[ចំណេះដឹងយានយន្ត] នេះគឺជាសំនួរដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមនុស្សជាច្រើនមានការងឿងឆ្ងល់ថានឹងមានអ្វីកើតឡើង? យោងតាមការសិក្សារបស់ពួកយើងអំពីម៉ាស៊ីនទាំងពីរប្រភេទ ថ្ងៃនេះក្រុមការងារខេមបូ អូតូនឹងផ្ដល់ចម្លើយមួយ សម្រាប់បងប្អូនទាំងអស់គ្នាអោយបានដឹង៖
- ចំពោះការចាក់ប្រេងម៉ាស៊ូតទៅក្នុងម៉ាស៊ីនសាំង
នៅពេលអ្នកចាក់ប្រេងម៉ាស៊ូតទៅក្នុងម៉ាស៊ីនសាំង នោះម៉ាស៊ីននឹងមិនអាចបញ្ឆេះបានទេ មូលហេតុសាមញ្ញគឺប្រេងម៉ាស៊ូតមិនងាយភាយជាចំហាយ ហើយវានឹងមិនងាយលាយចូលជាមួយខ្យល់។ តាមការពិតទៅ វាមិនអាចទៅរួចនោះទេដើម្បីបង្កើតល្បាយឥន្ធនៈម៉ាស៊ូត និងខ្យល់ (diesel-air mixture) ដោយប្រើកាបួរ៉ាទ័រ (carburetor) ឬប៉ិចបាញ់ឥន្ធនៈ (fuel injector) ដូចនេះវាមានន័យថាអ្នកបង្កើតផ្កាភ្លើងទៅបញ្ឆេះល្បាយខ្សត់ឥន្ធនៈ (poor quality mixture) នោះគឺវាមិនអាចបង្កើតចំហេះក្នុងម៉ាស៊ីនបានទេ។
- ចំពោះការចាក់ប្រេងសាំងទៅក្នុងម៉ាស៊ីនម៉ាស៊ូត
ប្រសិនបើអ្នកច្រឡំចាក់សាំងចូលក្នុងម៉ាស៊ីនម៉ាស៊ូត ពេលនោះម៉ាស៊ីនបាញ់ប្រភេទឥន្ធនៈដែលមានបំភាយខ្លាំង ទៅក្នុងបន្ទប់ចំហេះដែលមានខ្យល់ក្ដៅបំណែន ករណីនេះវានឹងធ្វើឲ្យមានការផ្ទុះឆេះមុនពេលកំណត់ និងធ្វើឲ្យម៉ាស៊ីនដំណើរការខុសប្រក្រតី បន្ទាប់មកវានឹងបង្កធ្វើឲ្យគ្រឿងបង្គុំម៉ាស៊ីនខូចខាត។ លើសពីនេះទៅទៀត ប្រេងម៉ាស៊ូតមានមុខងារជួយរំអិលគ្រឿងក្នុងស្នប់ឥន្ធនៈ ឬបូមប្រេង (fuel pump) និងប្រព័ន្ធបាញ់ឥន្ធនៈ (injection system)។ នៅពេលដែលអ្នកចាក់សាំងទៅក្នុងម៉ាស៊ីនម៉ាស៊ូត ដែលប្រេងសាំងមិនអាចផ្ដល់ភាពរំអិលទៅឲ្យគ្រឿងបង្គុំដែលបានរៀបរាប់ខាងលើ នឹងបង្កឲ្យគ្រឿងបង្គុំប្រព័ន្ធស្នប់ឥន្ធនៈខូចខាត។
សរុបសេចក្តីមកគឺមានបញ្ហាច្រើនណាស់នឹងកើតឡើង ប្រសិនបើអ្នកច្រឡំចាក់ប្រេងសាំងទៅក្នុងម៉ាស៊ីនម៉ាស៊ូត៕