ផលអាក្រក់ពេលចាក់ប្រេងម៉ាស៊ីនច្រើនលើសកម្រិត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាទូទៅម្ចាស់រថយន្តតែងផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមពេលកំណត់ ប៉ុន្តែពេលខ្លះក៏អាចជួបករណីចាក់ប្រេងម៉ាស៊ីនលើសចំណុះម្តងម្កាលផងដែរ។ ការចាក់ប្រេងម៉ាស៊ីនច្រើន ឬលើសកម្រិតអាចប្រឈមខូចខាតដល់ផ្នែកខាងក្នុងនៃម៉ាស៊ីនរថយន្តព្រមទាំងរាំងស្ទះដំណើរការដល់ម៉ាស៊ីនរថយន្ត។ យ៉ាងណាមិញអ្នកប្រើប្រាស់រថយន្តមួយចំនួនតែងគិតថាការប្តូរប្រេងម៉ាស៊ីនថ្មីដោយចាក់បំពេញបន្ថែមឲ្យលើសកម្រិតគឺជាវិធីដ៏ល្អ ដើម្បីទប់ទល់នៅពេលប្រេងស្រក។ ប៉ុន្តែផ្ទុយមកវិញការធ្វើដូចនេះនឹងផ្តល់ផលអាក្រក់ធ្វើឲ្យប៉ះពាល់ទៅដល់គ្រឿងក្នុងម៉ាស៊ីនរហូតត្រូវ ចំណាយអស់ប្រាក់ច្រើនលើសពីការរំពឹងទុក។

  • ផលប៉ះពាល់នៃការចាក់ប្រេងលើសកម្រិត បើទោះការចាក់ប្រេងមិនមែនជារឿងស្មុគស្មាញ ប៉ុន្តែបើអ្នកធ្វេសប្រហែសតែបន្តិចនោះអ្នកនឹងត្រូវចំណាយប្រាក់ស្ទើរតែអស់ពីហោប៉ៅ។ ជាក់ស្តែង នៅពេលចាក់ប្រេងម៉ាស៊ីនលើសកម្រិតទៅក្នុងកាទែ(oil Pan)ប្រេងម៉ាស៊ីននឹងចាប់ផ្តើមរងប្រតិកម្មគីមីនៃខ្យល់ ហើយពេលវីឡឺប្រឺកាំងនឹងវាយប្រេងម៉ាស៊ីនចូលគ្នាខ្លាំងក្លាយទៅជាពពុះ។ ពពុះនៃប្រេងម៉ាស៊ីនមិនអាចផ្តល់សារធាតុរំអិលឲ្យម៉ាស៊ីនរថយន្តដំណើរការស្រួលឡើយហើយជួនកាលអាចកើតជាករណីផ្សេងៗដូចជា លំហូរនៃប្រេងម៉ាស៊ីនមិនគ្រប់គ្រាន់ ប្រេងម៉ាស៊ីនឡើងក្តៅខ្លាំងនិងករណីបាត់បង់សម្ពាធប្រេង។ ជាលទ្ធផលម៉ាស៊ីនរថយន្តនឹងកង្វះជាតិរំអិលនិងធ្វើឲ្យរអាក់រអួល ឬបើកបរលត់ញឹកញាប់ ជាពិសេសប្រសិនបើទុកយូរអាចធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់គ្រឿងក្នុងនៃម៉ាស៊ីនរថយន្ត។

  • វិធីត្រួតពិនិត្យកម្រិតប្រេង សញ្ញានៃប្រេងម៉ាស៊ីនលើសចំណុះអាចបង្ហាញតាមរយៈផ្សែងចេញច្រើនពីបំពង់ស៊ីម៉ាំង។ ដូចនេះ ដើម្បីត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន អ្នកអាចចាប់ផ្តើមបើកបរ រថយន្តប្រហែល ៥ ឬ១០នាទីដើម្បីកំដៅម៉ាស៊ីនបន្ទាប់មកឈប់រថយន្តនៅកន្លែងរាបស្មើហើយបើកគម្របម៉ាស៊ីនរថយន្តស្វែងរកកន្លែងចាក់ប្រេង។មួលប្រដាប់វាស់កម្រិតប្រេងពីប្រអប់ផ្ទុកប្រេងម៉ាស៊ីនដោយសម្គាល់មើលពណ៌ប្រេងដែលប្រឡាក់ប្រសិនបើឃើញថាកម្រិតប្រេងម៉ាស៊ីនប្រឡាក់នៅលើសកម្រិតកំណត់ត្រូវយកប្រេងចេញម្តងបន្តិចៗដោយប្រើកំណាត់ជ្រលក់ពូតចេញរហូតសម្គាល់ឃើញកម្រិតប្រេងស្រកត្រឹមកម្រិតដែលបានកំណត់។អ្នកអាចវាស់កម្រិតប្រេងជាថ្មីដោយជូតប្រដាប់វាស់ឲ្យស្អាតបន្ទាប់មកដាក់ចូលក្នុងប្រអប់ប្រេងរយៈពេល ៣វិនាទី រួចយកមកត្រួតពិនិត្យជាការស្រេច។

ពាណិជ្ជកម្ម
  • បង្ហូរប្រេងចេញ ក្នុងករណីរកឃើញថាអ្នកបានបើកបររថយន្តជាមួយប្រេងលើសកម្រិតរយៈពេលយូរ អ្នកត្រូវតែយកទៅឲ្យយានដ្ឋានឆែកមើល និងផ្លាស់ប្តូរប្រេងថ្មីទើបប្រសើរ។ចងចាំថាការចំណាយលើប្រេងថ្មីវាគ្រាន់បើជាងចំណាយប្រាក់ក្រាស់ក្រែលើការជួសជុលម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីនរថយន្តខូចខាត៕
Sponsored