ឡានស្ព័រ Ferrari Roma នេះ ផលិតតែ ១គ្រឿងប៉ុណ្ណោះនៅលើលោក សម្រាប់ទីផ្សារមួយនេះ

[បរទេស] ដើម្បីជាការគម្រប់ខួប ៣០ ឆ្នាំនៃការឈានជើងទៅក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តស្ព័រ Ferrari បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តម៉ូដែល Ferrari Roma ពិសេសដែលផលិតបានតែ ១ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារនេះ។

រថយន្ត Ferrari Roma តែមួយគត់ត្រូវបានរចនាឡើងដោយ Ferrari Tailor Made សហការ​ជាមួយ​នឹង​អ្នក​រចនា​ជនជាតិ​ចិន​ដ៏​លេចធ្លោ Jiang Qiong’er។ ការបំផុសគំនិតក្នុងការបង្កើត Roma ដ៏ពិសេសនេះគឺការរួមបញ្ចូលគ្នានៃទស្សនវិជ្ជានៃការរចនាអ៊ីតាលី និងរចនាប័ទ្ម Chinoiserie Chic ដែលមានប្រភពមកពីអាស៊ី។

ពាណិជ្ជកម្ម

ផ្នែកខាងក្រៅនៃរថយន្ត Ferrari ពិសេសនេះត្រូវបានតុបតែងដោយពណ៌ប្រាក់ (Sanusilver Matte) រួមបញ្ចូលគ្នាជាមួយនឹងតែមពណ៌ក្រហម RED Rosso Magma Glossy ដែលលាតសន្ធឹងពីខាងមុខទៅខាងក្រោយរថយន្ត។ ទន្ទឹមនឹងនេះ ឆ្នូតដែលរត់តាមដងខ្លួន និងផ្នែកខាងក្នុងត្រូវបានបំផុសគំនិតដោយលក្ខណៈពិសេសពីសិល្បៈនៃការឌីស្សាញផ្នែកខាងក្នុងចេញពី Ming។

ខណៈផ្នែកក្រោយ ​ត្រូវ​បាន​រចនា​ឡើង​តាម​រចនាបថ​របស់​ K-tail ដែលជាទូទៅមាននៅលើរថយន្តទំនើបៗ។ រថយន្តនេះនៅតែប្រើប្រាស់បំពង់ស៊ីមាំងស្រោបដោយក្រូម៉េជាស្តង់ដារ និងកាងធ្វើពី Carbon fiber ​បែប​ស្ព័រផងដែរ។

ផ្ទៃខាងក្នុងត្រូវបានតុបតែងបែបប្រពៃណីបុរាណចិនដ៏សម្បូរបែប ដោយប្រើប្រាស់នៅស្បែកពណ៌ក្រហម នៅលើផ្ទៃតាឡូ និងកុងសូលកណ្តាល និងមានអក្សរចិន “30” ស្រោបដោយមាសត្រូវបានដាក់នៅចំកណ្តាលកន្លែងដាក់ដៃផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៩​ លីត្រ​ twin-turbo V8 អាចផលិតកម្លាំងបាន ៦២០ សេះ និងកម្លាំងរមួល​ ៧៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ ប្រភេទ Dual-clutch អាចរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង​ ត្រឹមរយៈពេល​ ៣,៤ វិនាទី និងមានល្បឿនអតិបរម៉ា ៣២០ គីឡូម៉ែត្រ/ម៉ោង។

គួរបញ្ជាក់ផងដែរថា នៅពេល Ferrari Roma ចេញលក់ដំបូងមានតម្លៃចាប់ផ្តើមប្រហែល ២១៨ ៦៧០ ដុល្លារ ហើយតម្លៃបន្ទាប់ពីការអាប់ដេតជម្រើសមានចាប់ពី ២៧០ ០០០ ដុល្លារដល់ ៣១០ ០០០ ដុល្លារ៕

Sponsored