
នេះគឺជា Voyah Taishan X8 រថយន្ត SUV ហាយប្រីដខ្នាតយក្សទម្ងន់ជិត ៣ តោនរបស់ចិន ដែលបានធ្វើឱ្យពិភពលោកបើកភ្នែកធំៗ និងស្រឡាំងកាំងជាខ្លាំង ក្រោយពីការបើកឡើងជម្រាលកម្ពស់ជាង ២.៥ ម៉ែត្រ ក្នុងល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង រួចធ្លាក់់ពីលើអាកាសមកដីវិញ ប៉ុន្តែនៅតែមិនមានបញ្ហាអី។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ បើទោះបីជាប្រព័ន្ធបូមខាងក្រោមរងសម្ពាធខ្លាំង និងមានបំណែកជ័រខ្ទាតក្នុងឡានខ្លះមែន ប៉ុន្តែគ្រោងឆ្អឹង និងជាពិសេសគឺកញ្ចប់អាគុយ គឺមិនមានការធ្លាយ ឆេះ ឬផ្ទុះទាល់តែសោះ ហើយអ្នកបើកបរអាចដើរចេញមកក្រៅដោយសុវត្ថិភាព និងគ្មានរបួសអ្វីទាំងអស់។
បើនិយាយពីប្រវត្តិរបស់ម៉ាករថយន្ត Voyah នេះវិញ វាគឺជាម៉ាករថយន្តអគ្គិសនីលំដាប់អភិជន (Premium EV) ដែលបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយក្រុមហ៊ុន Dongfeng ។ គោលបំណងធំនៃការបង្កើតម៉ាក Voyah នេះ គឺដើម្បីប្រកួតប្រជែងជាមួយឡានប្រណិតៗរបស់អឺរ៉ុបដូចជា BMW, Mercedes-Benz និង Audi ដោយផ្តោតលើការរចនាម៉ូដបែបស៊ីវិល័យ បច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់។
សរុបមក ការយកម៉ូដែល Taishan X8 មកធ្វើតេស្តដ៏ព្រៃផ្សៃនេះ គឺដើម្បីបង្ហាញពិភពលោកថា ឡានអគ្គិសនីចិនបច្ចុប្បន្នមិនត្រឹមតែមានរូបរាងស្អាត និងតម្លៃសមរម្យនោះទេ ប៉ុន្តែវាក៏មាននូវភាពរឹងមាំ ដែលអាចធានាសុវត្ថិភាពក្នុងស្ថានភាពគ្រោះថ្នាក់ជាយថាហេតុផងដែរ៕

























