លក់ដាច់ពេក! ORA Good Cat ផ្អាក​ការ​កក់​ទុក​ជា​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​ថៃ​ចាប់ពីថ្ងៃនេះតទៅ ដោយសារ​កង្វះ​បន្ទះ​ឈីប​

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការប្រកាសថា ខ្លួននឹងឈប់ទទួលការកក់ទុកសម្រាប់រថយន្តអគ្គិសនី ORA Good Cat ទាំង៣ម៉ូដែលរួមមាន​ 400 TECH, 400 PRO និង 500 ULTRA ដោយសារតែកង្វះបន្ទះឈីប និងអាគុយដែលប៉ះពាល់ដល់បរិមាណផលិតកម្មបច្ចុប្បន្ន ចាប់ផ្តើមពីម៉ោង ០០.00 ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ តទៅ។

ក្នុងនោះ ក្រុមហ៊ុន Great Wall Motor ប្រចាំនៅប្រទេសថៃ បានបញ្ជាក់ថា រថយន្តអគ្គិសនី ORA Good Cat បច្ចុប្បន្នមានការកក់ទុកជាង ៣ ៥០០ គ្រឿងដែលកំពុងរង់ចាំការដឹកជញ្ជូន ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងដើម្បីពន្លឿនការដឹកជញ្ជូនជាបណ្តើរៗដល់អតិថិជន។ ប៉ុន្តែដោយការវាយតម្លៃលទ្ធភាពនៃការចែកចាយជាមួយនឹងបរិមាណកក់ដែលកើនឡើងនាពេលបច្ចុប្បន្ន រួមទាំងផលប៉ះពាល់យ៉ាងខ្លាំងនៃស្ថានភាព Covid-19 ជុំវិញពិភពលោក និងប្រទេសចិន ដោយ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាត​បន្ទះ​ឈីប និង​អាគុយជា​សាកល​តាំង​ពី​ឆ្នាំ​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលបានកក់ទុក ORA Good Cat នៅមុនកាលបរិច្ឆេទ និងពេលវេលានៃការប្រកាសជាផ្លូវការបានឈប់ទទួលការកក់ទុក ក្រុមហ៊ុន Great Wall Motor Thailand នឹងសហការជាមួយដៃគូរ ដើម្បីដឹកជញ្ជូនរថយន្តជូនអតិថិជនជាបណ្តើរៗ ឲ្យបានឆាប់តាមដែលអាចធ្វើបាន ស្របតាមពេលវេលាដែលបានបញ្ជាក់ដោយ ក្រុមហ៊ុន អតិថិជនដែលត្រូវបានចែកចាយនឹងមិនរងផលប៉ះពាល់តាមមធ្យោបាយណាមួយឡើយ ពីការឈប់ទទួលការកក់បែបនេះ។

គួរឲ្យដឹងថា កាលពីមុនក្រុមហ៊ុន Great Wall Motor Thailand ទើបតែបានកែសម្រួលតម្លៃលក់រថយន្តអគ្គិសនី ORA Good Cat បញ្ចុះតម្លៃ ៤ ៧៥២ ដុល្លារក្នុងមួយម៉ូដែល ចាប់តាំងពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ ដែលជាលទ្ធផលនៃវិធានការគាំទ្រការប្រើប្រាស់ និងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ ដំណាក់កាលទី១ ជាលទ្ធផល តម្លៃលក់ត្រូវបានកាត់បន្ថយមកនៅត្រឹម ២៤ ៥២៩ ដុល្លារ ដល់ ៣០ ៧៤៧ ដុល្លារ ពីតម្លៃលក់ដើម ២៩ ២៨៦ ដុល្លារ ដល់ ៣៥ ៥០៤ ដុល្លារ ហើយរថយន្តជាង ១,១០៨ គ្រឿងត្រូវបានចែកចាយចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម