ប្រធានាធិបតីឥណ្ឌូនេស៊ីចង់ឱ្យ Tesla ផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន

[ឥណ្ឌូនេស៊ី] ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើការជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) Tesla ផលិតរថយន្តរបស់ខ្លួនក៏ដូចជាអាគុយនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការអត្ថាធិប្បាយដែលបានធ្វើឡើងទៅកាន់ Bloomberg News កាលពីថ្ងៃព្រហស្បតិ៍។

លោក Jokowi ដែលជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីត្រូវបាននិយាយនៅក្នុងបទសម្ភាសន៍មួយថាប្រទេសឥណ្ឌូនេស៊ីចង់បាន “ប្រព័ន្ធអេកូឡូស៊ីដ៏ធំនៃរថយន្តអគ្គិសនី” ជាជាងការទាញយកធនធានធម្មជាតិរបស់ខ្លួនដើម្បីផលិតអាគុយ។ លោក​ក៏​បាន​និយាយ​ដែរ​ថាប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ពិចារណា​ដាក់​ពន្ធ​លើ​ការ​នាំ​ចេញ​នីកែល​នៅ​ឆ្នាំ​នេះ ​ដើម្បី​បង្កើន​ប្រាក់​ចំណូលដោយវា​អាច​នឹងចាប់ផ្តើមឡើង​ត្រីមាស​ទីបី។

គួរបញ្ជាក់ផងដែរ ប្រធានាធិបតី និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ប្រទេសឥណ្ឌូនេស៊ីបានជួបប្រជុំគ្នាជាមួយស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk កាលពីដើមឆ្នាំនេះដោយក្នុងអំឡុងពេលនោះដែលលោកបានស្នើសុំឱ្យ លោក Elon Musk ចាត់ទុកប្រទេសអាស៊ីអាគ្នេយ៍ជាមជ្ឈមណ្ឌលផលិតរថយន្ត បន្ថែមពីលើការផលិតត្រឹមអាគុយ។

ពាណិជ្ជកម្ម

លោក Luhut Pandjaitan រដ្ឋមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី ដែលត្រួតពិនិត្យកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Tesla កាលពីដើមខែនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាក្រុមហ៊ុនអាមេរិកបានឈានដល់កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៥ ពាន់លានដុល្លារ ដើម្បីទិញផលិតផលនីកែលពីក្រុមហ៊ុនកែច្នៃនីកែលដែលប្រតិបត្តិការចេញពី Morowali របស់ឥណ្ឌូនេស៊ីនៅកោះ Sulawesi។ ហើយលោក Luhut បានបន្ថែមថា ក្រសួងរបស់គាត់កំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុន Tesla ប៉ុន្តែថាលោក Musk “រវល់ជាមួយបញ្ហាក្នុងស្រុក ទាក់ទងនឹង Twitter” ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ដែល​បាន​វិនិយោគ ឬ​បាន​ប្រកាសពី​គម្រោង​វិនិយោគ​របស់​ខ្លួន​ក្នុង​ការ​ផលិត​រថយន្តអគ្គិសនីក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​រួម​មាន​ក្រុមហ៊ុន​ជប៉ុន Toyota Motor Corp, Mitsubishi Motors Corp និង Hyundai Motor Group របស់​កូរ៉េ​ខាង​ត្បូង។ ព្រមទាំង SGMW Motor Indonesia ដែលជាផ្នែកមួយនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ SAIC Motor Corp Ltd, General Motors Co និង Wuling Motors មានរោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕

Sponsored