[ទីផ្សារបរទេស] រថយន្តវ៉ែន Maxus MIFA 9 របស់ក្រុមហ៊ុនចិន SAIC បានប្រកាសចេញលក់ជាផ្លូវការ ជាមួយតម្លៃលក់ដែលមានចន្លោះពី ៤ម៉ឺនដុល្លារ ទៅ ៥,៦៧ម៉ឺនដុល្លារ ជាតម្លៃលើទីផ្សារក្នុងស្រុកប្រទេសចិន។
រថយន្តវ៉ែនអគ្គិសនីនេះបានបង្ហាញខ្លួនម្ដងរួចមកហើយក្នុងកម្មវិធីតាំងបង្ហាញរថយន្តទីក្រុង Guangzhou កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដោយវាគឺជារថយន្តដំបូងគេមានប្រើប្រាស់គ្រោងឆ្អឹង Maxus Intelligent Flexible Architecture (MIFA) ហេតុនេះទើបមានឈ្មោះថា MIFA។
រថយន្តនេះមានការតម្រៀបកៅអីអង្គុយជាបីជួរ ដែលជួរនីមួយៗមានកៅអីអង្គុយសរុបចំនួនពីរ ហើយកៅអីជួរទីពីរ និងជួរទីបីអាចបត់ទៅមុខបានដោយបែបអេឡិចត្រូនិកដើម្បីផ្ដល់ជាទីតាំងដាក់ឥវ៉ាន់កាន់តែធំ ហើយកៅអីអង្គុយផ្ទាល់ក៏មានជាមុខងារដែលអាចសារ៉េទីតាំងបែបអេឡិចត្រូនិក មានមុខងារកម្ដៅ និងមានជាមុខងារម៉ាស្សាផងដែរ។
រថយន្ត MIFA 9 នេះមានប្រើប្រាស់អាគុយលីចូមចំណុះ ៩០kWh ដែលអាចផ្ដល់ចម្ងាយបើកបរបានដល់ ៥៦០គីឡូម៉ែត្រ ជាមួយកម្រិតស៊ីថាមពល ១៧,៩kWh ក្នុង១០០គីឡូម៉ែត្រ។ រថយន្តនេះដែរមានម៉ូទ័រអគ្គិសនីមួយដែលអាចផ្ដល់កម្លាំងបាន ១៨០kW ហើយនៅឆ្នាំ២០២៣ ក្រុមហ៊ុន SAIC គ្រោងបង្កើនចម្ងាយបើកបរឲ្យដល់ ៦៥០គីឡូម៉ែត្រ៕