
ក្រុមហ៊ុន Nissan បានបញ្ជាក់ប្រាប់គេហទំព័រសារព័ត៌មាន Motor1.com ក្នុងប្រទេសជប៉ុនថារថយន្ត Nissan GT-R ជំនាន់ក្រោយនឹងមិនមែនជារថយន្តប្រើអគ្គិសនីសុទ្ធឡើយ ហើយក៏បានច្រានចោលនូវពាក្យចចាមអារ៉ាមទាំងឡាយដែលថារថយន្ដ “Godzilla” ស៊េរីថ្មីនឹងប្រើថាមពលអាគុយ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសូម្បីតែក្រុមហ៊ុន Nissan ខ្លួនឯងក៏មានចំណែកខ្លះដែរក្នុងការធ្វើឲ្យមានពាក្យចចាមអារ៉ាមទាំងនោះកើតឡើង។ កន្លងមកក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះបានដាក់បង្ហាញរថយន្តគំរូឈ្មោះថា Hyper Force កាលពីឆ្នាំ ២០២៣ ដោយបានពិពណ៌នាថាវាជារថយន្តស្ព័រអគ្គិសនីសុទ្ធ ដែលមានសមត្ថភាពខ្ពស់ ផលិតក្នុងគោលបំណងផ្ដល់នូវភាពរីករាយបំផុតក្នុងការបើកបរ ព្រមទាំងផ្ដល់នូវប្រសិទ្ធភាពខ្ពស់ក្នុងការជួយដល់បរិស្ថាន និងភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
ហេតុដូច្នេះហើយបានគេសន្មត់ថារថយន្ត GT-R ជាម៉ូឌែល (Iconic) បានផ្ដល់នូវសមត្ថភាពដ៏អស្ចារ្យ និងភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃដ៏សមរម្យ អស់រយៈពេលជិត ៦០ ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ខ្លួន អាចនឹងជាប្រភេទរថយន្ដអគ្គិសនីសុទ្ធ។ យោងការបង្ហាញខ្លួននៃរថយន្តអគ្គិសនីគំរូ រួមជាមួយនឹងការសម្រេចចិត្តបញ្ឈប់ការផលិតរថយន្ត R35 GT-R បានធ្វើមានវែកញែកជាច្រើនកើតឡើងនៅលើប្រព័ន្ធអុីនធឺណិត ប៉ុន្តែនៅពេលនេះអ្វីៗត្រូវបានបញ្ចប់ហើយ បន្ទាប់ពីក្រុមហ៊ុន Nissan ចេញមុខមកបញ្ជាក់អំពីរឿងនេះ។
ចំពោះរថយន្ត GT-R ជំនាន់ក្រោយ (R36) កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ នឹងមិនមែនជារថយន្តអគ្គិសនីសុទ្ធឡើយ។ យោងតាមលើកឡើងរបស់លោក Richard Candler ប្រធានផ្នែកយុទ្ធសាស្ត្រផលិតផលសកលរបស់ Nissan បានប្រាប់ទៅកាន់សារព័ត៌មាន Motor1 ថា៖«ខ្ញុំគិតថាអ្វីដែលយើងបានឃើញរហូតមកដល់ពេលនេះ គឺរថយន្តស្ព័រអគ្គិសនីមិនសូវទទួលបានការពេញនិយមខ្លាំងនោះទេ។ ខ្ញុំជឿថា រឿងវាអាចនឹងកើតឡើងនៅពេលដែលបច្ចេកវិទ្យាអាគុយមានការវិវឌ្ឍទៅមុខមួយកម្រិតទៀត ប៉ុន្តែសមាសធាតុគីមីលីចូម (Lithium) នាពេលបច្ចុប្បន្ន មិនទាន់មានសមត្ថភាពអាចផលិតរថយន្តដែលមានលក្ខណៈពិសេសដូចជាម៉ូឌែល GT-R បាននៅឡើយទេ។ យើងនឹងមិនប្រើប្រាស់អាគុយសុទ្ធ សម្រាប់រថយន្ដជំនាន់ក្រោយនោះទេហើយវាក៏គ្មានផ្លូវឡើយសម្រាប់រឿងនេះ»។
បើយោងតាមលើកឡើងពីសំណាក់ប្រធានផ្នែកយុទ្ធសាស្ត្រផលិតផលសកលរបស់ Nissan មូលហេតុដោយសារពួកគេយល់ថា បច្ចេកវិទ្យាអាគុយនាពេលបច្ចុប្បន្ននៅមិនទាន់ល្អគ្រប់គ្រាន់ក្នុងការផ្ដល់នូវបទពិសោធន៍បើកបរដ៏អស្ចារ្យដូចម៉ូឌែល “Godzilla” ធ្លាប់មាននោះទេ។ ម្យ៉ាងវិញទៀតទីផ្សាររថយន្តស្ព័រអគ្គិសនីសុទ្ធ ក៏មិនទាន់មានតម្រូវការខ្លាំងនៅឡើយ៕
















