តម្រូវការខ្ពស់ ប៉ុន្តែការលក់របស់ Honda នៅអាមេរិក ថយចុះ ៥០%

[ទីផ្សារបរទេស] Honda បានបង្ហាញចេញរបាយការណ៍លក់ប្រចាំត្រីមាសទីពីរ លើទីផ្សារអាមេរិកខាងជើង​របស់​ខ្លួន ដែល​ឃើញ​ចំនួនលក់​ថយចុះសរុប ៥១,២% ដោយតួលេខនេះរួមបញ្ចូលជាមួយម៉ាក Acura ផងដែរ។

គិតចាប់ពីដើមឆ្នាំ មកទល់ចុងខែមិថុនា Honda Civic បានថយចុះចំនួនលក់ ៥៤% ធៀបនឹងឆ្នាំមុន ដោយលក់​បាន​ត្រឹម ៩ ៦៣៣គ្រឿង ថយចុះពី ៣២ ៦៦៧គ្រឿង ដែលលក់បានកាលពីឆ្នាំ២០២១  ហើយរថយន្ត Odyssey ឯណោះកាន់តែដុនដាប​ដោយ​ថយ​ចុះ​ការ​លក់ ៥៦,៦% មកនៅត្រឹម ២ ៧២១គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងដែរថាការលក់របស់ម៉ាក Acura សរុបជារួមថយចុះចំនួនលក់ ៥០,៦% នៅត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដោយ​ក្នុង​នោះ​ Acura TLX បានថយចុះការលក់រហូតដល់ ៥៣,៨% មកនៅត្រឹមចំនួន ៧ ១២២គ្រឿងប៉ុណ្ណោះ។

ទៅថ្ងៃខាងមុខ Honda រំពឹងថារថយន្តម៉ូដែលថ្មីៗនឹងជួយបង្កើនចំនួនលក់ឡើងវិញ ព្រោះថា​ក្រុមហ៊ុននឹង​សម្រុកប្រកាស​ចេញ​រថយន្ត​ថ្មីៗ​ជាច្រើន ហើយកន្លងមកក៏មានរថយន្តថ្មីៗជាច្រើនបានបង្ហាញវត្តមានរួមមាន Honda HR-V និង Acura Integra ស៊េរីថ្មីៗជាដើម។

ទោះជាការលក់ថយចុះ ប៉ុន្តែ Honda ក៏មានរឿងជោគជ័យមួយចំនួនដែរ ដោយរថយន្ត Integra បានប្រកាសចេញដោយ​ជោគជ័យ ខណៈដែលការលក់របស់រថយន្ត NSX បានកើនឡើង ១៥៣% នៅឆ្នាំលក់ចុងក្រោយរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម