ទាំងទំនើប និងស៊ីសាំងតិច ! Lexus ES ឆ្នាំ ២០១៩ មានតម្លៃចាប់ពីជាង ៣ ម៉ឺនដុល្លារ

រថយន្ត​ប្រភេទ Sedan ប្រណីត Lexus ES ស៊េរី​ឆ្នាំ ២០១៩ ដែល​ទទួល​បាន​ការ​រចនា​ថ្មី ជាមួយ​នឹង​ជម្រើស​ចំនួន ៣ ម៉ូដែល គឺ ES 350, ES 300h និង ES 350 F Sport។

រថយន្ត Lexus ម៉ូដែល ES 350 មាន​តម្លៃ​ចាប់​ពី ៣៩ ៥០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ដោយ​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៣០២ សេះ ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​មុខ (FWD)។ ES 350 មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម ៧,១ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ពាណិជ្ជកម្ម

ចំណែក​ឯ ម៉ូដែល ES 350h (Hybrid) វិញ​មាន​តម្លៃ​ចាប់ពី ៤១ ៣០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ដោយ​បំពាក់​ម៉ាស៊ីន​សាំង ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង ប្រភេទ inline-4 ICE និង​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ ដែល​បង្កើត​កម្លាំង​បាន​សរុប ២១៥ សេះ ហើយ​មាន​កម្រិត​ស៊ីសាំង​ជា​មធ្យម​តិច​ជាង​គេ​បំផុត ត្រឹមតែ ៥,២ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ដោយឡែក ម៉ូដែល ES 350 F Sport មាន​តម្លៃ​ចាប់​ពី ៤៤ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស បាន​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៣០២ សេះ​ដូច​គ្នា​នឹង ES 350 ដែរ ប៉ុន្តែ​បាន​បន្ថែម​ប្រព័ន្ធ​បូម Adaptive Variable Suspension ពី​ម៉ូដែល LC និង LS ជាមួយ​នឹង​រូបរាង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង​បែប​ស្ព័រ​យ៉ាង​ទាក់ទាញ។ ចំពោះ​កម្រិត​ស៊ីសាំង​ជា​មធ្យម​របស់​ម៉ូដែល F Sport នេះ គឺ ៧,៦ លីត្រ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ។

សូម​បញ្ជាក់​ថា គ្រប់​ម៉ូដែល​របស់ ES ទាំងអស់​សុទ្ធតែ​ទទួល​បាន​ប្រព័ន្ធ​សុវត្ថិភាព Lexus Safety System+ 2.0 មក​ជាមួយ​ស្តង់ដារ​តែម្ដង។ មិនតែប៉ុណ្ណោះ វា​ក៏​មាន​មុខងារ Apple CarPlay និង Amazon Alexa ផង​ដែរ៕

Sponsored