តូចតែខ្លឹម! ត្រឹមរយៈពេល ១ម៉ោងសោះ រថយន្តអគ្គិសនីសុទ្ធ SMART Model #1 ទទួលបានការកក់ទុកមុនជាង ១មុឺនគ្រឿងបាត់

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz និង Geely បានចូលរួមក្នុងការដាក់បង្ហាញនៅរថយន្តអគ្គិសនីក្រោមម៉ាក SMART ជាមួយនឹង Smart Model #1 សរុបចំនួន ២ ម៉ូដែល ដែលមានតម្លៃចាប់ពី ២៨ ៧៩៦ ដុល្លារ ដល់ ៣៤ ៨៥៩ ដុល្លារ នៅក្នុងប្រទេសចិន ។

ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការដាក់បង្ហាញ SMART #1 ទទួលបានការបញ្ជាទិញជាង ១០ ០០០ គ្រឿង ដែលជាសមិទ្ធិផលថ្មីមួយសម្រាប់ម៉ាក SMART ជាមួយនឹងភាពជឿជាក់នៃក្រុមហ៊ុនយក្សទាំងពីរនៅពីក្រោយខ្លួន។

ពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរ រថយន្តអគ្គិសនី SMART #1 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Mercedes-Benz និង Geely ដែល Mercedes-Benz ទទួលខុសត្រូវលើការរចនា ហើយ Geely ទទួលខុសត្រូវចំពោះរចនាសម្ព័ន្ធវិស្វកម្មក្រោមស្ថាបត្យកម្ម SEA ហើយរថយន្ត​ថ្មី​នេះ​នឹង​ត្រូវ​ចែកចាយ​នៅ​ចុង​ឆ្នាំ​២០២២។

ក្នុងនោះ រថយន្ត Smart #1 ភ្ជាប់មកជាមួយការរចនាដែលយកលំនាំពីគំរូរថយន្ត Smart Concept #1 ដែលត្រូវបានដាក់បង្ហាញចេញកាលពីឆ្នាំមុន រួមបញ្ចូលគ្នានៅការរចនា និងបច្ចេកវិទ្យាយ៉ាងល្អឥតខ្ចោះ ដោយមានបំពាក់ជាមួយប៉ាណាមុខបិទជិត, ចង្កៀងមុខប្រភេទ LED អបជាមួយអំពូលបំភ្លឺពេលថ្ងៃរាងអក្សរ V, ទ្វារគ្មានស៊ុម, ដៃទ្វារដែលអាចដកបាន, ដំបូលកញ្ចក់បែប Panoramic និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញជាដើម។

ទន្ទឹងនឹងនេះ Smart យកចិត្តទុកដាក់លើបច្ចេកវិទ្យាយ៉ាងខ្លាំង ដោយនៅផ្នែកខាងក្នុងនឹងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៩,២ អ៊ីញ អេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៊ីញ បច្ចេកវិទ្យាទំនើបបំផុតពី Qualcomm Snapdragon 8155 ដំណើរការ CPU 8-core ជាមួយនឹងស្ថាបត្យកម្មកុំព្យូទ័រដែលមានប្រសិទ្ធភាពខ្ពស់។

សម្រាប់រថយន្តអគ្គិសនី SMART #1 មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរមានកម្លាំង ២៧២ សេះ និងកម្លាំងរមួល ៣៤៣ ញូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង  អាចបើកបរបានចម្ងាយប្រហែល ៥៣៥ ដល់ ៥៦០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្មល្បឿនលឿនដោយសាកពី ១០%​ ដល់ ៨០% ត្រឹមរយៈពេល ៣០នាទីប៉ុណ្ណោះ៕

Sponsored