ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ រថយន្តគ្រួសារ ពេលបង់ពន្ធផ្លូវ គិតលើទំហំម៉ាស៊ីន និងឆ្នាំផលិត! ចុះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញវិញ គេគិតលើអ្វី?

រថយន្តគ្រួសារ ពេលបង់ពន្ធផ្លូវ គិតលើទំហំម៉ាស៊ីន និងឆ្នាំផលិត! ចុះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញវិញ គេគិតលើអ្វី?

ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ សម្រាប់រថយន្តប្រភេទគ្រួសារ ដែលមានដូចជា ប្រភេទ ស៊ីដេន SUV និង ភីកអាប់ជាដើមនោះ គឺគិតលើទំហំស៊ីឡាំងរបស់ម៉ាស៊ីនរថយន្ត និងឆ្នាំផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែករថយន្តដឹកអ្នកដំណើរ គេគិតលើវិធី២យ៉ាង៖

ទី១ បើរថយន្តនោះ មានឆ្នាំផលិតដល់ត្រឹម ៥ឆ្នាំ គេក៏គិតលើទំហំស៊ីឡាំងផងដែរ ដែលត្រូវបង់ចាប់ពី ១៥ម៉ឺនរៀល រហូតទៅដល់ ២លានរៀល តាមប្រភេទទំហំស៊ីឡាំង ដល់ ១៥០០cc និងរហូតដល់លើសពី ៤០០០cc ឡើងទៅ។

ទី២ បើរថយន្តដឹកអ្នកដំណើរនោះ មានឆ្នាំផលិតលើសពី ៥ឆ្នាំ គឺគេគិតលើចំនួនកៅអីវិញ ក្នុងនោះចំនួនដល់ ១៥កៅអី ត្រូវបង់ ១៥ម៉ឺនរៀល, ពី ១៦ ដល់ ២៥កៅអី ត្រូវបង់ ២០ម៉ឺមនរៀល និងលើសពី ២៥កៅអីឡើងទៅ ត្រូវបង់ ២៥ម៉ឺនរៀល។

ដោយឡែកសម្រាប់រថយន្តដឹកទំនិញវិញ ការបង់ពន្ធផ្លូវគឺគិតលើទម្ងន់សរុប រួមមាន៖

-ទម្ងន់ដល់ ៣តោន បង់២០ម៉ឺនរៀល

-លើសពី ៣តោន ដល់ ១០តោន បង់ ៥០ម៉ឺនរៀល

-លើសពី ១០តោន ដល់ ២០តោន បង់ ១លានរៀល

-និងលើសពី ២០តោនឡើងទៅ បង់ ២លានរៀល។

សូមជម្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ធ្វើឡើងពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រោយពេលបង់រួច ម្ចាស់យានយន្ត ត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធ និងលតាបត្របង់ពន្ធ។ ក្នុងនោះលតាបត្រ ត្រូវបិទភ្ជាប់ជាមួយនឹងយានយន្តតែម្តង ចំណែកបង្កាន់ដៃទទួលប្រាក់ពន្ធ អាចរក្សាទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់។

ចំពោះការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ សម្រាប់រថយន្តថ្មីដែលត្រូវចុះបញ្ជីលើកដំបូង គឺម្ចាស់រថយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន ២សន្លឹក តាមទម្រង់ VT 001 ដោយភ្ជាប់មកជាមួយឯកសាររួមមាន បណ្ណសម្គាល់យានយន្ត និងអត្តសញ្ញាណបណ្ណ ព្រមទាំងឆៀកផងដែរចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ ចំណែករថយន្តដែលធ្លាប់បង់ពន្ធតាំងពីឆ្នាំមុនៗមក ដែលមានចុះបញ្ជីក្នុងប្រព័ន្ធគ្រប់គ្រងពន្ធរបស់អគ្គនាយកដ្ឋានពន្ធដាររួចជាស្រេចទៅហើយនោះ អាចប្រើឯកសារមួយណាក៏បានដែរ ដូចជា បណ្ណសម្គាល់ការបង់ពន្ធ ឬ បណ្ណសម្គាល់យានជំនិះ ឬបង្កាន់ដៃទទួលប្រាក់ពន្ធ ឬលតាបត្របង់ពន្ធផ្លូវឆ្នាំចាស់ សម្រាប់ឲ្យមន្រ្តីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងពន្ធ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម