ទីបំផុត Tesla បើកទទួលការកក់រថយន្តអគ្គិសនីសុទ្ធ Tesla Semi Truck សាកថ្មម្តងជិះបាន ៨០០ គីឡូម៉ែត្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការបើកការបញ្ជាទិញទុកមុនសម្រាប់រថយន្តប្រភេទដឹកទំនិញ Tesla Semi Truck ជាមួយតម្លៃចាប់ផ្តើមពី ២០ ០០០ ដុល្លារ។ ក្នុងនោះ ក្រុមហ៊ុនតម្រូវឲ្យរបង់ប្រាក់ចំនួន ៥ ០០០ ដុល្លារភ្លាមៗនៅពេលកក់ និងបន្ថែម ១៥ ០០០ ដុល្លារ ក្នុងរយៈពេល ១០ ថ្ងៃ ដើម្បីរក្សាការបញ្ជាទិញនេះ។

Tesla គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដំបូងគេដែលក្រុមហ៊ុនកំពុងដាក់បង្ហាញរថយន្តដឹកទំនិញអគ្គិសនីសុទ្ធគឺ Tesla Semi ចាប់តាំងពីឆ្នាំ ២០១៧ ហើយត្រូវបានចំណាយពេលជាង ៥ ឆ្នាំដើម្បីរៀបចំលក់រថយន្តដឹកទំនិញអគ្គិសនីសុទ្ធនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការដឹកជញ្ជូនរថយន្តអគ្គិសនីសុទ្ធ Tesla Semi នឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ ដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងខែមេសាឆ្នាំនេះថា ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏ធំសម្រាប់ក្រុមហ៊ុន Tesla ជាមួយការដឹកជញ្ជូនចែកចាយរថយន្តអគ្គិសនីរួមទាំង Cybertruck និង Roadster ផងដែរ។

Tesla Semi នឹងត្រូវបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ​ផ្គួបជាមួយអាគុយទំហំ​ចាប់ពី ១០០ គីឡូវ៉ាត់ម៉ោង ទៅ ៥០០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយប្រហែល ៨០៤ គីឡូម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០​ គីឡូម៉ែត្រ ត្រឹមរយៈពេលតែ ២០ វិនាទីប៉ុណ្ណោះ។

បន្ថែមពីនេះ នាយកប្រតិបត្តិ Tesla លោក Elon Musk បាននិយាយថា រថយន្ត Tesla Semi នឹងមានមកស្តង់ដារជាមួយនឹងប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ Tesla Autopilot នៅលើផ្លូវ highways ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម