បន្ទាប់ពីសង្កេតឃើញថា អ្នកប្រើយានយន្តអគ្គិសនីមួយចំនួនមានការយល់ដឹងនៅមានកម្រិតអំពីស្តង់ដាសុវត្ថិភាពនៃការប្រើប្រាស់ ដែលអាចបង្កហានិភ័យដល់សុវត្ថិភាពអ្នកបើកបរ អ្នករួមដំណើរ អ្នកដំណើរតាមផ្លូវសាធារណៈ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ បរិស្ថាន និងសង្គម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញសេក្តីណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសផលិត នាំចូល និងចរាចរលក់យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវរៀបចំគោលការណ៍ណែនាំអំពីសុវត្ថិភាពបឋមជាភាសាខ្មែរដោយភ្ជាប់រូបភាព មុនលក់ឲ្យអតិថិជនរបស់ខ្លួន រួមមានដូចជា៖

-ការគាំងប្រព័ន្ធយានយន្ត ដែលមិនអាចបើកទ្វារ ឬបង្អួចបាន
-ការឆេះ ឬផ្ទុះអាគុយ នៅពេលប៉ះទង្គិច
-ការឡើងកម្តៅអាគុយ នៅពេលបញ្ចូលចរន្តអគ្គិសនី
-ការប្រើប្រាស់ដុំសាកចរន្តអគ្គិសនីនៅតាមផ្ទះ តាមស្ថានីយ នៅពេលអាគុយកំពុងមានកម្តៅខ្ពស់ និងនៅពេលកំពុងមានភ្លៀង
-ការឆ្លងប្រព័ន្ធអគ្គិសនីនៅពេលបើកបរក្នុងរដូវវស្សា ឆ្លងកាត់ផ្លូវទឹកលិច និងកំពុងលាងយានយន្ត។
ចំពោះការណែនាំពីគោលការណ៍សុវត្ថិភាពនេះ អាចធ្វើឡើងជាវីដេអូខ្លីៗផងដែរ។ ជាមួយគ្នានេះ យានយន្តអគ្គិសនីគ្រប់ប្រភេទ ត្រូវចុះបញ្ជីបញ្ជាក់ពីសុវត្ថិភាពស្របទៅតាមការតម្រូវនៃស្តង់ដារកម្ពុជា និងបទប្បញ្ញតិ្តបច្ចេកទេស តាមការណែនាំ ឬប្រកាសរបស់ក្រសួង៕

















