រាល់ពេលសាកថ្ម។
៥. ប្រសិនបើទុករថយន្តចោលមិនជិះក្នុងរយៈពេលយូរ ក៏គួរតែឧស្សាហ៍ឆែកមើលកម្រិតថ្ម កុំឲ្យស្រកចុះសល់តិចពេក ដោយត្រូវរក្សាការសាកជាមធ្យមឲ្យបានថេរប្រហែល ៥០%។
៦. រាល់ពេលចេញដំណើរផ្លូវឆ្ងាយ អ្នកប្រើរថយន្តអគ្គិសនី ទាល់តែមានគម្រោងច្បាស់លាស់ពីគោលដៅដែលត្រូវទៅ ហើយត្រូវឆែកមើលថា ផ្លូវដែលត្រូវទៅគោលដៅនោះ មានស្ថានីយសាកគ្រប់គ្រាន់ឬទេ ចៀសវាងបើកបរភ្លេចខ្លួនអស់ថ្មកណ្តាលផ្លូវ ដែលនាំឲ្យខាតពេលវេលា ចំណាយច្រើន ជាពិសេសគឺអាចប៉ះពាល់ថ្មធ្ងន់ធ្ងរ។
៧. បើសិនសាកថ្មចោលនៅផ្ទះ គឺមានល្បឿនយឺត ទោះសាកយូរមែនប៉ុន្តែវាល្អសម្រាប់សុខភាពថ្ម ហើយការសាកនេះទៀតសោត បើភ្ជាប់ជាមួយកម្មវិធីគ្រប់គ្រងថាមពលទៀតនោះ គឺរឹតតែប្រសើរ៕

















