មេធំ Toyota និយាយថាការបត់ទៅរថយន្តអគ្គិសនីទាំងស្រុង អាចធ្វើឲ្យមនុស្សរាប់លានបាត់បង់ការងារ

នាយកជាន់ខ្ពស់ Toyota លោក Akio Toyoda បានព្រមានថាការងារជាច្រើនកន្លែងក្នុងឧស្សាហកម្មយានយន្តនឹងត្រូវប្រឈមមុខនឹងហានិភ័យ ប្រសិនបើរដ្ឋាភិបាលជប៉ុនចង់សម្រេចមហិច្ឆតាប្រើប្រាស់រថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានសុទ្ធ។

លោក Toyoda បានពន្យល់ថាប្រទេសជប៉ុនគឺជាប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចេញ ហើយក្នុងមួយឆ្នាំប្រទេសនេះមានផលិតរថយន្តប្រមាណ ១០លានគ្រឿង ដែលពាក់កណ្ដាលគឺជារថយន្តដែលត្រូវនាំចេញទៅទីផ្សារបរទេស។ នៅត្រឹមឆ្នាំ២០៣០ ចំនួនផលិតនៅប្រទេសជប៉ុនអាចនឹងបន្តមានប្រមាណ ៨លានគ្រឿងក្នុងមួយឆ្នាំ ដែលជាប្រភេទរថយន្តពីស្តុង ប្រភេទ Hybrid និងជាប្រភេទ PHEV ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រសិនបើរថយន្តប្រភេទទាំងនេះត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលប្រទេសជប៉ុនក្នុងគោលបំណងលុបបំបាត់រថយន្តបំពុលបរិស្ថាន នោះឧស្សាហកម្មយានយន្តនឹងត្រូវខាតបង់ធ្ងន់ ដែលបង្ខំឲ្យក្រុមហ៊ុនត្រូវសម្រេចចិត្តរើការផលិតទៅក្រៅប្រទេស ឬបញ្ចប់ការផលិតតែម្ដង។

មិនថាមានការសម្រេចចិត្តបែបណានោះទេ ការងារចំនួន ៥,៥លានកន្លែងក្នុងឧស្សាហកម្មយានយន្តជប៉ុនគឺច្បាស់ជាត្រូវប្រឈមនឹងហានិភ័យ។

ដោយឡែកលោក Toyoda ក៏បានលើកឡើងជាដំណោះស្រាយផងដែរ ដោយលោកបានលើកឡើងថាការឆ្ពោះទៅកាន់ការលុបបំបាត់រថយន្តបំពុលបរិស្ថានអាចអនុវត្តន៍អាស្រ័យទៅតាមស្ថានភាពប្រទេសនីមួយៗ ហើយជាពិសេសទៀតនោះគឺគួរតែមានការផ្ដល់សេរីភាពលើបច្ចេកវិទ្យាដែលត្រូវប្រើដើម្បីសម្រេចបានគោលដៅនេះ។

នាយកជាន់ខ្ពស់រូបនេះបានបន្ថែមថារថយន្ត Hybrid នៅតែអាចចូលរួមចំណែកធំ​ក្នុងដំណើរនេះ ដោយសារតែវាមានតម្លៃធូរថ្លៃជាងរថយន្តអគ្គិសនី ហើយជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យា Hybrid ធ្វើឲ្យរថយន្ត Hybrid កាន់តែសាយភាយឧស្ម័នពុលតិចទៅៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម